កូរ៉េខាងត្បូង៖ ថ្មីៗនេះវីដេអូនៃការសម្តែង របស់ក្រុមចម្រៀងនារី G-Friend បានកំពុងល្បីសុះសាយ ពេញបណ្តាញសង្គម ក្រោយពួកគេបានរអិលដួល នៅលើឆាកសម្តែងជាច្រើនដង តែព្យាយាមក្រោកឡើងវិញ និងបន្តការសម្តែង រហូតដល់ចប់ចុងចប់ដើម។

កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅនេះ នៅក្នុងកម្មវិធី ការសម្តែងពិសេស របស់ក្រុមហ៊ុន Hyundai ក្រុមចម្រៀងនារីកូរ៉េ G-Friend បានលើកយក បទចម្រៀងចុងក្រោយ របស់ពួកគេគឺបទ "Me Gustas Tu" មកសម្តែងជូនដល់ទស្សនិកជន ដែលនៅទីនោះ ទាំងមេឃកំពុងភ្លៀង។ ដោយឆាកសម្តែង ត្រូវបានទទឹកដោយទឹកភ្លៀង នៅពេលចាប់ផ្តើម ពួកគេបានព្យាយាម យកជើងឈូសវាសទឹកចេញផងដែរ តែជាសំណាងអាក្រក់ នៅពេលសម្តែង សមាជិករបស់ក្រុមនេះ ក៏ចាប់ផ្តើមដួលម្តងម្នាក់ៗ ជាពិសេសសមាជិក ឈ្មោះនាង Yuju និង SinB មានការដួលបោក នឹងឆាកខ្លាំងជាងគេ។

បើទោះជាមាន ហេតុការណ៍អាក្រក់ កើតឡើងយ៉ាងនេះក្តី គេសង្កេតឃើញថា ក្រុមចម្រៀងនារីមួនេះ ​បានព្យាយាមសម្តែង រហូតដល់ចប់ចុងចប់ដើម យ៉ាងអស់ពីចិត្តផងដែរ។ ប៉ុន្តែជាសំណាងល្អ ក្រោយពេលបញ្ចប់ ការសម្តែង ពួកគេទទួលបាន សំលេងទះដៃលើកទឹកចិត្ត ពីសំណាក់ទស្សនិកជន យ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេង អុិនធឺណែតជាច្រើន បានធ្វើការស្ញើចសរសើរ ចំពោះការតស៊ូ និងភាពទទួលខុសត្រូវ របស់ពួកគេផងដែរ។


ក្រុម G-Friend

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងនារីកូរ៉េ G-Friend ជាក្រុមចម្រៀងថ្មី ដែលធ្វើការផ្សព្វផ្សាយ អាល់ប៊ុមដំបូង "Season of Glass" កាលពីដើមឆ្នាំនេះ ហើយពួកគេទើបនឹង ចេញអាល់ប៊ុមជាលើកទី២ "Flower Bud" ក្នុងខែកក្កដា កន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាជនកូរ៉េ៕

សូមទស្សនា វីដេអូខាងក្រោមនេះ៖

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]