ចិន៖ កំពូលកីឡាករបាល់ទាត់ ជនជាតិប្រេស៊ីល លោក រ៉ូណាល់ដូ គ្រោងនឹងបើកសាលាហ្វឹកហ្វឺនបង្ហាត់បាល់ទាត់ នៅទីក្រុងចំនួន៣ ក្នុងប្រទេសចិន នៅបំណាច់ឆ្នាំ២០១៥នេះ ។

យោងទៅតាម លោក Paulo Swerts ដែលនឹងក្លាយជាអ្នកគ្រប់គ្រង សាលាបង្ហាត់បាល់ទាត់របស់លោក រ៉ូណាល់ដូ នៅក្នុងប្រទេសចិន ទាំង៣កន្លែងនោះ មានប្រសាសន៍ថា “សាលារបស់យើងដំបូង នឹងមានទីតាំងស្ថិតនៅក្នុងទីក្រុង ប៉េកាំង ទីក្រុងស៊ៀងហៃ និងទីក្រុងមៀនយ៉ាង ហើយសាលាទាំងនោះ នឹងចាប់ផ្តើមបើក ចាប់ពីខែធ្នូនេះទៅ” ។

បើផ្អែកតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក រ៉ូណាល់ដូ រួមនឹងវត្តមានរបស់ ដៃគូជំនួញ និងមហាសេដ្ឋីប្រស៊ីល លោក Carlos Wizard Martins បានធ្វើដំណើរទៅដល់ ទីក្រុងមៀនយ៉ាង ប្រទេសចិន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ សម្រាប់ព្រឹត្តិការណ៍លើកស្ទួយវិស័យកីឡាបាល់ទាត់ ដែលត្រូវបានគេប្រារព្ធឡើង នៅក្នុងសាលាមជ្ឈិមក្នុងស្រុកមួយកន្លែង ។

កីឡាករបាល់ទាត់ ដ៏ឆ្នើមនិងប៉ិនប្រសប់ របស់ពិភពលោក វ័យ៣៩ឆ្នាំរូបនេះ បានលាលែងពីអាជីពនៅក្នុងឆ្នាំ២០១១ ហើយបានប្រកាសនូវគម្រោងរបស់លោក ដែលនឹងបើកសាលាបង្ហាត់បាល់ទាត់ ចំនួន៣០កន្លែង ក្នុងប្រទសចិន ក្នុងគោលបំណងលើកស្ទួយមុខមាត់ និងកំរិតស្តង់ដារនៃកីឡា ប្រចាំប្រទេសដែលមានប្រជាជនច្រើនមួយនេះ ។ លោកបានមានប្រសាសន៍ថា “ក្រៅពីកត្តាជំនួញ ហេតុផលចំបងរបស់ខ្ញុំ ក្នុងការបើកសាលាបង្ហាត់កីឡាបាល់ទាត់ នៅក្នុងប្រទេសចិន ព្រោះមានអ្នកគាំទ្រ​និងមានកីឡាករបាល់ទាត់ជាច្រើននៅក្នុងប្រទេសនេះ ហើយរាជរដ្ឋាភិបាលចិន រួមទាំងអង្គការសង្គមស៊ីវិល ក៏បាននិងកំពុងតែយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យបាល់ទាត់នេះផងដែរ។ ខ្ញុំសង្ឃឹមថា វិធីសាស្រ្តបង្ហាត់បង្រៀនបាល់ទាត់របស់ខ្ញុំ នឹងជួយអភិវឌ្ឍន៍ កីឡាបាល់ទាត់ចិនឲ្យកាន់តែរីកចំរើន។ មួយវិញទៀត ខ្ញុំគិតថាកីឡាបាល់ទាត់របស់ចិន មានវិសាលភាព និងកិត្យានុភាពយ៉ាងធំធេង ប៉ុន្តែវាអាចនឹងខ្វះចន្លោះនូវគោលគំនិតថ្មី និងវិធីសាស្រ្តហ្វឹកហាត់ដែលសមស្រប” ។

មណ្ឌលហ្វឹកហ្វឺន រ៉ូណាល់ដូ ដែលត្រូវបានបង្កើតឡើងរួមគ្នា ដោយលោក រ៉ូណាល់ដូ និងលោក Carlos គ្រោងបើកសាលាបង្ហាត់បាល់ទាត់ សរុប១០០កន្លែង ទូទាំងពិភពលោក ត្រឹមឆ្នាំ២០២០ ដោយរួមមាន​ ប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក និងចិនជាដើម។

គួររំលឹកផងដែរថា អតីតកំពូលកីឡាករបាល់ទាត់ពិភពលោក លោក រ៉ូណាល់ដូ ត្រូវបានមហាជន ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើន ទូទាំងពិភពលោក ស្រឡាញ់ពេញចិត្ត និងកោតសរសើរពីសមត្ថភាពដ៏អស្ចារ្យ នៅលើទីលានប្រកួតរបស់លោក ដោយក្នុងនោះ ភាពល្បីល្បាញរបស់លោករួមមាន ការទទួលបានពានរង្វាន់ កីឡាករបាល់ទាត់ប្រចាំឆ្នាំ នៃព្រឹត្តការណ៍បាល់ទាត់ពិភពលោក FIFA ចំនួន៣លើក កម្មវិធីប្រកួត the Ballon d’Or ចំនួន២លើក កាលពីឆ្នាំ១៩៩៧ និងឆ្នាំ២០០២។

តើការជួយជ្រោមជ្រែង ពីសំណាក់អតីតកីឡាករពិភពលោក ដ៏ឆ្នើមរូបនេះ អាចជួយកែប្រែ ជោគវាសនាក្នុងវិស័យកីឡាបាល់ទាត់ របស់ប្រទេសចិនបានដែរឬទេ?

ប្រភព៖ Shanghaiist

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]