ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានបើកយុទ្ធនាការចុះទៅ ធ្វើរដ្ឋបាលនៅតាមកុដិ របស់វត្ដសេរីសោភា ហៅវត្ដអង្គតាមិញ ក្រោយពីប្រជាពលរដ្ឋ រាយការណ៍មកថា មានភាពមិនប្រក្រតីជា ច្រើននៅទីនោះ ដែលប្រព្រឹត្ដឡើងដោយ ព្រះសង្ឃមួយចំនួន។

ការចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ដែលមានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានធ្វើឡើងនា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ក្រោមការដឹកនាំពីសំណាក់ លោក ហែម ដារិទ្ធ អភិបាលនិងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ ព្រមទាំងមាន ការសម្របសម្រួល តាមផ្លូវច្បាប់ពីសំណាក់ ក្រឡាបញ្ជីរបស់លោកស្រី ព្រះរាជអាជ្ញារង ស៊ឺ វណ្ណី គឺលោក ថេ រ៉ាមី ។

យោងតាមតាមរបាយការណ៍របស់អាជ្ញា ធរខណ្ឌពោធិ៍សែនជ័យ បានបង្ហាញថា ការ ចុះត្រួតពិនិត្យរដ្ឋបាលនេះបានធ្វើឡើងនៅ កុដិលេខ៤ របស់ព្រះសង្ឃ ព្រះនាមដាវទេព ព្រះជន្ម ២៨វស្សា ហើយជាលទ្ធផល ព្រះសង្ឃពីរអង្គ ត្រូវបានឃាត់ព្រះកាយ គឺព្រះសង្ឃ ដាវទេព និងព្រះសង្ឃជា វណ្ណដា ព្រះជន្ម៣០ព្រះវស្សា ។

តាមរបាយការណ៍បញ្ជាក់ទៀតថា ក្រោយការចុះត្រួតពិនិត្យ និងឆែកឆេររួចមក អាជ្ញាធរនិងសមត្ថកិច្ច បានរកឃើញសម្ភារនិងវត្ថុតាង មួយចំនួន រួមមានម្សៅគ្រាប់ពណ៌ស មួយកញ្ចប់ ជាប្រភេទថ្នាំញៀន កាំបិតផ្គាក់មួយ ដាវមួយនិងដំបងមួយ ខោទ្រនាប់ប្រើ ហើយចំនួន៣ គឺខោទ្រនាប់ស្រីមួយ ស្រោមអនាម័យ បៀរមួយហ៊ូ ក្រដាសកន្ទុយលេខពីរសន្លឹក ស៊ីឌីពីរសន្លឹក ទូរស័ព្ទដៃ ៣គ្រឿង ។

របាយការណ៍របស់អាជ្ញាធរ បានបញ្ជាក់ទៀតថា សម្រាប់ព្រះសង្ឃទាំងពីរអង្គ ត្រូវបានបញ្ជូនទៅកាន់សាលាអនុគណខណ្ឌ ដើម្បីមានវិធានការ តាមព្រះពុទ្ធសាសនា៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]