ចិន៖ បុរសចំណាស់ម្នាក់ បានចូលមន្ទីរពេទ្យភ្លាមៗ ក្រោយពេលចម្អិនគីង្គក់ហូបអស់បីក្បាលរួចមក ដោយមានជំនឿថា វាអាចព្យាបាលជម្ងឺស្បែករបស់គាត់ ដែលកើតរយៈពេលជាយូរមកហើយនោះ។

តាមគេហទំព័របរទេសមួយបានឲ្យដឹងថា បុរសចំណាស់ម្នាក់ត្រកូល Gao អាយុ ៧០ឆ្នាំ រស់នៅទីក្រុងសៀងហៃ បានកើតជម្ងឺស្បែកជាច្រើនឆ្នាំណាស់មកហើយ។ គាត់បានប្រាប់ថា ការបរិភោគគីង្គក់នេះ អាចជួយសម្អាតជាតិពុលនៅក្នុងខ្លួន និងមានឥទ្ធិពលខ្លាំងក្នុងការព្យាបាលជម្ងឺស្បែកផងដែរ ទើបគាត់សម្រេចចិត្តយកគីង្គក់នោះ មកចម្អិនជាស៊ុបដើម្បីទទួលទាន។ រយៈពេលមួយម៉ោងក្រោយ គាត់ចាប់ផ្តើម ក្អួត និងមានអារម្មណ៍ថាវិលមុខ។ គាត់មានការតក់ស្លុតជាខ្លាំង ហើយចង្វាក់បេះដូងរបស់គាត់ធ្លាក់ចុះទាប លោតត្រឹមតែ ៣០ដង ក្នុងមួយនាទីប៉ុណ្ណោះ។

គេបានបញ្ជូនគាត់ ទៅសង្គ្រោះបន្ទាន់ និងធ្វើការលាងសម្អាតក្រពះនៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងតំបន់។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ផ្នែកខ្លះរបស់គីង្គក់ពិតជាអាចប្រើជាថ្នាំបានមែន ប៉ុន្តែផ្នែកខ្លះទៀត វាអាចធ្វើឲ្យ ពុលបានផងដែរ។ ផ្នែកដែលពុលនោះ អាចបំផ្លាញប្រព័ន្ធសរសៃរប្រសាទកណ្តាល និងប្រព័ន្ធរំលាយអាហារ របស់មនុស្សបានយ៉ាងងាយ។ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់បានទៀតផង ដោយសារតែប្រព័ន្ធដង្ហើម និងប្រព័ន្ធឈាមរត់ធ្លាក់ចុះខ្សោយ។

នេះជាករណីគួរពិចារណាផងដែរ សម្រាប់មនុស្សដែលនិយមយកគីង្គក់ មកបរិភោគ ដូចជាសម្រាប់ចម្ចាត់ជម្ងឺផ្សេងៗជាដើម តែជាក់ស្តែងដូចបុរសនេះស្រាប់ បានពុលចូលពេទ្យ ឬក៏ធ្ងន់ធ្ងរ អាចឆក់យកអាយុជីវិតទៀតផង៕

​ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]