បរទេស៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ក៏ដូចជាអ្នកដឹកនាំកំពូល របស់សហព័ន្ធបាល់ទាត់ Fifa ចំនួន២រូបត្រូវបាន តុលាការសម្រេចដាក់បម្រាម មិនឲ្យពួកគេលូកដៃ ឬក៏ធ្វើសកម្មភាពណាមួយ ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ រហូតដល់ទៅ៨ឆ្នាំឯណោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក Sepp Blatter ប្រធានាធិបតីរបស់ Fifa រួមនឹងលោក Michel Platini ប្រធានរបស់ UEFA ត្រូវបានតុលាការនៃ អាជ្ញាកណ្តាលផ្នែកកីឡា ហៅកាត់ CAS បានសម្រេចដាក់បម្រាម ពួកគាត់ទាំង២ មិនឲ្យលូកដៃ ឬក៏ធ្វើសកម្មភាពណាមួយ ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ បន្ទាប់ពីមានការរកឃើញមានទោសកំហុស ក្នុងការបំពានប្រព័ន្ធច្បាប់ផ្នែកសីលធម៌ ជុំវិញការបង់ប្រាក់ដោយមិនស្មោះត្រង់ ដែលមានតម្លៃជាង ២លានដុល្លារអាមេរិករួចមក។

លោក Greg Dyke ប្រធានសហព័ន្ធកីឡាបាល់ទាត់ បាននិយាយថា “សហព័ន្ធរបស់យើង មិនបានដឹងរឿងអាស្រូវ ទាក់ទងនឹងលោក Platini ឡើយ ហើយយើងពិតជាអស់សង្ឃឹមខ្លាំងណាស់ តាមពិតទៅយើងធ្លាប់ គិតថាគាត់គឺអាច បំពេញការងារបានល្អ ក្នុងតួនាទីជាប្រធានរបស់ UEFA តែធាតុពិតគឺមិនមែនឡើយ”។

យ៉ាងណាមិញលោក Platini និងលោក Blatter ក៏មានគម្រោងនឹងធ្វើការ ប្តឹងឧទ្ធរណ៍ ជុំវិញការសម្រេចចិត្តរបស់ តុលាការនៃអាជ្ញាកណ្តាលផ្នែកកីឡា ដែលបានធ្វើការដាក់បម្រាមទៅលើ រូបគាត់បែបនេះផងដែរ ដោយក្នុងនោះពួកគាត់ទាំង២ បានបដិសេធថាខ្លួនមិនបានធ្វើអ្វីខុសនោះឡើយ។

គូសបញ្ជាក់ផងដែរថា ក្រោយពីមានការសម្រេច ដាក់បម្រាមបែបនេះរួចមក Fifa នឹងធ្វើការសម្រេច ជ្រើសរើសបេក្ខជនម្នាក់ ក្នុងចំណោម៥នាក់ ដើម្បីមកជំនួសតំណែងរបស់លោក Sepp Blatter នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។ ចំពោះករណីនេះ បានកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើល ក៏ដូចជាមានការរង្គោះរង្គើយ៉ាងខ្លាំង នៅក្នុងវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់នេះតែម្តង៕


លោក Sepp Blatter និងលោក Michel Platini ជាប់បម្រាមក្នុងកីឡាបាល់ទាត់ រយៈពេល៨ឆ្នាំ

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]