ប្រទេសទួកគី៖ រូបថតជាច្រើនសន្លឹក នៃសាកសពក្មេងប្រុស ជនជាតិស៊ីរ៉ី ដែលបានស្លាប់ នៅមាត់ឆ្នេរ នៃប្រទេសទួកគី ក្រោយព្យាយាមភៀសខ្លួន ជាមួយក្រុមគ្រួសារ ទៅកាន់ទ្វីបអ៊ឺរ៉ុប បាននិងកំពុងក្លាយជា ប្រធានបទ យ៉ាងក្តៅគគុក ខណៈអ្នកប្រើប្រាស់ អ៊ីនធឺណែត នាំគ្នាចែកចាយ ជាបន្តបន្ទាប់ ហើយក៏មាន មតិរិះគន់ ជាច្រើនផងដែរ។


ក្មេងប្រុស Aylan Kurdi 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ដែលបានស្លាប់ យ៉ាងអណោចអធ័ម នៅមាត់ឆ្នេរ នៃប្រទេសទួកគីនោះ មានឈ្មោះថា Aylan Kurdi អាយុ៣ឆ្នាំ បានស្លាប់បន្ទាប់ពី ព្យាយាមភៀសខ្លួន ជាមួយនឹង ក្រុមគ្រួសារ ទៅកាន់ទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានជួបហេតុការណ៏ ក្រឡាប់ និងលិចទូក ខណៈព្យាយាមធ្វើដំណើរ សំដៅទៅកាន់ កោះ Kos របស់ប្រទេសហ្គ្រិច។

ប្រភពដដែលបានបន្តទៀតថា ហេតុការណ៏ដ៏អាក្រក់នោះ បានកើតឡើង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយក្មេងប្រុស Aylan និងបងប្រុស អាយុ ៥ឆ្នាំ Galip Kurdi រួមជាមួយនឹងម្តាយ ក៏បានស្លាប់ នៅក្នុងហេតុការណ៏ នោះផងដែរ បន្ទាប់ពីចាកចេញពី ទីក្រុង Kobane ដើម្បីភៀសខ្លួន ទៅកាន់ទ្វីបអ៊ឺរ៉ុប។

គួរបញ្ជាក់ផងដែរថា ពួកគេ និងជនភៀសខ្លួន ជនជាតិស៊ីរ៉ី ជាច្រើននាក់ បានភៀសខ្លួន ចេញពីទីក្រុង Kobane បន្ទាប់ពីទីក្រុងនេះ ត្រូវបាន ក្រុមសកម្មប្រយុទ្ធ ISIS កាន់កាប់ បណ្តាលឲ្យមនុស្ស សឹងគ្រប់គ្នា ដែលរស់នៅទីនោះ គ្មានផ្ទះសំបែងនៅ ទើបសម្រេចចិត្ត ធ្វើការភៀសខ្លួន បែបនេះ។

លោក Abdullah Kurdi ជាឪពុក និងប្តី របស់ជនរងគ្រោះ ទាំង៣នាក់ខាងលើ បាននិយាយប្រាប់ ទាំងទឹកភ្នែកស្រក់ មិនអាចទប់បានថា «រលកមានកំពស់ខ្ពស់ខ្លាំងណាស់ ហើយអ្នកបើកបរទូក ភ័យស្លន់ស្លោ ក៏លោតចូល ទៅក្នុងសមុទ្របាត់ទៅ។»

ក្រុមគ្រួសារ លោក Kurdi បានចំណាយប្រាក់ ប្រហែល ៤ពាន់ដុល្លារ ដើម្បីជួលទូក ជិះគេចខ្លួន ទៅកាន់ទ្វីបអ៊ឺរ៉ុប ប៉ុន្តែពួកគេ មិនមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញអាវពោង យកមកការពារខ្លួន នៅពេលភៀសខ្លួនឡើយ។


លោក Abdullah Kurdi ជាឪពុក និងប្តី របស់ជនរងគ្រោះ ទាំង៣នាក់


មឈូសម្តាយកូនទាំង៣នាក់


ក្មេងប្រុស Aylan និងបងប្រុស Galip Kurdi

គួររំលឹកផងដែរថា មនុស្សច្រើនជាង ៣សែននាក់ បានព្យាយាមធ្វើដំណើរ ទាំងប្រថុយប្រថាន ទៅកាន់ទ្វីបអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៥នេះ។

យ៉ាងណាមិញ រូបថតរបស់ ក្មេងប្រុស Aylan ដែលបានដេកផ្កាប់មុខស្លាប់ នៅលើឆ្នេរសមុទ្រ Ali Hoca Point Beach បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Twitter ជាច្រើន បាននាំគ្នាគូររូប ក្មេងប្រុស Aylan ដេកស្លាប់នោះ ឡើងវិញ ក្នុងគោលបំណង វាយប្រហារ ទៅលើភាពអសកម្ម របស់សហគមន៍អន្តរជាតិ៕










ប្រភព ៖ Metro & Asiantown

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]