រាជធានីភ្នំពេញ ៖ នារី​ម្នាក់​​បាន​ដួល​ម៉ូតូ​បោកក្បាល​ ​ខណៈ​​ត្រូវក្រុម​ចោរ​២នាក់​​​ជិះ​ម៉ូតូ ​មក​ពី​​ក្រោយ​ឆក់​​​យក​កាបូប​​ដែល​នាងស្ពាយ​ពីចំហៀង​​ បន្សល់​ទុក​​តែ​ខ្សែ​កាបូបប​ន្តិច​​​នៅ​ជាប់​នឹង​​​ស្មា​ម្ចាស់​​ កាលពី​វេលាម៉ោង​៨​និង​១៥​នាទី​យប់​ ​ថ្ងៃទី​​២៦ កក្កដា ​នៅកែងផ្លូវ​លេខ​៣៨០ និង​ផ្លូវ​លេខ​​៥១ ខាង​កើត​ផ្សារ​បឹង​កេង​កង​១ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។​

នារី​ដែល​ត្រូវ​ចោរឆក់​កាបូប​នេះ​ឈ្មោះ​ ចៅ ធារី ​អាយុ​២៣ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​លេខ០​២២ ​ផ្លូវ​​លេខ​៦៣ សង្កាត់​​ទន្លេ​បា​សាក់ ខណ្ឌ​ចំការមន ​។ នាងជិះម៉ូតូ​ហ្វ៊ីណូ ពណ៌​ក្រហម ​​តាម​​ផ្លូវ​លេខ​៦៣ ​ពី​កើត​ទៅលិច​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ជាមួយ​​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ​ជិះ​គ្នា​២​នាក់​ ជា​យុវជន​​ស្ទាវ​ ។ ​លុះ​ពេល​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់​តែ​​យុវ​ជនទាំងពីរ​នាក់​នោះ ​​បាន​ធ្វើ​សកម្មភាព​​ឆក់​យក​កាបូប​ស្ពាយ​ពី​ចំហៀង​របស​់​នាងរួច​ជិះ​គេច​ទៅ​បាត់​​​ ធ្វើ​ឱ្យ​នាង​​ដួល​ម៉ូតូ​បោក​ក្បាល​រងរបួស​​ ព្រោះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ ​​និង​មានការ​តក់​ស្លុត​យ៉ាង​ខ្លាំងក្នុង​​ហេតុ​ការណ៍​នេះ ។​

ក្រោយ​​​ពេលកើត​​​ហេតុ ​​ម្ចាស់​ផ្ទះ​​ជួល​​របស់​នាង​ជិះម៉ូតូ​ឆ្លង​កាត់​ឃើញក៏​ទូរ​ស័ព្ទ​​ប្រាប់​​បងប្អូន​នាង លុះពេល​​​បង​ប្អូន​ប្រុសស្រី​នាង​មក​ដល់​​​ក៏បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។​ ចំពោះ​​​កាបូប​​​ដែល​ជន​សង្ស័យ​ឆក់​យកទៅ​បាត់នោះ ​គេពុំ​ទាន់​ដឹង​ថា តើ​មាន​របស់​ទ្រព្យអ្វីខ្លះ​នៅ​ក្នុង​នោះទេ​ ដោយ​សារ​នាង​មិន​ទាន់​អាច​និយាយ​បាន ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]