ភ្នំពេញ៖ស្រ្តីជាប់សង្ស័យម្នាក់ ត្រូវបានក្រុមសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត ធ្វើការឃ្លាំចាំចាប់ តាំងពីព្រឹក ដល់ល្ងាច បន្ទាប់ពីស្រ្តីរូបនោះ បានចូលបរិវេណ មន្ទីរពេទ្យ ដើរតួធ្វើជាគ្រូពេទ្យស្ម័គ្រចិត្ត ដើរឆបោក ក្រុមគ្រួសារអ្នកជំងឺ ថានាំទៅព្យាបាលមន្តទៅប្រទេសវៀតណាម ឫប្រទេសថៃ តែការពិតពេលទទួលបាន លុយពីអ្នកជំងឺ ហើយគេចខ្លួនបាត់។

ហេតុការណ៍ឃាត់ខ្លួន ស្រ្តីសង្ស័យជំនាញខាងឆបោកនោះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

 លោក ចេង វុត្ថា ប្រធានសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្រ្តីសង្ស័យជំនាញខាងឆបោក ដើរតួធ្វើជាគ្រូពេទ្យស្ម័គ្រចិត្ត ដែលគ្មានកាតសម្គាល់ខ្លួន ឫមានលិខិតស្នាមអ្វីទាំងអស់ នោះឈ្មោះឡុង ស្រីកញ្ញា អាយុប្រហែល ៣០ឆ្នាំ ស្លៀកពាក់ស៊ីវិល មិនមែនស្លៀកពាក់ជាគ្រូពេទ្យឡើយ។

លោក ចេង វុត្ថា បានបន្តទៀតថា កាលពីពេលថ្មីៗនេះ មានស្រ្តីសង្ស័យម្នាក់បានល្បួងក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ ជាក្រុមគ្រួសារអ្នកជំងឺ ដែលមកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដោយបានល្បួងពីមន្ទីរពេទ្យកាល់ម៉ែត ទៅមុខវាំងដោះយកគ្រឿងអលង្ការបានហើយ គេចខ្លួនបាត់ ហើយបន្ទាប់ពីទទួលបានពីភិនភាគ មុខសញ្ញាឆបោក តាមរូបភាពនោះ កម្លាំងសន្តិសុខ មន្ទីរពេទ្យកាល់ម៉ែត ក៏បានដាក់កម្លាំងចាំឃ្លាំមើល មុខសញ្ញារូបនោះ លុះដល់ថ្ងៃទី០៣ ខែសីហា វេលាម៉ោង៨និង៣០នាទី ព្រឹកក៏បានឃើញមុខសញ្ញារូបនោះ ចូលមន្ទីរពេទ្យកាល់ម៉ែតត្រង់មុខអាគារវះកាត់ "ក" ស្ទួន ដើម្បីដើរឆបោក រកក្រុមគ្រួសារអ្នកជំងឺណា ដែលអាចឆបោកបាន ព្រោះ រូបគេដើរតួធ្វើជាគ្រួពេទ្យស្ម័គ្រចិត្ត ឥតព្រំដែនដែលធានាថា នាំអ្នកជំងឺទៅព្យាបាលបន្ត ទៅប្រទេសថៃ ឫប្រទេសវៀតណាម ហើយពេលបានលុយពីក្រុមគ្រួសារ អ្នកជំងឺ ហើយតែងតែគេចខ្លួនបាត់ ប៉ុន្តែនៅព្រឹកកើតហេតុនោះ កម្លាំងសន្តិសុខ ក៏បានឃ្លាំចាំមើលរហូតដល់ ម៉ោង១៦ល្ងាចថ្ងៃដដែល គាប់ជួនមាននារីរងគ្រោះម្នាក់ឈ្មោះ គិត សោភា អាយុ៣៦ឆ្នាំ មុខរបរអ្នកគ្រប់គ្រងរោងចក្រស្នាក់នៅ ម្តុំបឹងក្រពើ ខណ្ឌមានជ័យ ដែលស្រ្តីរងគ្រោះ ត្រូវបានចាញ់ល្បិចឆបោក របស់ស្រ្តីសង្ស័យរូបនោះ នៅមន្ទីរពេទ្យរុស្ស៊ី ដោយស្រ្តីសង្ស័យបានដើរតួធ្វើ ជាគ្រូពេទ្យស្ម័គ្រចិត្តឥតព្រំដែន ព្រោះធានាថា នាំក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលឈឺទៅព្យាលបន្តនៅ ប្រទេសវៀតណាម ហើយពេលទទួលបានលុយ ពីនារីរងគ្រោះចំនួន ២៣០ដុល្លារ ហើយគេចខ្លួនបាត់រហូតមក។

លោកប្រធានសន្តិសុខ ពេទ្យកាល់ម៉ែត បានបន្តទៀតថា នៅថ្ងៃកើតហេតុនេះដែរ គាប់ជួននារីរងគ្រោះគាត់ បានមកមើលបងប្អូន របស់គាត់ឈឺនៅមន្ទីរពេទ្យ កាល់ម៉ែត គាត់បានឃើញស្រ្តីសង្ស័យរូបនោះ គាត់ស្គាល់មុខសញ្ញាធ្លាប់បោកគាត់ យ៉ាងច្បាស់ ក៏ប្តឹង និងសហការជាមួយក្រុម សន្តិសុខពេទ្យធ្វើការឃាត់ខ្លួន ស្រ្តីសង្ស័យរូបនោះ មកសួរនាំតែម្តង។ ប៉ុន្តែស្រ្តីសង្ស័យបានព្យាយាម មិនឆ្លើយពីការពិតឡើយដូច្នេះ ហើយសន្តិសុខក៏បានធ្វើការអប់រំ កុំឲ្យស្រ្តីសង្ស័យរូបនោះ នៅបន្តអាជីពដើរឆបោកប្រាស់ គេឯដូច្នេះតទៅទៀត ហើយក៏អោយវិលត្រឡប់ទៅវិញផងដែរ។

លោក ចេង វុត្ថា បានសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋដែលមកកំដរជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យនានា ប្រយ័ត្នចាញ់កលល្បិច ឆបោកតាមរូបភាព របស់ជនល្មើសបែបនេះ ដែលដើរតួជាគ្រូពេទ្យគ្មានវិជ្ជាជីវៈទាល់តែសោះនោះ។ លោកបានបន្តថា ប្រសិនបងប្អូនមានអ្វីសង្ស័យនោះ សូមរាយការណ៍មកសន្តិសុខ របស់លោកជាបន្ទាន់ ដើម្បីមានវិធានការ៕

ដោយ៖គឹមចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]