អូស្ត្រាលី ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ជាមួយនឹង អាការៈធ្ងន់ធ្ងរមួយ ប៉ុន្តែបែរជាត្រូវ ម្តាយចិត្តអប្រិយ ព្យាយាមបំពុល ថែមទៀត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្តាយចិត្តដាច់ មិនត្រូវបានគេ ស្គាល់ឈ្មោះម្នាក់នោះ អាយុ ៤២ឆ្នាំ បានព្យាយាម យកទឹកនោម ចាក់បញ្ចូលទៅក្នុងសេរ៉ូម ដែលកំពុងបង្ហូរ ចូលទៅក្នុងខ្លួនកូនស្រី។

ស្រ្តីជាម្តាយរូបនោះ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីខែមុន ដោយប៉ូលីស បានធ្វើការចោទប្រកាន់ នាងពីបទ ប្រើម្ជុលចាក់បញ្ចូលទឹកនោម ដែលមានជាតិពុល ចូលក្នុងសរសៃរវ៉ែន របស់កូនស្រី កាលពីថ្ងៃទី១១ ខែមិនា កន្លងទៅនេះ។

ជាមួយគ្នានេះដែរ នៅពីថ្ងៃទី ២៦ សីហា ម្សិលមិញនេះ ម្តាយចិត្តអប្រិយ រូបនោះ បានបង្ហាញខ្លួន នៅក្នុងតុលាការ រដ្ឋ New South Wales (NSW) ក្នុងប្រទេសអូស្ត្រាលី ដោយត្រូវបាន ចោទប្រកាន់ពីបទ ប្រើថ្នាំបំពុល បង្កគ្រោះថ្នាក់ ដល់ជីវិត ឬ បង្ករបួសស្នាមធ្ងន់ធ្ងរ លើរាងកាយ និងបទរំលោភបំពាន រាងកាយ យ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះ បានកើតមាន អាការៈដ៏កម្រមួយ ប៉ុន្តែក្រុមគ្រូពេទ្យ មិនបានបញ្ជាក់ថា វាជាជំងឺអ្វី ឲ្យប្រាកដនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះ ត្រូវបានគ្រូពេទ្យព្យាបាល និងអនុញ្ញាត ឲ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពីអាការៈនាង បានធូរស្រាល។

ស្រ្តីជាម្តាយ ក៏បានបង្ហោះសារ នៅលើបណ្តាញសង្គម Twitter ដោយសរសេររៀបរាប់ អំពីអាការៈ កូនស្រីខ្លួន និងការព្យាបាល របស់នាង ផងដែរ។ តែយ៉ាងណាមិញ ស្រ្តីជាម្តាយ ត្រូវបានតុលាការ ដាក់បំរាមមិនឲ្យជួបកូន តទៅទៀតទេ៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]