វាលរហោឋាន Karakum មានរណ្ដៅមួយ បានឆាបឆេះរយៈពេលជាង ៤០ ឆ្នាំ កន្លងមកហើយ ដោយពលរដ្ឋនៅទីនោះ ហៅវាថា “ច្រកទ្វារឋាននរក” ។ ពេលសម្លឹងមើលរណ្ដៅនោះ ដូចជាទិដ្ឋភាពមួយនៅក្នុងខ្សែភាពយន្ដវិទ្យាសាស្ដ្រមួយ ប៉ុន្ដែវាជាទិដ្ឋភាពពិត ដែលក្រុមអ្នកផែនដីវិទ្យា អតីតសហភាពសូវៀតបង្កើតឡើង។ នៅឆ្នាំ១៩៧១ ពួកគេបានខូងរុករកប្រេង ហើយក៏ប្រទះឃើញរូងក្រោមដីដែលផ្ទុកទៅដោយឧស្ម័នហ្គាសធម្មជាតិ។ នៅថ្ងៃមួយ ផ្ទៃដីក៏បានបាក់ស្រុតត្រង់ចំណុចខួងរុករកប្រេងនោះ បង្កើតជារណ្ដៅមួយ មានបរិវេណប្រមាណ ៧០ ម៉ែត្រ។

ដោយព្រួយបារម្ភខ្លាចរណ្ដៅនោះ បញ្ចេញឧស្ម័នពុលប៉ះពាល់ដល់បរិស្ថាន និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏បានប្រើប្រាស់អណ្ដាតភ្លើង ដុតកម្ទេចឧស្ម័នចោល ដោយសង្ឃឹមថាប៉ុន្មានថ្ងៃប៉ុណ្ណោះ នឹងរលត់ទៅវិញ។ ក៏ប៉ុន្ដែដោយឧស្ម័នហ្គាស ច្រើនហួសកម្រិត បានធ្វើឱ្យរណ្ដៅនោះឆេះ រហូតមកទល់ពេលនេះ ជាង ៤០ឆ្នាំ មិនទាន់រលត់នៅឡើយ។ អណ្ដាតភ្លើងបានបញ្ចេញពន្លឺពណ៌លឿង ហើយអាចមើល ឃើញពីចម្ងាយឆ្ងាយពីភូមិ Derweze មានពលរដ្ឋរស់នៅ៣៥០ នាក់ ស្ថិតនៅភាគខាងជើងរដ្ឋធានី Ashgabat ប្រទេស Turkmenistan ។

កាលពីខែមេសា ឆ្នាំ ២០១០ ប្រធានាធិបតី Gurbanguly Berdimuhamedow បានទៅទស្សនកិច្ចរណ្ដៅ “ច្រកទ្វារឋាននរក”នោះផងដែរ ដោយបានចេញបញ្ជាឱ្យបិទច្រកនេះ ប៉ុន្ដែរហូតមកទល់ពេលនេះនៅតែមិនអាចធ្វើបាន ៕

ដោយ ចិត្រ

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]