បរទេស៖ កាលពីពេលថ្មីៗនេះ ពួកសកម្មប្រយុទ្ធនៃ ក្រុមឥស្លាមជ្រុលនិយម បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលខ្លាំងសារជាថ្មីទៀតហើយ បន្ទាប់ពីក្រុមនេះ បានធ្វើការប្រកាសសងសឹក និងលាតត្រដាង អត្តសញ្ញាណរបស់ បុរសម្នាក់ដែលពួកគេជឿថា គឺជាអ្នកបានសម្លាប់ មេដឹកនាំក្រុមភេរវករ អាល់កៃដា លោក អូសាម៉ា ប៊ីនឡាដេន។

យោងតាមប្រភព ព័ត៌មានអនឡាញ Mirror ដែលបានតាមដាន ការសន្ទនា និងការបង្ហោះព័ត៌មានផ្សេងៗ របស់ក្រុមសកម្មប្រយុទ្ធ ISIS នៅតាមបណ្តាញសង្គមនានា បានឲ្យដឹងថា មានការបង្ហោះនូវ អត្តសញ្ញាណរបស់ បុរសម្នាក់ដែលមានឈ្មោះថា Robert O’Neill ជាទាហានក្នុងកងកម្លាំងពិសេស របស់សហរដ្ឋអាមេរិក និងជាមនុស្សម្នាក់ ដែលគេជឿជាក់ថា គឺជាអ្នកសម្លាប់ អតីតមេដឹកនាំ ក្រុមភេរវករ អាល់កៃដា គឺលោក អូសាម៉ា ប៊ីនឡានដេន កាលពីឆ្នាំ២០១១។


Robert O'Neill បុរសក្នុងរូបថត ដែលអាចជា គោលដៅវាយប្រហារ ដ៏ធំមួយរបស់ពួក ISIS

ក្រៅពីព័ត៌មានលំអិត មួយចំនួនទាក់ទងទៅនឹង Robert ហើយនោះ ក៏នៅមានការ បង្ហោះឯកសារ ផ្សេងទៀត ដែលក្នុងនោះមាន ឯកសារមួយឈ្មោះថា “អ្នកដែលបានសម្លាប់ អូសាម៉ា ប៊ីនឡាដេន”​ គឺបានដកស្រង់ នូវការអះអាងជាច្រើនរបស់ Robert ផ្ទាល់តែម្តង។

ទន្ទឹមនឹងការ លាតត្រដាងអំពី ប្រវត្តិនិង ព័ត៌មានផ្ទាល់ខ្លួនរបស់ Robert O’Neill ក៏នៅមានការ ប្រកាសឲ្យពួក សកម្មប្រយុទ្ធនានា ជាពិសេសពួកសកម្មជន សញ្ជាតិអាមេរិក ដែលគាំទ្រក្រុម ISIS ធ្វើការតាមប្រមាញ់ និងវាយប្រហារសម្លាប់ ទាហានជើងទឹក ម្នាក់នោះឲ្យបានឆាប់ ជាទីបំផុតផងដែរ ព្រោះថា រូបគេគឺជា គោលដៅវាយប្រហារ ដ៏ចំបងមួយ ហើយក្នុងនោះក៏មាន ពួកសកម្មប្រយុទ្ធ មួយចំនួនបេជ្ញា ថានឹងតាមប្រមាញ់ បុរសរូបនេះឲ្យ ទាល់តែបានទៀតផង។


អូសាម៉ា ប៊ីនឡាដេន អតីតមេដឹកនាំ ក្រុមភេរវករអាល់កៃដា

ក៏គួរបញ្ជាក់ផងដែរថា ក្រោយពីមានការ ប្រកាសរបស់ពួកសកម្មប្រយុទ្ធ នៃក្រុមឥស្លាមជ្រុលនិយម ISIS បែបនេះហើយ បានធ្វើឲ្យមនុស្ស ជាច្រើនព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ ទាហានជើងទឹករូបនោះ ហើយក៏មាន មនុស្សជាច្រើនបានធ្វើការទាក់ទងទៅ Robert ដើម្បីផ្តល់ដំណឹង ដល់រូបគេជុំវិញ ការគំរាមកំហែង មួយនេះផងដែរ៕


ការបង្ហោះនានា នៅលើបណ្តាញសង្គម របស់ពួកសកម្មប្រយុទ្ធ ISIS

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]