កំពង់ចាមៈ  បុរសម្នាក់នឹងស្រ្តីម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដឹកនាំ ដោយ លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ នឹងលោក សោម រស់ ប្រធានការិ យាល័យប្រឆាំងគ្រឿញៀន ធ្វើការបង្ក្រាប នឹងចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នៅចំណុច វាលស្រែ ស្ថិតក្នុងភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ខណៈជនសង្ស័យ ស្រីប្រុសទាំងពី នាក់នោះកំពុងទិញលក់គ្រឿងញៀន។

បើតាមលោក សោម រស់ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធឿន ឆៃហ៊ត់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទី លំនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ហើយជនសង្ស័យរូបនេះ គឺសមត្ថកិច្ចបានចាប់ខ្លួនតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២ និងឈ្មោះ ស្រី ល័ក្ខ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុង ភូមិជាមួយគ្នា ។

លោក សោម រស់ បានឲ្យដឹងទៀតថា ឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដូចខាងលើនេះ ផ្តើម ចេញ ពីកាលពីថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០១២ នៅក្នុងភូមិដដែលនោះ សមត្ថកិច្ចនគរបាលបានបង្រ្កាបគ្រឿង ញៀនមួយករណី ដែលខណៈនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចែកចាយគ្រឿងញៀន ប្តីនឹង ប្រពន្ធ ពីរនាក់។បន្ទាប់មក សមត្ថកិច្ចក៏ទទួលបានតម្រុយពីជនសង្ស័យនោះ ទើបមានការសង្ស័យឈ្មោះ ស្រី ល័ក្ខ ជាអ្នកចែកចាយគ្រឿងញៀន ហេតុដូច្នោះ ក្រោយពេលដែលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឿន ឆៃហ៊ត់ តាមដីការួច សមត្ថកិច្ច បានប្រើវិធានញុះញុង ដោយអោយឈ្មោះ ឆៃហ៊ត់នោះទំនាក់ទំនង ទិញថ្នាំញៀនពីឈ្មោះស្រី ល័ក្ខ ប្រើថវិកាចំនួន៥ម៉ឺនរៀល ឲ្យទៅទិញ ។បន្ទាប់មកនៅពេលដែលពួកកំពុងប្រគល់ ទទួលថ្នាំញៀន នៅចំណុចវាលស្រែ ចម្ងាយពីភូមិជីមាន់ជើងប្រហែល១០០ម៉ែត្រ ទើបសមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនឈ្មោះ ស្រី ល័ក្ខ នៅចំណុចនោះតែម្តង ដែលពេលនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង បានថ្នាំញៀន ១កញ្ចប់តូច ។ ក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចបានបន្តប្រតិបត្តិការទៅឆែកឆេរផ្ទះស្ត្រីឈ្មោះ ល័ក្ខ ក៏រកឃើញ មួយចំនួនទៀត ដែលមានទម្ងន់សារុប ៤,៤ក្រាម។

លោក សោម រស់បានឲ្យដឹងផងដែរថា ប្រតិបត្តិការខាងលើ មុននឹងចុះបង្ក្រាប គឺលោក បានការចង្អុល បញ្ជាពី លោក ឧត្តមសេនីយ៍ឆាយ គឹមសុន ស្នងការនគរបាលខេត្ត នឹងមានការដឹកនាំកម្លាំងផ្ទាល់ពី លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនការិយាល័យកណ្តាលយុត្តិធម៌ផងដែរ។

លោក សោម រស់បានបន្តទៀតថា ចំពោះជនសង្ស័យទាំងពីនាក់ស្រីប្រុស សមត្ថកិច្ចបាននាំខ្លួនមកការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការទៅតាមផ្លូវ ច្បាប់។លោក សោម រស់បានអោយដឹងដែរថា ស្រ្តី ឈ្មោះ ស្រី ល័ក្ខដែលសមត្ថកិច្ចចាប់ខ្លួននោះ គឺជាមុខសញ្ញា ទើបចេញពីគុកនៅ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១២  ហើយនារីនេះ សមត្ថកិច្ចធ្លាប់ចាប់ខ្លួន ពីបទចែកចាយគ្រឿង ញៀនកាលពី ថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីចេញពីគុកនោះ ស្រ្តីនោះគឺមានការ លក់ចែកចាយគ្រឿង ញៀន ទ្រុងទ្រាយធំជាងមុន។ 

គួររំលឹកថា ការបង្ក្រាបបាននូវករណីបទល្មើសគ្រឿងញៀនខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួន ដល់កម្លាំងនគរបាលដែលចុះ ប្រតិបត្តិ ការផងដែរ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]