អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ របស់ក្រុម Bayern Munich កីឡាករ Robert Lewandowski ដែលប្តូរចូល ក្នុងតង់ទី១ ខណៈពេលដែល Bayern ត្រូវក្រុម Wolfsburg នាំមុខមុន១ គ្រាប់ បានស៊ុតបញ្ចូលទីឲ្យ Bayern ចំនួន ៥គ្រាប់បន្តបន្ទាប់គ្នា ត្រឹមរយៈពេល៩ នាទីប៉ុណ្ណោះ ដែលកំណត់ត្រានេះ គឺជាការស៊ុតបញ្ចូលទី៥គ្រាប់ លឿនបំផុតក្នុងប្រវត្តិ ក្របខណ្ឌបាល់ទាត់ Bundesliga។


Lewandowski លើកដៃបង្ហាញថាខ្លួនស៊ុតបាន៥គ្រាប់

កីឡាករ Lewandowski វ័យ២៧ឆ្នាំ បានស្ថិតក្នុងបញ្ជីជា កីឡាករបំរុងក្នុងការប្រកួតយប់មិញ ប៉ុន្តែត្រូវគ្រូបង្វឹកប្តូរឲ្យចូល លេងជំនួសកីឡាករ Juan Bernat នៅក្នុងតង់ទី១។ គ្រាប់បាល់ដ៏អស្ចារ្យទាំង៥គ្រាប់ ចំណាយថេរវេលា ៨នាទី និង៥៩វិនាទី ហើយជួយឲ្យ ក្រុម Bayern ឈ្នះការប្រកួតនោះ ៥ ទល់នឹង ១តែម្តង។ ដោយឡែកការស៊ុត ៣គ្រាប់ដំបូងរបស់ Lewandowski ចំណាយពេលត្រឹម៤ នាទីប៉ុណ្ណោះ ហើយវាក៏ជាប់ជា ការស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត (hat trick) លឿនជាងគេផងដែរ នៅ ក្របខណ្ឌ Bundesliga។

Lewandowski បានប្រាប់ឲ្យដឹងថា៖ “វាពិតជារឿងគួរឲ្យរីករាយខ្លាំងមែនទែន ខ្ញុំគ្រាន់តែចង់ស៊ុតបញ្ចូលទី តែមិនបានដឹងមុននោះទេ ថាមានអ្វីនឹងកើតឡើង។ ការត្រូវគូប្រកួតនាំមុខ ១គ្រាប់មុន គឺជារឿងដែលយើងត្រូវខំប្រឹងប្រែង និងត្រូវស៊ុតបញ្ចូលទី វិញយ៉ាងហោចណាស់ក៏ ២គ្រាប់ដែរ ប៉ុន្តែអ្វីដែលយើងធ្វើបានគឺ៥គ្រាប់ ពិតជាមិនគួរឲ្យជឿ”។

ដោយឡែកគ្រូបង្វឹក Bayern លោក Pep Guardiola បាននិយាយក្រោយការប្រកួតថា៖ “ខ្ញុំពិតជា ពិបាកយល់ខ្លាំងណាស់! ការស៊ុតបាន ៥គ្រាប់ លឿនបែបនេះ ខ្ញុំមិនដែលឃើញនោះទេពីមុនមក កុំថាឡើយ នៅពេលដែលខ្ញុំជាកីឡាករអាជីព ឬក៏ជាគ្រូបង្វឹក”៕


Lewandowski សំដែងការរីករាយជាមួយមិត្តរួមក្រុមក្រោយស៊ុតបញ្ចូលទី

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]