ភ្នំពេញ៖ តារាសម្តែងសិចស៊ី ធ្លាប់សម្ញែងបញ្ចេញ សាច់ដើមទ្រូង មិនប្រណីដៃ អ្នកនាង ឆយី កន្លងមក ពុំធ្លាប់ មាននរណាម្នាក់ដឹងទេថា នាងបានភ្ជាប់ ទំនាក់ទំនងស្នេហា ស៊ីជម្រៅ ជាមួយបុរសណាម្នាក់ ជាផ្លូវការឡើយ សូម្បីតែអ្នកនៅក្នុងរង្វង់សិល្បៈ ជាមួយគ្នានោះ។ ប៉ុន្តែភាពភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោយពេល តារាស្រី ឆយី ចេញមុខប្រកាសបើកចំហថា ខ្លួនកំពុងមានកូន នឹងបានសម្រាល ដោយវិធីវះកាត់។

រូបភាពនៃការមានកូន របស់តារាសម្តែងធ្មេញជំពើស អ្នកនាង ឆយី កាលពីថ្មីៗនេះ បានក្លាយជា ប្រធានបទក្តៅ មួយសម្រាប់មជ្ឈដ្ឋាន អ្នកគាំទ្រវិស័យសិល្បៈ ក៏ដូចមិត្តភក្តិ រួមអាជីពការងារ ជាមួយ ព្រោះថា ការមានកូន ដោយ មិនបាន បង្ហាញមុខប្តី វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលខ្លាំងបំផុត ចំពោះជីវិតតារាស្រីម្នាក់នេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ ស្របពេលដែលសាច់រឿងនេះ កំពុងនៅតែបន្តក្លាយប្រធានបទ នៃការតាម ដានចង់ ដឹង ការពិត ពីសំណាក់មហាជន ស្រាប់តែថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់ អ្នកនាង ឆយី បានឃើញនាងសរសេរបង្ហោះសារ រៀបរាប់រំឭក ពីប្រវត្តិស្នេហ៍ត្រួតៗ ប្រាប់ទៅដល់ បុរសគូស្នេហ៍ ដែល ត្រូវជាស្វាមី និងជាឪពុករបស់ក្មេងស្រី ដែលទើបនឹងប្រសូត្រចេញពីឧទ្ធរណ៍ ប៉ុន្មានថ្ងៃ មុននេះ។

តាមរយៈខ្លឹមសារ ដែលត្រូវបានសរសេរបង្ហោះឡើង នៅលើបណ្តាញសង្គមសាធារណៈ កាលពីប៉ុន្មាននាទីមុន នេះអ្នកនាង ឆយី បាននិយាយរៀបរាប់ថា «រយៈពេល៧៨៣ថ្ងៃ(ជាង២ឆ្នាំ) ដែលពួកយើងបាន ស្គាល់គ្នា… ហើយក៏បានឆ្លងកាត់នូវរឿងជាច្រើន ជាមួយគ្នា..បញ្ហាឧបសគ្គលំបាក ឈ្លោះ គ្នាយំឱបគ្នា សប្បាយជាមួយគ្នា ដើរលេងគ្រប់កន្លែង បែកគ្នាម្តងហើយម្តងទៀត ទាំងអស់នេះ បានបន្សល់នូវអនុស្សាវរីយ៍ ជាច្រើនរាប់មិនអស់..»។

នៅក្នុងអត្ថន័យសារដដែលនោះអ្នកនាង ឆយី បាននិយាយទៀតថា «មកដល់ថ្ងៃនេះ ពួកយើង ក៏មានកូនស្រីមួយ ដ៏គួរឲ្យស្រលាញ់ ហើយអ្វីដែលចង់បាន គឺក្តីស្រលាញ់ និងភាពយល់ចិត្តពីបង….»។

គួរំឭកថា អ្នកនាង ឆយី បើទោះបីជា មកដល់ពេលនេះ នាងមិនទាន់បង្ហាញមុខស្វាមី ឬរៀបការ មានខាន់ស្លា តាមប្រពៃណីក៏ដោយ តែនាងនៅតែមាន ភាពក្លាហាន លាតត្រដាង ឆាកជីវិតពិត ឲ្យមហាជនបានដឹងថា ពេលនេះនាងកំពុងមានកូន ជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ឆយី ហាក់មានភាពក្លាយហាន ក្នុងការសម្ញែង វត្តមានកូនស្រីបណ្តូលចិត្ត មិនខ្វល់ខ្វាយ និងការរិះគន់អ្វីទាំងអស់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]