ខេត្តកណ្តាល ៖ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​របស់​ខ្លួន​រហូត​សន្លប់​ស្តូកស្តឹង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នៅផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បុរស​សង្ស័យ​ជា​ប្តី​មានឈ្មោះ ង៉ា​ន ស៊ុន អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ស្ត្រី​រង​គ្រោះ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ផាត់ ធឿ​ន អាយុ​៣៦​ឆ្នាំ រង​របួសធ្ងន់ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ប្តី​ឈ្មោះ ង៉ា​ន់ ស៊ុន មក​ពី​ធ្វើការ​ដល់​ផ្ទះ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ក៏​ស្រែក​ជេរ ឡូឡា​ពេញ​ផ្ទះ ខណៈ​ពេល​នោះ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ផាត់ ធឿ​ន នៅ​អង្គុយ​លេង​ផ្ទះ​អ្នក​ជិតខាង ពេល​ឮ​ប្តី​ឡូឡា​ក៏​រត់​មក​ផ្ទះ​អង្គុយ​លាងចាន​ដោយ​មិន​បានការ​តបត​អ្វី​ទាំងអស់ ។ ពេល​ស្ត្រី​ជា​ប្រពន្ធ​កំពុង​អង្គុយ​លាងចាន បុរស​ជា​ប្តី​បាន​យក​ធុង​ស្ប៉េ​ត្រូ​វាយ​ទៅ​លើ​ក្បាល​ប្រពន្ធ ភ្លាម​ៗ​នោះ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​លើ​ដី​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ម្តាយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍ ហើយ​កម្លាំង​នគរបាល​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជា​ប្តី​យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]