ចិន៖ ហេតុតែខឹងនឹងបុគ្គលិកផ្នែកលក់ ដែលមិនបានបំពេញនូវការងារផ្នែកលក់ ឲ្យបានគ្រប់ចំនួន ដូចនឹងអ្វីដែលបានរំពឹងទុក លោកចៅហ្វាយនាយក្រុមហ៊ុនឯកជនមួយ បានដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដល់បុគ្គលិកដែលធ្វើការខាងផ្នែកលក់ទាំងអស់នោះ ដោយបញ្ជាឲ្យពួកគេ ក្រាបវារជុំវិញបឹងមួយកន្លែង ទុកជាការពិន័យ។

យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុគ្គលិកមួយក្រុមដែលបម្រើការងារខាងផ្នែកលក់ ត្រូវបានមេរបស់ខ្លួន បង្ខំឲ្យវារនៅលើផ្លូវដើរ ក្រាលដោយឈើ ជុំវិញបឹង Ruyi ស្ថិតនៅទីក្រុង Zhezhou ខេត្ត Henan ។

ផ្អែកលើសាក្សីដែលបានឃើញទិដ្ឋភាពនេះផ្ទាល់នឹងភ្នែក បានប្រាប់អ្នករាយការណ៍ព័ត៌មាន ឲ្យដឹងថា ស្ទើរតែគ្រប់អាវខោ របស់បុគ្គលិកទាំងនោះ ត្រូវរហែកធ្លុះធ្លាយ ហើយមានបុគ្គលិកខ្លះ បានហូរឈាមថែមទៀតផង ដោយសារតែការពិន័យដូច្នេះ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានចាត់ឲ្យបុគ្គលិកម្នាក់ ជាអ្នកឃ្លាំមើល អ្នកទាំងអស់នោះផងដែរ ដោយចាំបង្គាប់ឲ្យពួកគេ វារឲ្យបានគ្រប់ជុំ ជុំវិញបឹងនោះ និងធ្វើឲ្យពួកគេ ទទួលរងនូវភាពអាម៉ាសមុខ ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរូបថតនៃការដាក់ទោស ដល់បុគ្គលិកផ្នែកលក់នេះ ត្រូវបានគេបង្ហោះលើបណ្តាញអ៊ីនធឺណេត មានអ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើន ធ្វើការរិះគន់ទៅលើទង្វើនៃការដាក់ពិន័យបែបនេះ យ៉ាងចាស់ដៃផងដែរ។ ជាក់ស្តែង អ្នកលេងអ៊ីនធឺណេតម្នាក់ ឈ្មោះ Xu Mairen បានបញ្ចេញមតិថា “តើសហគមន៍ពាណិជ្ជកម្ម​ នៅឯណា? ឯណាទៅកិត្តយស  និងឯណាទៅជាការពិត?” ។ លើសពីនេះ មានអ្នកខ្លះទៀតបានរិះគន់ថា ការដាក់ពិន័យនេះ គឺជាការបំបាក់មុខយ៉ាងពិតប្រាកដ  អ្នកណាក៏ដោយដែលរៀបចំនូវគំនិតនេះឡើង គឺជាមនុស្សឆ្គួតល្ងង់ តើឥឡូវយើងកំពុងតែរស់នៅក្នុងសតវត្សទី២១ហើយមែនទេ? ហេតុអ្វីបានជាមិនផ្តល់តម្លៃនិងការគោរពដល់ពួកគេសោះអ៊ីចឹង? ។ ចំណែកឯអ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់ទៀត ឈ្មោះ Aurora បានផ្តល់ជាមតិថា “ខ្ញុំក៏ជាបុគ្គលិកផ្នែកលក់មួយរូបដែរ ប៉ុន្តែខ្ញុំមិនដែលមានបទពិសោធន៍ និងមិនដែលរំពឹងថា មានការពិន័យដល់បុគ្គលិក ឃោរឃៅដល់ថ្នាក់នេះសោះ ។ យើងរាល់គ្នាសុទ្ធតែជាមនុស្សដូចគ្នា “ ៕

ចុះប្រិយមិត្ត មានមតិយ៉ាងណាដែរ?

ប្រភព៖ Shanghaiist

ដោយ៖ កុសល

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]