ព្រះសីហនុ៖ ចោរប្លន់មួយក្រុម ដែលគេសង្ស័យថា មានគ្នាប្រមាណជា៤នាក់ ប្រដាប់ដោយអាវុធ និងជិះរថយន្ដមួយគ្រឿង បានចូលទៅធ្វើសកម្មភាព ប្លន់ផ្ទះទិញលក់ផល នេសាទសមុទ្រទាំងកណ្ដាលថ្ងៃត្រង់ ដោយយកបានលុយប្រមាណជាជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការតាមរុករក តែនៅ មិនទាន់ប្រទះក្រុមចោរប្លន់ខាងលើនេះ ឡើយ ។

ករណីក្រុមចោរចូលប្លន់ខាងលើនេះបាន កើតឡើងនៅវេលាម៉ោង ប្រមាណ១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅ ផ្ទះជនរងគ្រោះរកស៊ីទិញលក់ផលនេសាទ សមុទ្រនៅភូមិរំដួលជើងភ្នំ តំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

តាមប្រភពព័ត៌មាន ជំហានដំបូងបានឱ្យដឹងថា ជនល្មើសមានគ្នាយ៉ាងតិចចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីនិងជិះរថយន្ដមួយគ្រឿង បានចូលទៅធ្វើសកម្មភាពភ្ជង់ប្លន់ យកលុយកាក់ នៅក្នុងផ្ទះរបស់ជនរងគ្រោះ តែមិនបានផ្ទុះអាវុធធ្វើជនរងគ្រោះមាន គ្រោះថ្នាក់នោះឡើយ ដោយគ្រាន់តែភ្ជង់ប្លន់ យកតែប៉ុណ្ណោះ ។

តាមការអះអាងពីភាគីម្ចាស់ផ្ទះ គឺក្រុមចោរបានយក អស់លុយដុល្លារជាង១ម៉ឺន លុយបាតចំនួន៨០០០បាត និងប្រាក់រៀល ចំនួន២លានរៀល រួមទាំងគ្រឿងអលង្កាមួយចំនួនទៀត ហើយក៏នាំគ្នាជិះរថយន្ដ គេចខ្លួនឆ្ពោះ ទៅផ្លូវស្ទឹងហាវបាត់អស់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរុករក ដោយគេអះអាងថា បើជនល្មើសពិតជាបើករត់គេច ទៅផ្លូវស្ទឹងហាវមែន សមត្ថកិច្ចងាយនឹងស្វែងរកឃើញ ព្រោះផ្លូវទៅស្ទឹងហាវមិនមានផ្លូវ សម្រាប់គេចខ្លួនច្រើននោះទេ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]