រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែ​សីហា​ ឆ្នាំ ២០១៥ កន្លង​​ទៅ​នេះ​​ក្រុមហ៊ុន ខេ ស៊ីមេន បានរៀប​ចំ​សន្និសីទ​កាសែត​មួយ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ក្រោម​អធិបតីភាព​​ ឯកឧត្តម​ តែម​ ម៉ឺន ប្រធានសហព័ន្ធ​កីឡា​ប្រដាល់កម្ពុជា​ លោក​ គិត គឹមអ៊ន ប្រធានផ្នែកលក់ និង​ជា​​តំណាង​ក្រុម​ហ៊ុន​ ខេ ស៊ីមេន​ និង​​អ្នក​តំណាង​ពី​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ​ដើម្បី​ប្រកាស​ជាផ្លូវ​ការ​នូវ​ការ​ឧបត្ថម្ភ​ ទាំងស្រុង​​ក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរ    ​រដូវកាល​ថ្មី​ដើម្បីស្វែងរក កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន ដែល​បាន​នឹង​កំពុង​មាន ​ការគាំទ្រ​យ៉ាង​ខ្លាំង​នៅស្ថានីយទូរទស្សន៍​ អាស៊ីអាគ្នេយ៍​​​​​តាំង​ពី​រដូវ​កាល​មុនមក​​។


​សន្និសីទ​កាសែត​ នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍​ប្រដាល់​ដែល​​ មាន​កិច្ច​សហការ​​រវាង​ភាគីធំៗ​ចំនួន​បី​គឺ​ ក្រុម​ហ៊ុន ខេស៊ីមែន សហព័ន្ធកីឡាប្រដាល់កម្ពុជា និង​ស្ថានីយទូរទស្សន៍​ អាស៊ីអាគ្នេយ៍​ នឹង​បន្ត​នាំ​មក​ជូន​ទស្សនិកជន ​នូវ​កម្មវិធី​​ប្រដាល់​ដែល​កាន់​តែ​ ជក់ចិត្ត​ដិត​អារម្មណ៍​ជាង​មុន នៅរៀង​រាល់​ថ្ងៃ​ សៅរ៍​ ចាប់​ពី​ថ្ងៃ​ទី​ ៥ ខែ​កញ្ញា ឆ្នាំ ២០១៥ ពី​ម៉ោង ២ រហូតដល់​ ៤ រសៀល​តទៅ​ ដែល​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​ ប្រដាល់​អាច​ទស្សនា​តាមរយៈ​​​ កញ្ចក់​​ទូរទស្សន៍​ អាស៊ីអាគ្នេហ៍​ ឬនៅ​សង្វៀន​ប្រដាល់​ អាស៊ីអាគ្នេយ៍ដោយ​ផ្ទាល់។​ កីឡាករទាំង៨រូប​រួម​មាន​៖​ ១. ស៊ូ វណ្ណៈ ២. ឆៃ សារ៉ា​ ៣. សល់ ពិសិដ្ឋ ៤. តក់ សោភ័ណ្ឌ ៥. ប្រាក់​ រស្មី ៦. ឯម លីថូ ៧. ហេង វាសនា និង ៨. សេង ស្រឿន​​។​

បើ​តាម​លោក​ គិត គឹមអ៊ន កម្មវិធី​ប្រដាល់​នេះ​បាន​នឹង​ កំពុង​មាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ ដែល​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​សម្រេច ​​ដាក់​បន្ថែម​ការ​ប្រកួត​លក្ខណៈ ​មិត្តភាព​អន្តរជាតិ​ពីរ​សប្តាហ៍ ​ជារៀង​រាល់​ខែ​ ដោយ​មួយ​សប្តាហ៍​ នឹង​មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​គូ ដើម្បី​ជាការ​ឆ្លើយ​តប​ចំពោះ​ ការ​គាំទ្រ​របស់​អ្នក​ស្នេហា​វិស័យ​កីឡា ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​កម្មវិធី​ កំពូលអ្នក​ប្រដាល់​ជើង​ឯក ខេ ស៊ីមេន ​។

នៅ​ក្នុង​សន្និសីទ​កាសែត​​នេះ ដែរ​ឯកឧត្តម តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធកីឡា ប្រដាល់កម្ពុជា​បានមានប្រសាសន៍ទាក់ទងនឹងការប្រកួតនេះថា លោកពិតជា មានសេចក្តីរីករាយដែល ស្ថានីយទូរទស្សន៍ SEA TV តែងយកចិត្តទុកដាក់ សហការជាមួយ សហព័ន្ធកីឡាប្រដាល់ ដើម្បីរួមចំណែក លើកកំពស់វិស័យកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរយើង ហើយ ការប្រកួតនេះ នឹងជួយបង្កើនសមត្ថភាពកីឡាករ មន្ត្រីបច្ចេកទេស និងគណៈកម្មការ ប្រដាល់បន្ថែមទៀត ដែលវាជាធនធានមួយក្នុងការ ត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការ ធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នាពេលខាងមុខ ។

ដោយឡែក តំណាងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ​លោក ហេង សុធា ក្នុងឱកាសនោះ​ បានមានប្រសាសន៍ឱ្យ​ដឹង​ផង​ដែរ​ថា នាពេលបច្ចុប្បន្នលោក មើលឃើញថា កីឡាប្រដាល់ក្បាច់គុនបុរាណ មានការរីកចំរើន គួរឲ្យកត់សំគាល់ ហើយលោកសង្ឃឹមថា វិស័យនេះ នឹងកាន់តែមានសន្ទុះកាន់តែ ខ្លាំងក្លាថែមទៀត ហើយលោក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ខេ ស៊ីមេន ដែលបានឧបត្ថម្ភផ្តាច់មុខ ដល់ការប្រកួតប្រដាល់នេះ ដែលជានិច្ចកាល ក្រុមហ៊ុនតែងជួយ លើកស្ទួយវិស័យកីឡានានា នៅកម្ពុជាឥតឈប់ឈរ ។

ជាថ្មីម្តងទៀត សូម​កុំ​​ខក​ខាន​ក្នុង​ការ​ទស្សនា​កីឡា ​ប្រដាល់​ដ៏​ធំ​​អស្ចារ្យ​ដែល​មាន​ចម្រុះ​ ដោយការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ និង​មិត្តភាព​អន្តរជាតិ​នេះ​​ ដើម្បី​​ចូល​រួម​គាំ​ទ្រ​កីឡា​ករ​ដែល​អ្នក​ពេញ​ចិត្ត​ក្នុង​កម្ម​វិធី​ “​កំពូល​​អ្នក​ប្រដាល់​ជើង​ឯក ខេ ស៊ីមេន​”​ នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេហ៍​​​ និង​រង់​ចាំ​មើល​ថា​តើ​កីឡាករ​ណាមួយ​ដែល​នឹង​ក្លាយ​ជា​​កំពូល​​​ជើង​ឯក​​ក្នុង​កម្មវិធី​ប្រដាល់​​​នេះ។​ ការ​ចូល​រួម​ទស្សនា​របស់​លោក​អ្នក ​មាន​តម្លៃ​ស្មើ​នឹង​ការ​ចូលរួម​គាំទ្រ​កីឡាប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ៕

បញ្ចូលអត្ថបទដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]