ភំ្នពេញៈ ថ្មីៗនេះបើផ្អែក តាមប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថា តារាសម្តែងខ្ពស់ស្រឡះ ដែលមានទំរង់ ភ្នែកបែបកូនកាត់ចិន លោកយូ ឌីស្កូ និងតារាសម្តែង រាងតូចច្រឡឹង ពៅ លីដា បានបែកធ្លាយ ពីទំនាក់ទំនងស្នេហា នឹងគ្នា អស់រយៈកាលជាច្រើន ខែមកហើយ ។ ប៉ុន្តែការលេចឮថា អ្នកទាំងពីររស់នៅជុំគ្នា នៅពេលនេះគឺទើបតែ ប៉ុន្មានខែចុងក្រោយនេះ តែប៉ុណ្ណោះ ។ មួយវិញទៀតរាល់ពេល មានកម្មវិធីជួបជុំមិត្ត សិល្បៈ ក៏គេសង្កេតឃើញវត្តមានអ្នកទាំងពីរ បណ្តើរគ្នាត្រសង ទៅចូលរួមក្នុងកម្មវិធីមិត្តភក្តិមួយចំនួន នឹងត្រូវ បានគេសង្ស័យថា ការឈានដល់ដំណាក់កាលស្នេហា គឺតាំងពីយូរណាស់មកហើយ ។

ទស្សនិកជនក៏ដូចជាអ្នកចូលចិត្ត តាមដានសកម្មភាពតារាខ្មែរ នៅចាំបានថាកាលពីពៅ លីដា រៀបចំពិធី ខួប កំណើតរបស់ខ្លួន កាលពីចុងឆ្នាំ២០១១ គេបានឃើញលោកយូ ឌីស្កូ ដែលពៅ លីដា អះអាងប្រាប់គេគ្រប់គ្នាថា ជាបងធម៌នោះ បានជួយចាត់ចែងនឹងខ្នះខ្នែង យ៉ាងពេញទំហឹងដើម្បីរត់ការទទួលភ្ញៀវ នឹងយកចិត្តទុកដាក់ ដោយចំហតាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ ។ ចាប់តាំងពីពេលនោះមក ព័ត៌មាននៃស្នេហារបស់អ្នកទាំងពីរ ក៏ចាប់ផ្តើមធំក្លិនសាយភាយ បន្តិចម្តងៗក្នុងមជ្ឈដ្ឋានសិល្បៈ ហើយក៏មានមិត្តភក្តិមួយចំនួន បានចំអែរចំអន់ថា ពួកគេទាំងពីរបើរៀបការនឹងគ្នាមែន គឺពិតជាសមគ្នាណាស់ ។ ទោះបីជាយ៉ាងណាព័ត៌មានស្នេហា ដែលមាន មនុស្សភាគតិចបំផុតបានដឹង នៅពេលនេះ វាបានវិវឌ្ឍន៍ទៅជាការលេចឮថ្មីមួយទៀត ដោយត្រូវបានគេបង្ហើប ឲ្យដឹងថា ថ្មីៗនេះអ្នកទាំងពីរកំពុងតែឈានដល់ ដំណាក់កាលរស់នៅក្នុងដំបូលផ្ទះតែមួយ ធ្វើឲ្យអ្នកសិល្បៈ ដូចគ្នា ជាពិសេសមិត្តភក្តិជិតដិត មានការភ្ញាក់ផ្អើលពីដំណឹងនេះ ហើយក៏មានអ្នកខ្លះជូនពរពួកគេ ឲ្យជួប សំណាងល្អនិងអ្នកខ្លះទៀត ធ្វើការរិះគន់ផងដែរ ។

ជុំវិញការលេចឮស្តីពីព័ត៌មាន យូ ឌីស្កូ និងពៅ លីដា រស់នៅក្រោមដំបូលផ្ទះតែមួយ នៅពេលនេះ លោកយូ ឌីស្កូ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទឲ្យដឹងថា “បាទ....បងរឿងនេះដូចជាមិនពិតទេ ខ្ញុំកំពុងតែស្វែងយល់ចិត្តគ្នា នឹងបានប្រើពេលវេលាជាងមួយឆ្នាំមកហើយ ។ ខ្ញុំគិតថានាងជាមនុស្សល្អ រួសរាយ រាក់ទាក់ ប៉ុន្តែខ្ញុំនៅសិក្សាចិត្តគ្នាឲ្យយូរបន្តទៀត” ។ យូ ឌីស្កូ បាននិយាយដោយសម្តីមួយៗទៀតថា “ខ្ញុំគិតថា ព័ត៌មាននោះគឺមិនពិតទេ ខ្ញុំសូមបដិសេធន៍ចោល ដោយយើងទាំងពីរនាក់គ្រាន់ តែឧស្សាហ៍ទៅចូលរួមកម្មវិធី មិត្តភក្តិ ញឹកញាប់ជាមួយគ្នាតែប៉ុណ្ណោះ” ។

តារាសម្តែងខ្ពស់ស្រឡះវ័យ៣៣ឆ្នាំ រូបនេះលោកមិនទាន់ចង់គិតគូរពីរឿងចូលរោងការ ជាមួយនិងតារា សម្តែងពៅ លីដា ក្នុងពេលឆាប់ៗនេះទេ ដោយទុកពេលវេលាមើលចិត្តគ្នាឲ្យបានយូរ ចំណែកអាយុរបស់លោក តិចឬច្រើនមិនសំខាន់ទេ អ្វីដែលសំខាន់គឺយើងស្វែងយល់ពីគ្នាឲ្យច្បាស់ ។ ម្យ៉ាងវិញទៀតភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈសព្វថ្ងៃក៏ជាចំណែកមួយ ជួយបន្ទុចបង្អាក់និងជារបាំងធ្វើឲ្យចិត្ត របស់លោកមិនសូវគិតគូរ ពីបញ្ហាចូលរោងការ ។

ដោយឡែកសម្រាប់តារាសម្តែង ពៅ លីដា ក៏នាងបានអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បើទោះបីជានាងមានអាការៈមិនស្រួលខ្លួន ដៃនាងកំពុងតែព្យួរសេរ៉ូម ក៏ដោយក៏នាងប្រាប់ឲ្យដឹងដែរថា “អត់មាន ទេបង...ព័ត៌មានហ្នឹងគឺខុសស្រឡះតែម្តង ។ រស់នៅជាមួយគ្នាម្ត៉េចហ្នឹងកើត បើប៉ាម៉ាក់ខ្ញុំគាត់មានក្រិតក្រម តឹងរ៉ឹងសឹងអី....! មិនអាចរស់នៅជាមួយគ្នាបានទេ ។ តាមការពិតរវាងខ្ញុំនិងគាត់ គឺក្នុងលក្ខណៈរាប់រានគ្នាតែ ប៉ុណ្ណោះ ។ បើគេយល់ថាខ្ញុំទាំងពីរនាក់មានស្នេហានឹងគ្នា គឺស្រេចតែពួកគេយល់ទៅចុះ សម្រាប់ខ្ញុំត្រឹមតែ រាប់ អានគ្នា នឹងចាត់ទុកគាត់ដូចជាបងប្រុស ឯការឃើញខ្ញុំទៅចូលរួមកម្មវិធីមិត្តភក្តិ ញឹកញាប់ជាមួយគាត់គឺគ្រាន់តែ ឲ្យបានជាគ្នាប៉ុណ្ណោះ ។ ធម្មតាទេបង...លុះត្រាតែយើងរៀបការរួចរាល់ ទើបអាចរស់នៅជាមួយគ្នាបាន បើឧទាហរណ៍ថា ខ្ញុំនឹងគាត់ស្រលាញ់គ្នាមែន ក៏ឪពុកមា្តយខ្ញុំមិនព្រមឲ្យរស់នៅជាមួយគ្នា មុនរៀបការនោះដែរ ព្រោះខុសប្រពៃណីខ្មែរ តែនេះគ្មានទាល់តែសោះ សូម្បីតែស្នេហា” ។ យ៉ាងណាមិញចំពោះព័ត៌មាននេះ ពៅ លីដា បានចាត់ទុកថា វាជាព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះនាង ពីសំណាក់អ្នកដែលស្អប់ខ្ពើមនាង កាច់កុងគ្នាក្នុងរឿង អ្វីមួយ កាលពីពេលកន្លងទៅ ។ ពៅ លីដា និយាយ “ធម្មតាទេក្នុងនាមខ្ញុំជាអ្នកសិល្បៈ តែងតែមានអ្នកស្រលាញ់ និងអ្នកស្អប់ ខ្ញុំគិតថារឿងនេះប្រហែលជា មានអ្នកចង់បង្ខួចកេរ្តិ៍ឈ្មោះខ្ញុំ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមិនសូវជាចាប់ អារម្មណ៍ សំខាន់ឲ្យតែខ្ញុំច្បាស់ខ្លួនឯង ដូចពាក្យចាស់ពោលថា មាសសុទ្ធមិនខ្លាចភ្លើងឡើយ” ។

បើតាមការអះអាងរបស់អ្នកទាំងពីរ ខាងលើឃើញថាមានលក្ខណៈខុសគ្នាបន្តិច ដោយពៅ លីដា នាងនិយាយ ថា កុំថាឡើយរស់នៅជាមួយគ្នា សូម្បីតែស្នេហាក៏គ្មានផង ។ ដោយឡែកសម្រាប់លោក យូ ឌីស្កូ លោកទទួល ស្គាល់ថា ពិតជាមានទំនាក់ទំនងស្នេហា និងកំពុងស្វែងយល់ចិត្តគ្នាពិតមែន ចំណែកឯការរស់នៅជាមួយគ្នា នោះគឺគ្មានទេ ។ ក្នុងចម្លើយរបស់អ្នកទាំងពីរ អាចសន្និដ្ឋានបានថា ពៅ លីដា ហាក់មានបំណងចង់លាក់បាំង នឹងមហាជន ពីរឿងរ៉ាវស្នេហារវាងនាង និងកម្លោះយូ ឌីស្កូ ហើយក៏គេមិនដឹងថា នាងមានចេតនាលាក់បាំង ដើម្បី អ្វីនោះដែរ ។ យ៉ាងណាក៏ដោយប្រសិនបើអ្នកទាំងពីរ ស្រលាញ់គ្នានឹងឈានទៅដល់ចំណង អាពាហ៍ ពិពាហ៍មែននោះ មិត្តភក្តិក៏ដូចជាមហាជន នឹងអបអរសាទរ ព្រោះអ្នកទាំងពីរមើលទៅសមគ្នាណាស់ នឹងជួនពរឲ្យពួកគេទាំងពីរបាន សម្រេចនូវបំណងនេះ ក្នុងពេលឆាប់ៗនិងជួបតែសុភមង្គល ទៅថ្ងៃអនាគតទៀតផង ៕

'

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]