ភ្នំពេញ៖ ក្រុមអ្នកដើរលេងពេលរាត្រីកើតជម្លោះបើករថយន្ត ដេញបុកគ្នា បានជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស ផ្ទុះឆេះសន្ធោសន្ធៅ បណ្តាលឲ្យស្រ្តីម្នាក់ឆេះខ្លោចស្លាប់នៅក្នុងរថយន្ត។ ហេតុការណ៍នេះ កើតនៅម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្បែរស្ថានីយសាំងសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌ ប្ញស្សីកែវ។

រថយន្តទាំងពីរពីរគ្រឿងដែលដេញបុកគ្នានោះមួយម៉ាកឆ្លាម និងមួយគ្រឿងម៉ាក កាមរី០៧។ ស្ត្រីដែលស្លាប់នៅ ក្នុងរថយន្តនោះ គឺជាស្រ្តីជិះក្នុងកាមរី០៧ ចំណែកបុរសជាអ្នកបើកបានរត់ចេញទាន់ពេល។

រថយន្តដែលជិះដេញបុកគ្នា ហើយជ្រុលបុកផ្ទះលក់សាំង និងហ្គាសនេះ រថយន្តកាមរី០៧ ពាក់ស្លាកលេខ៖ 2W-2627 និងរថយន្តឆ្លាមពាក់ស្លាកលេខ៖ 2D-8072 ។

តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿង បានជិះដេញ បុកគ្នាក្នុងល្បឿនលឿនដូចហោះ។ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកហាងលក់ទំនិញ ២៥០០រៀល រួច បន្តទៅបុកហាងលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

ដោយឡែកផ្ទះលក់សាំង និងហ្គាស ដែលរថយន្តជិះបុក ត្រូវបានភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ក្នុង នោះមានម៉ូតូ ៣គ្រឿងផងដែរ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]