ខេត្ត​ត្បូងឃ្មុំ ៖ មានហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​តាំ​អាំ ឃុំ​កក់ ស្រុក​ពញាក្រែក​មាន​អាកា​រៈ​វិលមុខ ង​ងិ​ត​ភ្នែក និង​ទន់​ដៃ​-​ជើង ចាប់តាំងពី​ថ្ងៃ​ទី​៤ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៦ តុលា ២០១៥ គឺ​មាន​ចំនួន​២៤អង្គ/នាក់ ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ក្នុង​នោះ​បណ្តាល​ឱ្យ​ស្លាប់​បន្តបន្ទាប់​ចំនួន​៣​នាក់​ហើយ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​នោះ មាន​ចំនួន​៣​នាក់ ១-​ឈ្មោះ​ចាន់ សា​រុន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​ស្លាប់​នៅ​នឹង​ផ្ទះ ២-​ឈ្មោះ​មុត ផេង ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ តុលា ២០១៥ ស្លាប់​ម្នាក់​ទៀត​ឈ្មោះ​សោម វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។

សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​ដែល​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​កាន់​ភូមិ​-​ឃុំ​កើតហេតុ ដើម្បី​តាមដាន​សភាព​ជំងឺ និង​ហៅ​រថយន្ត​មក​ដឹក​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​អាកា​រៈ​បែប​នេះ​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក មាន​ដូច​ជា​ឈ្មោះ​១-​ឈ្មោះ​ឈ​ន សន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ២-​ឈ្មោះ​ធុន ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​ស៊ឹ​ម បុរី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៤-​ឈ្មោះ​ភួង សុខ​ហន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​៥-​ឈ្មោះ​វ៉ា អាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ក៏​ដូច​ជា​ស្រុក​បាន​ចុះ​ទៅ​សហការ​ជាមួយ​ជំនាញ​សុខាភិបាល ដោយ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​រហូត​ដល់​វេលា​ម៉ោងជាង​៩​យប់ កើន​ដល់​ទៅ​២៤​អង្គ/នាក់ហើយ ដោយ​បាន​ដេក​រដូករណែល​ពេញ​ក្នុង​មន្ទីរពេទ្យ ដែល​ចំនួន​អាច​នឹង​កើនឡើង​ថែម​ទៀត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]