ខេត្ត​តាកែវ​ ៖ បុរសម្នាក់​បាន​រងរបួស​​ធ្ងន់​​ក្នុង​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ដោយ​រថយន្ត​ មួយ​គ្រឿង​​បុក​ម៉ូតូ​​ជន​រងគ្រោះ​​ពី​ក្រោយ​ ​កាល​ពី​​វេលាម៉ោង​៧​និង​៣០​នាទីយប់​ថ្ងៃទី​២៧ កក្កដា ​ស្ថិត​នៅភូមិ​ស្នោ ​សង្កាត់​​រ​កា​ក្នុង​ ​ក្រុង​​ដូន​កែវ​ ​​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ចំណែក​រថយន្ត​បង្ក​មាន​​បំណង​​បើក​រត់​តែ​ព្រះ​​មិនជួយ​​​ក៏​បើក​រថយន្ត​ ធ្លាក់​ក្នុងប្រឡាយធ្វើ​ឱ្យ​រថ​យន្ត​ខូចខាត​យ៉ាង​ដំណំ​​ រី​ឯ​អ្នក​បើក​បរ​រងរបួស​ធ្ងន់ផងដែរ​ ។

លោក​ឥន្ទ​ ​មណ្ឌល​ ​អធិការ​រង​នគរបាល​​ក្រុងដូនកែវ​​បាន​ឱ្យ​ដឹង​ថា ​អ្នកជិះ​ម៉ូតូ​ដែល​រង​របួស​នោះ​ឈ្មោះ​ប៉ាវ​ ​ប៊ុនថ​ន​ ​អាយុ​៥០​ឆ្នាំ​ ​រស់​នៅ​ភូមិ​កសី ​ឃុំ​ញ៉ែងញ៉ង​ ​ស្រុក​ត្រាំកក់​ ​ជាមន្ត្រី​ធ្វើ​ការ​ងារនៅ​មន្ទីរព័ត៌មា​ន​ខេត្ត​ ​និង​​វិទ្យុ​FM ៩២​.៥MHz ខេត្តជិះ​ម៉ូតូស្មាស​ពណ៌​ក្រហម​ ​​ឯ​អ្នក​បើក​បរ​​រថយន្ត​ឈ្មោះ​នៅ​ ចន្ថា ​ភេទប្រុស​ អាយុ​៤២ឆ្នាំ​ ​រស់នៅ​ភូមិ​ត្រពាំង​​ឫស្សី​ ​សង្កាត់​បារាយ​ណ៍​ ​តែបាន​ផ្លាស់​ទី​លំនៅ​មក​នៅ​ភូមិថ្នល់​បែក​ សង្កាត់​រកា​ក្រៅ​ជាមន្ត្រី​រាជការ​​នៅ​មន្ទីរ​​​ធនធាន​ទឹក​ខេត្ត​ ​បានរង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដែរ​​ ។

លោកអធិការ​រង​បាន​បន្តទៀតថា មុនពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង​នៅ​តាម​បណ្តោយ​ផ្លូវ​ ក្នុង​ក្រុងលេខ​១២៩គ ​ពេល​នោះ​​មាន​រថយន្ត​មួយ​គ្រឿង​ ​ម៉ាក​ឡិច​ស៊ិស ​Rx ៣០០​ ពណ៌​​ខ្មៅ​ បាន​បើ​ក​ចេញពីហាង​ស៊ីផឹក​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​​ខាង​លើ​​ ​បើក​បោះ​ពួយ​យ៉ាង​លឿន​ទៅ​ត្បូង ​លុះដល់​ចំណុច​កើត​ហេតុ​​​ក៏​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​​បណ្តាល​​ឱ្យ​ ​មនុស្ស​និងម៉ូតូ​​ខ្ទាត​ទៅ​ខាង​​​ឆ្វេង​រង​របួស​ធ្ងន់​​​។ ​បន្ទាប់​ពី​បុក​​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​របួស​ហើយ​ ​រថយន្តបង្ក​បាន​បើក​រត់​យ៉ាងលឿន​ ​តែ​មក​ដល់​ចំណុច​ភូមិ​​ធ្នង់​ ​សង្កាត់​រកា​ក្រៅ​ ​​​រថយន្ត​បាន​ធ្លាក់​ទៅ​ក្នុងប្រឡាយ​ខាង​លិច​​ថ្នល់​ធ្វើ​ឱ្យ​រង​ការខូច​ ខាត​មួយ​កំណាត់​មុខស្ទើរ​​ទាំង​ស្រុង​ ​ហើយ​អ្នក​បើក​បរ​រងរបួស​ធ្ងន់​ផងដែរ​ ។

បច្ចុប្បន្ន​ ​រថយន្ត​បង្ក​និង​ម៉ូតូ​ជន​រងគ្រោះ​​ត្រូវ​បាន​​ប៉ូលិស​យក​ទៅ​រក្សា​ទុកនៅ​ អធិការដ្ឋាន​ក្រុង​ដូន​កែវ​រង់​ចាំ​ដោះ​ស្រាយ​​​តា​ម​ផ្លូវ​ច្បាប់​​។ ​នេះ​ជា​លទ្ធផល​នៃការ​មិន​ទទួល​ខុស​ត្រូវ​ ប្រសិន​បើ​អ្ន​​ក​​បើក​បរ​ឈប់​រថយន្ត​ ​ហើយ​ទទួល​ខុស​ត្រូវ​លើ​ហេតុ​ការណ៍​ដែ​ល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ មិន​ចាំ​បាច់​​បើក​រត់​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​បន្ថែម​ដល់​ខ្លួន​ឯង​បែប​ នេះ​​​ឡើយ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]