បរទេស៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយបន្ទាប់ពី អ្នកវិទ្យាសាស្ត្រម្នាក់ បានចេញមុខអះអាងថា ផែនដីអាចទទួលរងគ្រោះមហន្តរាយ ព្រោះតែមានអាចម៍ផ្កាយ ដ៏ធំមួយនឹងហោះមកបុក ក្នុងអំឡុងពេលខែក្រោយនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Efrain Rodriguez អ្នកជំនាញព្យាករណ៍ស្ថានភាព ក្នុងលំហអាកាស និងជាអ្នកវិទ្យាសាស្ត្រមួយរូប ដែលបានប្រគល់ការ ស្រាវជ្រាវរបស់ខ្លួនទៅឲ្យ អង្គការណាសា បានអះអាងថា មានអាចម៍ផ្កាយដ៏ធំមួយ កំពុងតែមានដំណើរ ឆ្ពោះមកកាន់ផែនដី របស់យើងហើយវា នឹងអាចប៉ះទង្គិចជាមួយផែនដី ក្នុងរយៈពេល៤សប្តាហ៍ ខាងមុខនេះទៀត ពោលគឺស្ថិតនៅក្នុងអំឡុង ថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញានេះ។

ផ្អែកលើការបញ្ជាក់បន្ថែម បានឲ្យដឹងថា ការព្យាករណ៍ទុករបស់លោក Rodriguez គឺផ្អែកលើទំនាយច័ន្ទគ្រាស (Blood Moon Prophecy) ហើយវានឹងអាច លេចឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំនេះ។ Rodriguez បាននិយាយថា “ខ្ញុំអាចមើលដឹងថា មានអាចម៍ផ្កាយដ៏ធំមួយ កំពុងស្ថិតនៅក្នុងលំហអាកាស ហើយមានទិសដៅ មករកផែនដីយើង ក្នុងនោះដែរវាអាចនឹងធ្លាក់ នៅក្នុងទីក្រុង Arecibo នៃប្រទេស Puerto Rico និងបានវាយប្រហារ ទៅលើផ្ទៃសមុទ្ររវាងកោះ Mona និងកោះ Mayaguez ព្រមទាំងអាចបង្ក ឲ្យមានការរញ្ជួយផែនដី កម្រិត១២រិចទ័រ ទៀតផង”។


រូបភាពនៃការ ប៉ះទង្គិចរបស់ អាចម៍ផ្កាយមកលើ ភពផែនដីរបស់យើង

យ៉ាងណាមិញ អង្គការណាសា ក៏បានចេញមុខបកស្រាយ ជុំវិញការព្យាករណ៍មួយនេះផងដែរ ដោយក្នុងនោះលោក Paul Chodas មកពីអង្គភាព NEOs របស់អង្គការណាសា បានចេញសេចក្តីថ្លែងការណ៍មួយ នៅឯមន្ទីរពិសោធន៍ Jet Propulsion ក្នុងទីក្រុង Pasadena នៃរដ្ឋ California សហរដ្ឋអាមេរិក ដោយបានច្រានចោលចំពោះ ការព្យាករណ៍មួយនេះ ព្រមទាំងបាន បញ្ជាក់ថា “តាមពិតទៅ គឺថាមិនមានភស្តុតាងជាក់ស្តែងណា មិនមានការសន្និដ្ឋាន តាមបែបវិទ្យាសាស្ត្រណាមួយ ដែលបង្ហាញថាមានអាចម៍ផ្កាយ ឬក៏របស់ផ្សេងទៀត ក្នុងលំហអាកាស មានទិសដៅឆ្ពោះមករក ឬក៏អាចប៉ះទង្គិចជាមួយ ផែនដីយើង ក្នុងអំឡុងពេលនោះទេ ហើយតទៅប៉ុន្មានសតវត្សទៀត ក៏មិនទាន់មាននោះដែរ”។

គួរបញ្ជាក់ផងដែរថា មានការព្រួយបារម្ភជាច្រើន ជុំវិញការព្យាករណ៍ របស់អ្នកជំនាញមួយរូបនោះ បើទោះជាមាន ការបកស្រាយពីអង្គការ ណាសា រួចរាល់ហើយ យ៉ាងណាក៏ដោយ៕


អាចម៍ផ្កាយ គឺជាការគំរាមកំហែង ដ៏ធំមួយមកលើ ភពផែនដីរបស់យើង

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]