សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់ អាចទិញ ឈ្មោះគេហទំព័រ (Domain Name) របស់គេហទំព័រ ដ៏ធំ និងល្បីល្បាញ ទូទាំងពិភពលោក គឺ Google.com ក្នុងតម្លៃ ត្រឹមតែ ១២ដុល្លារប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ មានឈ្មោះថា Sanmay Ved បានព្យាយាមទិញយក ឈ្មោះគេហទំព័រ (Domain Name) របស់គេហទំព័រ Google.com ក្នុងតម្លៃត្រឹមតែ ១២ដុល្លារប៉ុណ្ណោះ បានយ៉ាងជោគជ័យ ក្រោយពីក្រុមហ៊ុនយក្សមួយនេះ ច្រលំដាក់លក់ ឈ្មោះគេហទំព័រ របស់ខ្លួន។


លោក Sanmay Ved 

ប្រភពដដែលបានបន្តទៀតថា លោក Sanmay បានក្លាយជាម្ចាស់ នៃគេហទំព័រ ដ៏ល្បីល្បាញ ទូទាំងពិភពលោក Google.com រយៈពេល ១នាទី ក្រោយពេលដែល ក្រុមហ៊ុនមួយនេះ ច្រលំដាក់លក់ ឈ្មោះគេហទំព័រ (Domain Name) របស់ខ្លួន ក្នុងតម្លៃ ១២ដុល្លារ នៅលើគេហទំព័រ “លក់ឈ្មោះគេហទំព័រ” ថ្មី របស់ក្រុមហ៊ុន Google។

ពីដំបូងឡើយ លោក Sanmay បានចូលទៅ កាន់គេហទំព័រ “លក់ឈ្មោះគេហទំព័រ” របស់ក្រុមហ៊ុន Google រួចក៏បានប្រទះឃើញ ឈ្មោះគេហទំព័រ (Domain Name) Google.com អាចទិញបាន ក្នុងតម្លៃ ត្រឹមតែ ១២ដុល្លារ ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ លោក Sanmay មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីសាកល្បង ទិញឈ្មោះនោះ ក៏ស្រាប់តែអាចទិញបាន។


ឈ្មោះគេហទំព័រ (Domain Name) Google.com ដាក់លក់ក្នុងតម្លៃ ត្រឹមតែ ១២ដុល្លារ

«ខ្ញុំគិតថា ខ្ញុំនឹងជួបបញ្ហាណាមួយ ព្រោះខ្ញុំបានដឹងហើយថា វាគឺជាកំហុសបច្ចេកទេស របស់ក្រុមហ៊ុន Google ប៉ុន្តែរំពេចនោះ ខ្ញុំនៅតែអាចសម្រេច ការទិញឈ្មោះគេហទំព័រ (Domain Name) ហើយលុយនៅក្នុង Credit Card របស់ខ្ញុំ ក៏ត្រូវកាត់ទៀត» លោក Sanmay និយាយ។

ជាងនេះទៅទៀត ក្រោយពីដំណើរការ នៃការទិញនោះ បានបញ្ចប់ទៅ លោក Sanmay ក៏ទទួលបាន សារចំនួន ២ ដែលបញ្ជាក់ពីការទិញ យ៉ាងជោគជ័យ របស់គាត់ ដែលនេះមានន័យថា លោក Sanmay បានក្លាយទៅជាម្ចាស់ របស់គេហទំព័រ មានឈ្មោះថា Google.com ដែលជាគេហទំព័រដ៏ធំ និងល្បីល្បាញបំផុត នៅលើពិភពលោកនេះ។


សារបញ្ជាក់ពីការទិញ យ៉ាងជោគជ័យ របស់លោក Sanmay

ផ្ទុយទៅវិញ រយៈពេលប៉ុន្មាននាទី ក្រោយមក លោក Sanmay ក៏ទទួលបានសារ ពីក្រុមហ៊ុន Google ដោយនិយាយថា ការទិញរបស់គាត់ ត្រូវបានលុបចោលវិញ។

យ៉ាងណាមិញ លោក Sanmay ដែលជាអតីតបុគ្គលិកមួយរូប របស់ក្រុមហ៊ុន Google បាននិយាយថា គាត់បានដាស់តឿន ដល់ក្រុមហ៊ុន Google ឲ្យប្រុងប្រយ័ត្នចំពោះ រឿងហេតុបែបនេះ ដើម្បីកុំឲ្យកើតឡើង ម្តងទៀត៕

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]