ខេត្ត​ត្បូងឃ្មុំ ៖ មេខ្លោង​ជួញដូរ​ គ្រឿងញៀន​ម្នាក់ ឈ្មោះ ងួ​ន នី ហៅ​ឃ្លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ដែល​បាន​ព្យាយាម​រត់គេច​ខ្លួន ​​ទៅ​សម្ងំ​នៅ​កន្លែង​មួយ​នោះ ទីបំផុត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន ​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​ជីវ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន ក្រាម​ពណ៌​ស ១៦​កញ្ចប់​ធំ និង​៣៨​កញ្ចប់​តូច កាំភ្លើងខ្លី​កា​៥៤​មួយ​ដើម និង​ម៉ូតូ​២​គ្រឿង​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ ស្រុក​មេមត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​រូប​លោ​កម​កកាន់​តំណែង​ជា​អធិការ ​នគរបាល​ស្រុក​មេមត់​នោះ គឺ​ផ្អែក​តាម​បញ្ជា​របស់​ លោកឧត្តម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ ​បង្ក្រាប​បទល្មើស ដែល​លេចធ្លោ​ជាង​គេ គឺ​គ្រឿងញៀន​នៅ​ក្នុង​ទឹកដី​ស្រុក​មេមត់ រួម​នឹង​បទល្មើស​ផ្សេង​ៗ​ទៀត ។

លោក​វរសេនីយ៍ត្រី​បន្ត​ថា នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​បទល្មើស​ គ្រឿងញៀន​ត្រូវ​បាន​បង្ក្រាប​ ជា​បន្តបន្ទាប់ ដូច​ជា​តាម​ចាប់​ជនសង្ស័យ​គ្រឿងញៀន លុះ​ពេល​ចាប់​បាន​នាំ​ទៅ​ឆែកឆេរ​ផ្ទះ រឹបអូស​បាន​ឈើប្រណីត​ ជាង​៥០០​កំណាត់ រួម​ទាំង​អាវុធ​ខ្លី ​១​ដើមផង​ដែរ ។

ពេល​ដែល​រូប​លោក​បាន ​ទទួល​ដីកា​​ចាប់​ខ្លួន​ ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ របស់​លោក គង់ ចន្ទ​ខេ​ម​រិ​ន្ទ ចៅក្រម​ស៊ើបសួរ​នោះ ដោយ​បង្គាប់​ឱ្យ​តាម​ចាប់ខ្លួន​ឈ្មោះ ឃ្លី ដែល​ជា​មេខ្លោង​ម្នាក់​ល្បី​ខាង​ជួញដូរ​ ថ្នាំ​ញៀន​នៅ​ស្រុក​មេមត់​នា​ពេល​កន្លង​មក ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កម្លាំង​សម្ងាត់​បាន​ស៊ើប​ដឹង​ថា ជន​នេះ​កំពុង​តែ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏​បាន​ចាត់​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ ចុះ​ទៅ​ជា​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​សហការ​ជាមួយ នឹង​នគរបាល​ស្រុក​ស្នួល ។

ក្នុង​ពេល​ដែល ​ចាប់ខ្លួន​ជនសង្ស័យ​នោះ គឺ​ដកហូត​បាន​វត្ថុ​តាង​ មួយ​ចំនួន​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ចាត់ការ​បន្ត​ទៅ​ សាលាដំបូង​ខេត្ត ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ តាម​ដីកា​ដោយ​ចោទប្រកាន់​ពី ​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រ​ព្រិ​ត្ត​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៥ នៅ​ភូមិ​ក្ងោក ឃុំ​គគី ស្រុក​មេមត់ ។ ក្រោយ​ពេល​​ចាប់ខ្លួន​បាន​លើក​នេះ ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់ ​បទល្មើស​រហូត​ដល់​ទៅ​៣ ក្នុង​នោះ​មាន ១-​ចាប់​តាម​ដីកា ២-​ជួញដូរ​ថ្នាំ​ញៀន ​ជាក់ស្តែង​ និង​៣-​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ពេល​ណា​ដែល​កម្លាំង ​សមត្ថកិច្ច​ចាប់​បាន​ជន​ណា ​ម្នាក់​តាម​ដីកា​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ នឹង​ផ្តល់​រង្វាន់​ប្រាក់​លើក​ទឹក​ចិត្ត​ ចំនួន​១៥​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ផង​ដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]