ខេត្ត​​កំពង់​ឆ្នាំង​ ៖  មានការ​ភ្ញាក់ផ្អើល​មួយ​កាលពីវេលា​​ម៉ោង១២​និង៣០នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​៣០ កក្កដា ដោយសារតែម្ចាស់ផ្ទះខណៈ​ត្រឡប់​មកពី​បុណ្យ​វិញចាក់សោចូលផ្ទះមិនរួច​ ហើយ​សង្ស័យថា ចោរ​ចូល​គាស់ផ្ទះនៅខាង​ក្នុង​មិន​ទាន់​ចេញទៅណា​ក៏​រាយការណ៍ទៅ​ប៉ូលិស​មក​ ធ្វើការ​ឡោមព័ទ្ធផ្ទះដើម្បី​​​ចាប់ចោរ ។ ហេតុ​ការណ៍នេះ បាន​កើត​ឡើង​នៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

ម្ចាស់ផ្ទះខាងលើឈ្មោះឃឹម ពៅ អាយុ ៥៦ឆ្នាំ និងមានកូនស្រី​​ម្នាក់​ឈ្មោះធឿន សុភី អាយុ​​៣៤ឆ្នាំ។ តាមស្ត្រីឈ្មោះឃឹម ពៅ ជាម្តាយ​​​រៀប​រាប់​ថា ​នៅវេលា​ម៉ោង​៧និង៣០​នាទី​ព្រឹក​ថ្ងៃទី​៣០​​​ កក្កដានោះ ​​​រូប​គាត់​បាន​ទៅ​បុណ្យ​នៅ​ឯវត្ត ចំណែកកូនស្រី​​ទៅ​លក់​ដូរនៅ​​​ឯផ្សារ។ លុះ​ដល់​ម៉ោង១២និង​៣០​នាទីថ្ងៃ​ត្រង់​​រូបគាត់​បាន​ត្រឡប់មកវិញ​ហើយ​ចាក់សោ​ ចូល​ក្នុងផ្ទះ តែចូល​មិនរួច​ ព្រោះ​ទ្វារជាប់​គន្លឹះពីក្នុង​ក៏​សង្ស័យ​ថា ចោរខ្ទាស់គន្លឹះនិង​នៅ​ពីខាង​ក្នុង​មិន​ទាន់ទៅ​ណាទេ។ លុះ​រត់ទៅមើល​ខាងក្រោយផ្ទះ​​​ឃើញ​​​​​បង្អួច​​​​ត្រូវ​ចោរគាស់​បាក់​ចម្រឹង​ ដែក​ទៀត​ ​​ទើបរាយ​ការណ៍​ប្រាប់​ប៉ូលិស​មក​ឡោម​ព័ទ្ធ​ជុំវិញ​ផ្ទះតែម្តង ។

នៅជុំវិញបរិវេណផ្ទះ មានមនុស្ស​​មក​ចោម​រោម​មើលជាច្រើន និងនៅពីខាងក្នុងរបងផ្ទះមាន​បង​ប្អូនម្ចាស់ផ្ទះ និងសមត្ថកិច្ចជាច្រើននាក់​កាន់​ដំបង​ច្រូង​ច្រាងរង់ចាំ ខ្លាចចោរស្ទុះចេញមករត់​រួច ។​ ប៉ុន្តែក្រោយពី​ប៉ូលិសសម្រុក​ចូល​ធ្វើការ​ឆែក​​ឆេរ​រួច​មកពុំមានឃើញស្រមោល​ ចោរ​ណា​ម្នាក់​ឡើយ ក្រៅតែ​ពីរបស់របរម្ចាស់​ផ្ទះនៅ​រាយ​ប៉ាយ​ដោយសារ​ចោររើកកាយ​រក​របស់​មាន តម្លៃ ។​ ចំណែក​នៅក្នុងបន្ទប់ដេក​របស់​ម្ចាស់​ផ្ទះក៏ត្រូវចោររើកកាយខ្ទេច​ខ្ទី​ដែរ ។ ដោយ​ឡែកទូដែកដែល​ម្ចាស់ផ្ទះគិតថា​មានភាព​រឹងមាំ​អាច​ទុក​ចិត្ត​បាននោះ ត្រូវចោរគាស់យក​អស់​ទ្រព្យសម្បតិ្តមួយចំនួនធំ​តែមួយ​ចំនួន​ទៀត​យក​មិន​ទាន់​ បាន​ព្រោះទូដែកមានថត​ច្រើនជាន់ ​ដែល​​ពេល​ម្ចាស់​មកដល់បើកយក​បាន​មាស​ប្រាក់មួយចំនួនវិញ​ ។

មន្ត្រីប៉ូលិស​និយាយថា ចោរអាចធ្វើសកម្ម​ភាព​នៅចន្លោះ​ពី​ម៉ោង៩ទៅម៉ោង១១ព្រឹក​ ។ រីឯម្ចាស់ផ្ទះនិយាយថា នេះជាការគាស់ផ្ទះ​​គាត់ លើកទី២​ហើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]