ឥណ្ឌា៖ បងប្អូនស្រីពីរនាក់ត្រូវបាន គេដាក់ទណ្ឌកម្ម ដោយការ ចាប់រំលោភ បន្ទាប់ពីបងប្រុស របស់ពួកគេរត់ តាម ស្រ្តីម្នាក់ ដែលធ្លាប់រៀបការរួច។

ក្រុមប្រឹក្សាភូមិមួយដែលមាន សមាជិកសុទ្ធតែ ជាបុរស និងបង្កើតឡើង ដោយមិនបានការ បោះឆ្នោតអ្វីទាំងអស់ បានបញ្ជាឲ្យ បងប្អូន ស្រី២នាក់ ម្នាក់មានអាយុ ២៣ឆ្នាំ ឈ្មោះ Minakshi Kumari ហើយម្នាក់ទៀតមាន អាយុ១៥ឆ្នាំ ឲ្យលាបមុខឲ្យខ្មៅ ហើយដើរស្រាត។

ដោយយោងទៅតាម សារព័ត៌មានបាន ចុះផ្សាយថា បងប្រុសរបស់ពួកគេ ដែលមានឈ្មោះថា Ravi បាន ស្រលាញ់ស្រ្តីម្នាក់ ដែលស្ថិតនៅក្នុងវណ្ណៈ Jat ដែលជាវណ្ណៈ សង្គមខ្ពស់ ជាងវណ្ណៈ Dalit របស់ Ravi និងក្រុមគ្រួសារ របស់គាត់ ហើយវណ្ណៈនេះផងដែរ ត្រូវបានគេស្គាល់ ថាជាវណ្ណៈទាប ជាងគេនៅក្នុង សង្គមរបស់ឥណ្ឌា។ ក្រុមគ្រួសារ របស់ស្រ្តីដែលស្ថិត នៅក្នុងវណ្ណៈ Jat ម្នាក់នោះ បានឲ្យនាងរៀបការ ជាមួយនឹងបុរស ម្នាក់ផ្សេងទៀត កាលពីខែកុម្ភៈ​ កន្លងទៅ តែក្រោយមក នាងក៏គេចខ្លួន ហើយលួចរត់ ទៅរៀបការជាមួយ Ravi នៅក្នុងខែមិនា។ ដើម្បីជាការដាក់ ទោស កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ ក្រុមប្រឹក្សាភូមិ បានសម្រេចឲ្យ ប្អូនស្រីទាំង ពីររបស់ Ravi ត្រូវទទួលទោស ដោយការចាប់រំលោភ សងទៅនឹង ទង្វើដែល Ravi បានធ្វើ។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ ត្រូវបាន ទំលាយដោយ អង្គការសិទ្ធិមនុស្សអន្ដរជាតិ ឈ្មោះថា  Amnesty International ក្រោយពី ក្រុមគ្រួសារ នារីរងគ្រោះបានរត់គេចខ្លួន ពីផ្ទះពួកគេស្ថិត ក្នុងតំបន់ Baghpat ខណៈដែលផ្ទះរបស់ពួកគេ បានរុះរើដូចគ្នា បន្ទាប់ពីពួកគេ បានរត់ចេញមក។ ជាមួយគ្នានោះ ប្អូនប្រុសរបស់នារីរងគ្រោះ ទាំងពីរ ឈ្មោះ Sumit Kumar បានប្រាប់ អង្គការនេះថា សមាជិកម្នាក់នៃវណ្ណៈ Jat គឺជាសមាជិក ដ៏មានឥទ្ធិពល របស់ក្រុមប្រឹក្សាភូមិនេះ ហើយ សេចក្តីសម្រេចរបស់ Jat គឺជាសេចក្តី សម្រេចចុងក្រោយ។ ក្រុមគ្រួសាររបស់ ពួកគេមានការ ភ័យខ្លាច ចំពោះការ វិលត្រលប់ទៅវិញ។ ពួកគេបានដាក់ ពាក្យបណ្តឹងទៅកាន់ តុលាការកំពូល របស់ឥណ្ឌា ដើម្បីឲ្យមាន ការការពារ។ ខណៈពេលនោះ ផងដែរ ឪពុករបស់ពួកគេ បានធ្វើការ ប្តឹងទៅកាន់ស្ថាប័ន ជាតិពីរផ្សេងទៀត ដោយអះអាងថា ក្រុមគ្រួសារ របស់គាត់ត្រូវ ទទួលរងនូវការ បំពានដោយក្រុមប៉ូលីស និងក្រុមគ្រួសារ ខាងស្ត្រីដែល ជាវណ្ណៈ Jat នោះ ។ ពួកគេក៏មាន ការព្រួយបារម្ភ ពីសុវត្ថិភាព របស់ស្រ្តីវណ្ណៈ Jat នោះផងដែរ ដោយពួកគេជឿថា នាងកំពុងមានគភ៌ ជាមួយនឹង Ravi។ អង្គការសិទ្ធិមនុស្សអន្ដរជាតិនេះ បានចេញលិខិត បណ្តឹងមួយ ទាមទារឲ្យ អាជ្ញាធរឥណ្ឌា ចូលធ្វើអន្តរាគមន៍ និងការពារបង ប្អូនស្រីទាំងពីរនោះ ជាបន្ទាន់។ 

នៅក្នុងការកោះហៅនៅតុលាការ អង្គការសិទ្ធិមនុស្សអន្ដរជាតិ នេះបាននិយាយថា៖ "ក្រុមប្រឹក្សា ដែលបង្កើត ឡើងដោយគ្មានការបោះ ឆ្នោតបែបនេះ មានច្រើនណាស់ គឺពាសពេញ ប្រទេសឥណ្ឌា។ លើសពីនេះទៅ ទៀតពួកគេ មិនមែនបង្កើតឡើង ដោយអ្នកចាស់ទុំនៅក្នុងវណ្ណៈ ដ៏មានឥទ្ធិពលណាមួយ ដើម្បីដាក់បញ្ញត្តិទៅ លើអាកប្បកិរិយា និងទំនាក់ទំនង នៅក្នុងភូមិឡើយ ហើយមិនមានអ្វី ដែលបង្ហាញថា ការដាក់ទណ្ឌកម្ម ដ៏គួរឲ្យស្អប់ខ្ពើមនេះ ជាទង្វើត្រឹមត្រូវឡើយ វាជារឿងអយុត្តិធម៌ និងមិនត្រឹមត្រូវ ហើយវាក៏ផ្ទុយ នឹងច្បាប់ផងដែរ។"


រូបតំណាង

ប្រភព៖ Mirror

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]