ខេត្ត​ស្វាយ​រៀង​​​ ៖ ​រថយន្ដ​កូរ៉េ​ដឹក​កម្មករ​១គ្រឿង​​​បាន​​​​ដាច់​​ទ្រុង​ក្រោយ​ បណ្តាល​ឱ្យ​​ចាក់​កម្មករ​​ចោល​​មក​​លើ​​ចិញ្ចើម​​​ផ្លូវ​ជាង​៤០​នាក់​ឱ្យ​សង្កត់​សង្កិន​​លើ​គ្នា​​​រដូក​​រណែល​ធ្វើ​​​ឱ្យ​របួសធ្ងន់​-ស្រាល​២៧​នាក់​ ។ កម្មករ​ស្រី​-​ប្រុស ​ដែល​​របួស​​ធ្ងន់​​​​​​​​​-ស្រាល​​ទាំង​២៧​នាក់​ ក្នុង​នោះ​​​មាន​តែ​​ប្រុស​មា្ន​ក់​ទេ ហើយ​​​​អ្នក​​របួស​​​ទាំង​អស់​ត្រូវ​បាន​​​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ដ​ទាំង​យប់​ដើម្បី​ធ្វើការ​​​សង្គ្រោះ ។ គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ទី​​៣១ កក្កដា ​នៅ​​​​ចំណុច​ខាងលិច​ខ្លោង​​ទា្វរ​ចូល​តំបន់សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ចម្ងាយ​២០​ម៉ែត្រ ​ស្ថិត​ក្នុងភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ​។

នៅ​ក្នុង​ហេតុការណ៍​នេះ កម្មករ​ដែលរង​របួស​ធ្ងន់​មាន​ចំនួន​៨​នាក់ និង​​របួសស្រាល​ចំនួន​១៩​នាក់ មាន​អ្នកខ្លះ​ធ្វើការ​នៅ​​ក្នុង​រោងចក្រ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​មួយ​ចំនួន​ទៀត​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ ហើយ​កម្មករទាំង​អស់នេះ​ភាគច្រើន​មាន​ទីលំនៅ​ក្នុង​ក្រុង​សា្វ​យ​រៀង​ ។ 
តាម​ការ​រៀបរាប់​របស់​កម្មករ​ម្នាក់​ឈ្មោះ ស្រី សុភាព អាយុ​៣៣​ឆាំ្ន​ ដែលធ្វើការ​នៅ​ក្នុង​រោងចក្រ​បេស​វ៉េ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន បានឱ្យ​ដឹង​ថា ​​រថយន្ដ​កូរ៉េ​ចំណុះ​មួយតោន​​កន្លះ​មួយ​គ្រឿងនេះ​ តែង​​​​ដឹក​ពួក​គេ​ចេញ​ពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​រៀង​រាល់​ថ្ងៃ មាន​គ្នា​ប្រមាណ​ជាង​៤០នាក់​ ​ឈរ​ប្រជ្រៀត​គ្នា​​ដូច​ប្រអប់​ឈើ​​គូស ។ នៅពេល​កើត​ហេតុ​​នោះ គឺ​​​រថយន្ត​​​ដែល​​កំពុង​​​បើក​បរ​​អែប​​មក​ចិញ្ចើម​​ថ្នល់​ ស្រាប់តែ​កង់​រថយន្ដ​ផ្នែក​ខាងស្ដាំ​ធ្លាក់​គែម​ថ្នល់ ក៏​បណ្តាល​ឱ្យ​ផ្អៀង​រថយន្ដ​មួយ​ចំហៀង​ ហើយ​ក៏​ទាញ​យោគ​កម្មករ​​​ដែល​ជិះ​​លើ​ទ្រុង​​ក្រោយ​​ទាំងអស់​ឱ្យ​ដួល​ទ្រេត​លើ​គ្នា​ ​ក៏​បណ្ដាល​ឱ្យ​ទ្រុង​រថយន្ដ​ទាំងមូលផ្នែក​ខាង​ក្រោយ​ទ្រាំ​ទ្រ​ទម្ងន់​​មិន​បាន​ក៏​​ដាច់​ចេញពី​តួ​រថយន្ដ ហើយ​ចាក់​កម្មករ​ទាំងអស់​ទៅ​លើ​ដី​​​​ជម្រាល​​ផ្លូវ​​សង្កត់ពីលើ​គា្នសន្លប់រ​ដូ​ក​រណែល​​តែ​ម្ដង ​។

ប្រភព​ពី​សមត្ថកិច្ច​ប៉ូ​លិសក្រុង​បា​វិត​​ និយាយ​​​ថា ក្រោយ​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​ភ្លាម ​បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ​​ស្ទើរតែ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​រហូត​​សមត្ថកិច្ច​ជា​ច្រើន​នាក់​​ខំប្រឹង​​សម្រួល​ចរា​ចរណ៍​​​បែកញើស​ដូច​គ្រាប់ពោត​ ។ ​ការ​ស្ទះ​​នេះ គឺ​ដោយ​​សារ​តែ​ក្រុម​រថយន្ដ​​ដឹក​កម្មករ​ផ្សេង​ៗទៀត​រាប់​សិបគ្រឿង​ ដែលដឹក​កម្ម​ករ​​ចេញពី​ធ្វើការ​តាម​ក្រោយ បានឃើញ​ហេតុការណ៍ និង​ឃើញ​ក្រុម​កម្មករ​នៅ​សន្លប់រ​ដូ​ក​រណែល​លើ​ផ្លូវ មា្ន​ក់​ៗ​​​ភ័យ​ខ្លាចមាន​បងប្អូន​របស់​ខ្លួន​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ ក៏​នាំ​គា្ន​ឈប់​ហើយ​ប្រជ្រៀត​​​​​​​​គ្នា​​​ទៅ​រក​មើល​​កាន់តែ​ច្រើន​ឡើង​ៗ​រហូត​​ទាល់តែ​មានការអន្ដរា​គមន៍ពី​សមត្ថកិច្ច​ទើប​កម្មករ​ទាំងនោះ នាំ​គា្ន​ឡើង​រថយន្ត​​ចេញ​ទៅ​ជា​បណ្ដើរ​​ៗ​។ ក្នុង​ហេតុ​​ការ​ណ៍​នេះ​ដែរ​ ​ប៉ូ​លិស​ក្រុង​ក៏​បាន​ទំនាក់ទំនងហៅ​រថយន្ដ​សា​មុ​យ​មន្ទីរ​ពេទ្យដឹក​កម្មករ​រង​គ្រោះ​​ទៅ​កាន់​គ្លីនិក​ផា​សុខភាព​ ហើយ​ក្រោយ​មក​ក៏​បាន​ហៅ​រថយន្ដ​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ និង​មន្ទីរពេទ្យ​បង្អែក​សា្វ​យ​រៀង​ មក​ដឹក​​ទៅ​ព្យាបាល​បន្ដ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សា្វ​យ​រៀង​ទាំងអស់​ ។

គ្រូ​ពេទ្យ​​​ព្យា​បាល​​និយា​យ​ថា ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ ​​បណ្ដាល​ឱ្យ​កម្មការិនី​ចំនួន​៨​នាក់​​​​​របួសធ្ងន់​ ​១-​ឈ្មោះ ស្រី សុភាព អាយុ​៣៣​ឆាំ្ន​​រង​របួស​បែកក្បាល បាក់​ខ្ទង់​ច្រមុះ​ និង​ត្រូវ​ទ្រុង​​រថយន្ដ​សង្កត់ពីលើ​ ​២-​ឈ្មោះ កាន់ ផល្លា អាយុ២១​ឆាំ្ន​ រងរបួស​បែកក្បាល និងរយះ​កំភួន​ជើង​​ទាំង​សងខាង​ ​៣-​ឈ្មោះ ម៉ៅ រ៉ា​វិ​ន អាយុ​៤៦​ឆាំ្ន​ ​របួស​បែកក្បាល​ និង​រយះ​កំភួនជើង​ទាំង​សងខាង ​៤-​ឈ្មោះ សុខ ចិន្ដា អាយុ​២៥​ឆាំ្ន​​ របួស​បាក់​ចង្កេះ​ និង​ត្រូវ​កម្មករ​ដូច​គា្ន​សង្កត់​ពី​លើ​ ​៥-​ឈ្មោះ សៀវ ចាន់​នី អាយុ​១៨​ឆាំ្ន ​របួស​​បាក់​ចង្កេះ​ និង​បែកក្បាល​ ៦-​ឈ្មោះ ព្រំ គ​ន្ធា អាយុ​៣៦​ឆាំ្ន​ ​​របួស​បែកក្បាល​ និង​ដាច់​ផ្ទៃមុខ​ ៧-​ឈ្មោះ ហ៊ុន សា​វុន អាយុ​២២​ឆាំ្ន​ ​​របួស​ជាំ​ដើម​ទ្រូង​ និង​ខ្លួនប្រាណ​និយាយ​មិន​ចេញ​ ​និង​​៨​-ឈ្មោះ សួន ច​ន្ថា អាយុ​២២​ឆាំ្ន​ ត្រូវ​​គេ​ជាន់​ពីលើ​បណ្ដាល​ឱ្យរបួស​ជាំ​ពេញ​ខ្លួន​ប្រាណ និង​សន្លប់​បាត់ស្មារតី​​នៅ​នឹង​កន្លែង​ ។ ដោយឡែក​កម្មករ និង​កម្មការិនី​ចំនួន​១៩​នាក់​ទៀត គ្រាន់តែ​របួស​ស្រាល និង​ជាង​១០​នាក់​ផ្សេង​ទៀត​​​​​ពុំ​មាន​រង​របួស​ទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]