បរទេស៖ ដោយហេតុថា បច្ចុប្បន្ននេះ ជាសម័យនៃបច្ចេកវិទ្យា ទើបមនុស្សយើង ដែលជាអ្នកនាំយកនូវគំនិតថ្មីៗ អាចធ្វើអ្វីបានសឹងតែទាំង​អស់ ដែលមានសារៈសំខាន់ជូនសង្គមជាតិ និងពិភពលោកទាំងមូល ។ ដូចនេះហើយទើបសហគ្រិនម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅក្នុងពិភពលោក ជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យភពព្រះអង្គារ មានមនុស្សរស់នៅបាន ។

អ្នកវិទ្យាសាស្រ្ត Elon Musk ដែលជាមន្រ្តីប្រធានប្រតិបត្តិ របស់អគ្គនាយកដ្ឋានស្រាវជ្រាវ និងក្រុមហ៊ុន Tesla and SpaceX បានឲ្យជាសម្មតិកម្មថា ភពព្រះអង្គារ អាចមានកំដៅបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែធ្វើការទំលាក់ គ្រាប់សព្វាវុធនុយក្លេអ៊ែរ ទៅលើតំបន់ប៉ូលទាំងពីររបស់វា ។​ ហើយលោកក៏បានមានប្រសាសន៍ថា រូបលោកចង់ទៅទស្សនានៅទីនោះផ្ទាល់ នៅថ្ងៃណាមួយផងដែរ ។

លោកបានបន្តឲ្យដឹងទៀតថា បរិយាកាសបច្ចុប្បន្នរបស់ភពព្រះអង្គារ មិនអាចឲ្យជីវិតមនុស្សរស់នៅបានឡើយ ព្រោះនៅទីនោះ មានល្បាយឧស្ម័នកាបូនឌីអុកស៊ីត មានដល់ទៅ ៩៦ភាគរយ ឯណោះ ចំណែកឯឧស្ម័នអុកស៊ីសែន ដែលមានសារៈសំខាន់សម្រាប់ដំណកដង្ហើមមនុស្ស មានតិចជាង ១ភាគរយប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ពាក់ព័ន្ធទៅនឹងទំនាញដី ក៏ជាបញ្ហាមួយនៅលើភពព្រះអង្គារផងដែរ ដោយកម្លាំងទំនាញនៅទីនោះ ខ្សោយជាងទំនាញរបស់ភពផែនដី ចំនួន ៦៣ភាគរយ ។ មានន័យថា ចំពោះមនុស្សម្នាក់ដែលមានទំងន់ ៤៥គីឡូក្រាម នៅលើភពផែនដីនឹងត្រូវមានទំងន់ត្រឹមតែ ១៧គីឡូក្រាមតែប៉ុណ្ណោះនៅលើភពព្រះអង្គារ ។ ជាធម្មតានៅទីនោះ សីតុណ្ហភាពជាមធ្យមគឺ ៦២អង្សារក្រោមសូន្យ (-62°C) ហើយសម្រាប់សីតុណ្ហភាពអប្បបរិមា គឺឈានដល់ទៅ ១៧៦អង្សារក្រោមសូន្យ (-176°C) ដែលជាកំរិតត្រជាក់ខ្លាំង មិនអាចឲ្យជីវិតរស់នៅបានឡើយ ។

ប៉ុន្តែ ទោះបីជាមានលក្ខខ័ណ្ឌមិនអំណោយផលយ៉ាងនេះក្តី លោក Elon Musk នៅតែបន្តអះអាង ក្នុងកាសែត USA Today ថា ភពព្រះអង្គារ គឺជាភពមួយដែលមានលក្ខណៈ ដូចនឹងភពផែនដី ហើយវាអាចឲ្យមនុស្សរស់នៅបាន ប្រសិនបើវាមានសីតុណ្ហភាពក្តៅជាងនេះ ។ លោកបានពន្យល់ថា ក្តីសុបិននៃជីវិតមនុស្សនៅលើភពព្រះអង្គារ អាចទទួលបាននូវភាពជោគជ័យក្នុងកំរិតយឺត។ យើងអាចធ្វើការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ទាំងឡាយ ទៅក្នុងភពព្រះអង្គារនោះ ដើម្បីបង្កើតឲ្យមានដំណើរការ ដូចទៅនឹងការកើនឡើងកំដៅផែនដី នៅក្នុងភពផែនដី ហើយដំណើរការនេះ អាចធ្វើបានយ៉ាងលឿនជាងផ្ទះកញ្ចក់ ជាមួយគ្រាប់បែកនុយក្លេអែរ ដែលជាថាមពលដ៏ខ្លាំងក្លាមួយ បញ្ចេញនូវចំនួនដ៏ច្រើននៃ ប្រតិកម្មកំដៅ និងពន្លឺស្វាយអ៊ុលត្រា UV ។

ផ្អែកទៅតាមទ្រឹស្តីថ្មីរបស់លោក Elon Musk មួយនេះ កំដៅចន្លោះពី ៣៥ ទៅ ៤៥ភាគរយនៃថាមពល នឹងត្រូវផ្តល់ដោយការបំផ្ទុះ ដែលធ្វើឲ្យសីតុណ្ហភាពនៅទីនោះ មានការកើនឡើង សមល្មមសម្រាប់ជីវិតមនុស្សរស់នៅ ។ ហើយលោកក៏បានរំពឹងទុកថា លោកចង់ធ្វើឲ្យមានភាពច្បាស់លាស់ថា ចៅ ចៅទួត របស់លោកជំនាន់ក្រោយ នឹងមានឱកាសទៅទីនោះ ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១០កន្លងទៅនេះ លោកប្រធានាធិបតេយ្យ សហរដ្ឋអាមេរិក Barack Obama បានទស្សន៍ទាយថា បេសកកម្មភពព្រះអង្គារ នឹងកើតឡើងជាក់ជាមិនខាន នៅក្នុងពាក់កណ្តាលឆ្នាំ២០៣០ ។

តែទោះជាយ៉ាងណាក៏ដោយ ក្នុងខណៈពេលថ្មីៗនេះ ពុំមាននរណាម្នាក់ ស្នើឲ្យមានគំរោងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីត្រួសត្រាយ ជីវិតនៅលើភពណាមួយឡើយ។ ដោយឡែក បេសកកម្មមួយ ដែលមានឈ្មោះថា Mars One ដែលនឹងចាប់ផ្តើមប្រតិបត្តិការណ៍ នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ គ្រាន់តែពឹងផ្អែកលើការបង្កើតកន្លែងស្នាក់នៅសុវត្ថិភាពតូចៗ នៅទីនោះតែប៉ុណ្ណោះ ។ យ៉ាងណាមិញ បេសកកម្ម Mars One មួយនេះ ដែលជាគំរោងមួយត្រូវបានផ្តល់ជំនួយផ្ទាល់ខ្លួន ពីសហគ្រិនថាមពលហូឡង់ លោក Bas Lansdorp និង អ្នកវិទ្យាសាស្រ្ត ភ្នាក់ងារលំហអឺរ៉ុប លោក Arno Wielders ត្រូវបានមហាជនរិះគន់ជាខ្លាំង ជាមួយនឹងមហិច្ឆិតាខ្ពស់របស់វា ដែលចង់បង្កើតការតាំងទីលំនៅរបស់មនុស្សជាអចិន្រ្តៃយ៍ នៅលើភពព្រះអង្គារ ចាប់ផ្តើមពីឆ្នាំ២០២៧ ។ បេសកកម្មនេះ នឹងត្រូវប្រើប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ហើយអ្នកដែលនឹងទៅរស់នៅទីនោះ ត្រូវរស់នៅក្នុងតំបន់ដែលមានទំហំសរុប ២០០ម៉ែត្រការ៉េ ជាមួយនឹងរបស់របរមួយចំនួន ដូចជាបន្ទប់គេង កន្លែងធ្វើការ បន្ទប់ទទួលភ្ញៀវ និងផ្នែកសម្រាប់ផលិតផលបៃតង ដូចជារុក្ខជាតិជាដើម ។ ជាងនេះទៅទៀត ពួកគេក៏អាចងូតទឹកបានធម្មតា រៀបចំអាហារស្រស់ៗក្នុងផ្ទះបាយ ស្លៀកពាក់សំលៀកបំពាក់ធម្មតា ប៉ុន្តែពួកគេត្រូវាពាក់ឈុតសំលៀកបំពាក់អាវកាស នៅពេលដែលពួកចង់ចេញពីតំបន់សុវត្ថិភាពដែលគេបង្កើតនោះ ៕



លោក Elon Musk

ប្រភព៖ Dailymail

ដោយ៖​ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]