កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តកំពង់ចាម អនុវត្តដីកា ឃាត់ខ្លួនបានកាលពីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ នៅភូមិពើក ឃុំដំរិល ស្រុកអូរាំងឪ ខេត្ត កំពង់ចាម ពីបទប្លន់កាលពីឆ្នាំ២០០៩ ។

លោក សាន សុភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ដើមអម្ពិលឲ្យដឹងថា ជន សង្ស័យ ដែលសមត្ថកិច្ចបានចាប់ខ្លួនមានឈ្មោះ ឡាន ឡាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិពើក ឃុំដំរិល ស្រុកអូរាំងឪ ខេត្តកំពង់ចាម ។លោក សាន សុភា បានឲ្យដឹងទៀតថា ជនសង្ស័យរូបនោះ គឺលោក បានដឹកនាំកម្លាំង នគរបាលខេត្តចុះសហការជាមួយកម្លាំងនគរបាលស្រុកអូរាំងឪ ចុះអនុវត្តតាមដីកា បង្គាប់ឲ្យ ចាប់ខ្លួនពីបទប្លន់ប្រដាប់អាវុធ (លេខ៤២៥ ច.ខ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ចៅក្រមស៊ើបសួរ ថាន់ ឡេង) ។

លោក សាន សុភា បានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពីបទប្លន់ម្តងរួចមកហើយ ប៉ុន្តែក្រោយពីបានចេញពីគុករហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ជនសង្ស័យបានប្រព្រឹត្ត ធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធនៅភូមិស្រែក្រោម សង្កាត់វិហ៊ាលួង ក្រុងសួង ខេត្តកំពង់ចាម។ គ្រានោះក្រោយ ពីជនសង្ស័យ បានធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ ប៉ុន្តែដោយសមត្ថកិច្ចបានស្គាល់សាវតាជាតិគ្រប់គ្រាន់ ទើបជន សង្ស័យ មិនអាចគេចផុតពីច្បាប់ឡើយ៕

www.dap-news.com

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]