ថៃ៖ ស្ថានភាពជំងឺ របស់តារាសម្តែងប្រុស ដ៏ល្បីរបស់ប្រទេសថៃ “Por” Thridsadee Sahawong គឺនៅតែជាប្រធានបទមួយ ដែលទទួលបានការតាមដាន និងយកចិត្តទុកដាក់ ពីសំណាក់មហាជន ជាពិសេសអ្នកដែលគាំទ្រ តារារូបនេះតែម្តង ទាំងក្នុងនិងក្រៅប្រទេស តែយ៉ាងណាមិញ នាពេលថ្មីៗនេះ ស្ថានភាពរបស់គេ គឺនៅតែស្ថិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរដដែល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែង Por ដែលសន្លប់មិនដឹងខ្លួន អស់រយៈពេលជាង ១ខែមកហើយនោះ ពេលនេះនៅតែស្ថិតនៅ ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ បើទោះជាក្រុមគ្រូពេទ្យ ទើបតែធ្វើការវះកាត់ យកចេញនូវសួតខាងឆ្វេង របស់គេកាលពីម្សិលមិញ ហើយក៏ដោយ។

ផ្អែកលើសេចក្តីថ្លែងការណ៍ របស់មន្ទីរពេទ្យ Ramathibodi ដែលបានចេញ កាលពីម្សិលមិញនេះ បានឲ្យដឹងថា “ក្រុមគ្រូពេទ្យបានសម្រេច យកចេញនូវសួតខាងឆ្វេងរបស់ Por បន្ទាប់ពីវាត្រូវបាន ទឹកចូលយ៉ាងធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាល ដោយសារតែមានការ ឆ្លងរោគយ៉ាងធ្ងន់ធ្ងរ ពីសួតខាងស្តាំ របស់គេរួចមក”។

ជាមួយគ្នានេះដែរ គ្រូពេទ្យក៏បានបញ្ជាក់ថា ចង្វាក់បេះដូងរបស់ Por ពេលនេះគឺមានដំណើរនឹងនរ រីឯចរន្តសរសៃភ្នែក ក៏មានស្ថានភាពប្រក្រតីផងដែរ តែការផ្តល់ថ្នាំគឺតម្រូវ ឲ្យមានការបង្កើនថែមទៀត ដើម្បីសម្រួលសម្ពាធឈាម ។ បន្ថែមពីនេះទៀត Por ក៏ត្រូវការ ចាក់បញ្ចូលឈាម និងការលាងសម្អាតតម្រងនោម ឲ្យបានទៀងទាត់ ហើយក្នុងនោះ រូបគេក៏កំពុងតែ ស្ថិតនៅក្រោមការ តាមដានយ៉ាងដិតដល់ ពីសំណាក់ក្រុមគ្រូពេទ្យ ជំនាញផ្នែកបេះដូង ផងដែរ។

គូសបញ្ជាក់ផងដែរថា កាលពីខែមុន ប្រអប់ជើងឆ្វេងរបស់ Por ត្រូវបានគ្រូពេទ្យសម្រេច កាត់ចោលរួចទៅហើយ ដើម្បីការពារកុំឲ្យមេរោគសាយភាយ ចូលក្នុងរាងកាយ ហើយកាលពីម្សិលមិញនេះ ក្រុមគ្រូពេទ្យក៏បានវះកាត់យកចេញនូវសួតខាងឆ្វេង របស់គេបន្ថែមទៀត ដើម្បីការពារជិវិត។

យើងក៏នឹងសង្ឃឹមថា Por តារាសម្តែងដ៏ពេញនិយមម្នាក់នេះ អាចនឹងមានអាការៈ ប្រសើរឡើងវិញ និងអាចជាសះស្បើយ ពីជំងឺដ៏អាក្រក់អាក្រី មួយនេះ៕



តារាសម្តែងដ៏ពេញនិយម របស់ថៃ Por Thridsadee Sahawong

ប្រភព៖ បាងកក ខូខូណាត់

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]