ភ្នំពេញ៖ ជនរងគ្រោះ ពីរនាក់ ទំនងជាប្តី ប្រពន្ធ បានបាត់បង់ ទ្រព្យសម្បត្តិ ដូចជា ចិញ្ជៀនពេជ្រ និងកាបូប លុយ ដែលគិតជាទឹកប្រាក់ តាមការសន្និដ្ឋាន ជាជំហានដំបូង ជាង៥០០០ ដុល្លារ ត្រូវបាន ក្រុមចោរប្លន់ មានគ្នាពីរនាក់ ធ្វើសកម្មភាពភ្ជង់ និងប្លន់ កាលពីវេលា ម៉ោងប្រហែល៩ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១២ នេះ ខណៈជនរងគ្រោះទាំងពីរនាក់ បានចេញ ពីហាង តាយ តាយ  ដែលមាន ទីតាំងតាម បណ្តោយផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរង គ្រោះពីរនាក់ ទំនងជាប្តីប្រពន្ធ នឹងគ្នា បានចេញពីហូប អាហារ នៅក្នុង ហាង តាយ តាយ រួចក៏ដើរសំដៅ រថយន្តរបស់ខ្លួន ដែលចតទុកចោល នៅចំហៀងហាង ។

ពេលដើរ មកដល់ រថយន្ត និងហៀបចូលទៅ ក្នុងរថយន្តនោះ ស្រាប់តែលេចមុខ ជនសង្ស័យពីរនាក់ជិះម៉ូតូស៊េរីទំនើប មួយគ្រឿង ហើយបានដកកាំ ភ្លើងភ្ជង់ និងប្លន់យកចិញ្ជៀន ពេជ្រមួយវង់ ពីដៃជនរងគ្រោះ រួមទាំង កាបូបលុយ ដែលជនរងគ្រោះ ស្ពានទៀតផង។

សេចក្តីរាយការណ៍ បានបន្តថា ជនរងគ្រោះម្នាក់ ត្រូវបានក្រុម ចោរ វាយ និងស្វាយកំាភ្លើងខ្លី ត្រង់កញ្ចឹង ក បណ្តាលឲ្យរង របួសទៀតផង ដើម្បីឲ្យ ពួកវា អាចប្លន់យក ទ្រព្យសម្បត្តិនោះ ដោយងាយស្រួល។

បើយោងតាម មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានី ភ្នំពេញ ម្នាក់ដែលចុះទៅ កាន់កន្លែងកើតហេតុភ្លាមៗ បាននិយាយថា ជនសង្ស័យ បានបិទលើស្លាក ម៉ូតូរបស់ពួកវា ដើម្បីកុំឲ្យគេ ស្គាល់លេខស្លាកម៉ូតូ ងាយស្រួល គេចខ្លួន។

ក្រោយកើតហេតុ គេសង្កេតឃើញមាន កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន របស់ខណ្ឌចំការមន ចុះទៅដល់កន្លែង កើតហេតុ ដើម្បីសួរ នាំជនរងគ្រោះ ក្នុងការកំណត់ មុខសញ្ញា តាមចាប់ក្រុមចោរ ប្លន់ទាំងនោះ។

បើយោងតាម សមត្ថកិច្ច ទ្រព្យសម្បត្តិ ដែលត្រូវ បាត់បង់នោះ តាមការសន្និដ្ឋាន ជាជំហានដំបូង គឺជាង៥០០០ដុល្លារ ។ ដោយឡែក ជនរងគ្រោះទាំងពីរនាក់ មិនទាន់ ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីអត្តសញ្ញាណនោះទេ។

សកម្មភាព ប្លន់ប្រដាប់អាវុធ ហាក់បីដូចជាមានការ កើនឡើងក្នុង រយៈពេលចុងក្រោយនេះ បើទោះបី សមត្ថកិច្ចបាន ខិតខំត្រួតពិនិត្យ និងឆែកអាវុធ ជាតិផ្ទុះនៅតាមផ្លូវ ស្ទើរាល់យប់ ក៏ដោយ ប៉ុន្តែលទ្ធផល បានត្រឹមតែ ចាប់អ្នកជិះម៉ូតូ ដែលមានគ្មាន មួក និងកញ្ចក់ប៉ុណ្ណោះ៕

ដោយ៖ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]