ភ្នំពេញ ៖ បុរសជាកម្មករ សំណង់ម្នាក់ ផឹកស៊ីស្រវឹង ហើយត្រូវម្តាយក្មេក ស្តីបន្ទោស បន្តិចបន្ទូច បែបតូចចិត្តក៏រត់ទៅលោត ទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សចាស់ គល់ស្ពានត្រើយខាងលិច ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ ប៉ុន្តែបុរសនេះ ពេល លោតចុះទៅក្នុងទឹកនោះ បែរជាមិនចូលក្នុងទឹក បែរជាចំដីគោកលើច្រាំងទៅវិញ បណ្តាលរូបគេ បាក់ចង្កេះរងរបួសធ្ងន់ធ្ងរ។

បុរសរងគ្រោះខាងលើនេះ មានឈ្មោះ យស់ យៀប អាយុ ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុក កំណើតនៅខេត្តព្រៃវែង។ ពេលប្រពន្ធបុរសចិត្តខ្លាំង បានមកដល់កន្លែងកើតហេតុបាននិយាយថា មុនប្តីរបស់នាងហ៊ាន មក លោតទឹកសម្លាប់ខ្លួននេះ គឺខណៈប្តីនាងបានផឹកស្រាជាមួយមិត្តភក្តិនៅ ក្នុងការដ្ឋាន សំណង់ ហើយក្រោយពីផឹក ស៊ីស្រវឹងហើយនោះ ក៏ទាស់ពាក្យសំដីជាមួយនិង ម្តាយបង្តើត របស់ នាង រហូតឈានដល់ការស្តីបន្ទោស និងស្រែកគំហកដាក់គ្នាថែមទៀតផង។

ស្រ្តីជាប្រពន្ឋ បានបន្តថា បន្ទាប់ពីម្តាយរបស់នាងស្តី បន្ទោសហើយនោះ ប្តីនាងបានដើរចេញពីការដ្ឋានទាំងទឹកមុខមិនសប្បាយចិត្ត។ ប៉ុន្តែពេលប្តីនាងដើរចេញនោះ រូបនាងមិនបានចាប់អារម្មណ៍ថា គាត់ទៅណាទេ។ លុះប្រហែល១ម៉ោង ក្រោយមក ស្រាប់តែមានគេមកប្រាប់ថាប្តីនាងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុនីវង្សចាស់បាត់ទៅហើយ។

សាក្សីដែលបានឃើញហេតុ ខាងលើនេះ បានបន្តថា មុនពេលកើតហេតុនោះ គេបានឃើញបុរសរងគ្រោះ ដើរឡើងលើស្ពានព្រះមុនីវង្សចាស់ទាំងទឹកមុខក្រៀមក្រំ ហាក់ដូចជាមានវិបត្តិក្នុងចិត្ត។ ហើយពេលដើរជិះដល់ ពាក់កណ្តាលស្ពាន ស្រាប់បុរសឈ្មោះ យស់ យៀប នេះបានឡើងលើបង្កាន់ដៃហក់ចុះក្រោមគ្មានបានឃាត់ទាន់ ឡើយ ។ ប៉ុន្តែបុរសនេះមិនបានហក់ចូលទឹកទន្លេទេ បែរជាហក់ទៅចំដើរឈើនិងដីនៅក្រោមស្ពានទៅវិញ ដែល បណ្តាលឲ្យរបួសបាក់ចង្កេះ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។ ពេលនោះដែរ នគរបាលយាមនៅស្ពានព្រះមុនីវង្សបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំយកតម្រាប់ តាមបុរសម្នាក់នេះឲ្យសោះ ព្រោះការលោតទឹកធ្វើអត្តឃាត ឬការធ្វើអត្តឃាត បែបណាក៏ដោយ វាគឺជាភាពល្ងង់ខ្លៅរបស់មនុស្ស ព្រោះគ្រប់បញ្ហាមនុស្សតែងតែដោះស្រាយគ្រប់យ៉ាង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]