ចិន៖ បុរសម្នាក់ បានឈ្លោះប្រកែក ជាមួយនារី ជាគូស្នេហ៍ រហូតដល់ បែកបាក់គ្នា នៅក្នុងកម្មវិធីទូរស្សន៍មួយ របស់ប្រទេសចិន ព្រោះតែនាង ឈ្លក់វង្វេងនឹង តារាកូរ៉េមួយរូប ខ្លាំងពេក។

នៅក្នុងកម្មវិធីទូរទស្សន៍មួយ គូស្នេហ៍ជនជាតិចិនមួយគូ បានចែកផ្លូវគ្នា ដោយសារមូលហេតុ ភាគីខាងស្រី ឈ្លក់វង្វេង ទៅលើតារាចម្រៀងកូរ៉េម្នាក់ ឈ្មោះ Kim Jaejoong ខ្លាំងពេក។

មុនដំបូង អ្នករៀបចំកម្មវិធីនោះ បានលើកទឹកចិត្ត ឲ្យគេទាំងពីរនាក់ លាតត្រដាង នូវរឿងរ៉ាវ និងអ្វីៗ ដែលលាក់ក្នុងចិត្ត ទាំងអស់ចេញមក។ បន្ទាប់មក មិត្តប្រុសម្នាក់នោះ ក៏បានត្អូញត្អែរថា ពួកគេបានរស់នៅ ជាមួយគ្នា អស់រយៈពេល ២ឆ្នាំមកហើយ ហើយគាត់អស់សង្ឃឹម ទៅលើនារីជាសង្សារ យ៉ាងខ្លាំង ព្រោះតែ ការស្រឡាញ់ និងគាំទ្រ របស់នាង ទៅលើតារាកូរ៉េ Kim Jaejoong ខ្លាំងពេក។


តារាចម្រៀងកូរ៉េ លោក Kim Jaejoong ដែលនារីជាមិត្តស្រីនោះ ឈ្លក់វង្វេង

គាត់បានប្រាប់ថា សូម្បីតែស្រោមខ្នើយ និងគ្រឿងតុបតែងផ្សេងៗ របស់នាង ក៏សុទ្ធសឹងជារូប លោក Kim Jaejoong ទាំងអស់។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់បានឲ្យគាត់ លាបពណ៌សក់ ឲ្យដូចទៅនឹង តារាកូរ៉េម្នាក់នោះ ទៀតផង ប៉ុន្តែកាលនោះ គាត់មិនព្រមលាបសក់ ទើបនាងខឹង ហើយបានចាកចេញ ពីហាងលាបសក់នោះ ដោយយកកាបូប និងទូរស័ព្ទ របស់គាត់ទាំងអស់ ដែលនៅក្នុង កាតាបរបស់នាង ទៅជាមួយនាង ថែមទៀត។

ជាមួយគ្នានេះដែរ គាត់ក៏បានសួរទៅ នារីជាគូស្នេហ៍ថា៖ "វាគួរឲ្យអស់សំណើចណាស់ ដែលខ្ញុំមិនអាច មានមុខមាត់ ដូចតារាកូរ៉េម្នាក់នោះ។ តើអ្នកសង្ឃឹមថា ខ្ញុំនឹងធ្វើការវះកាត់ កែសម្ភស្ស ឲ្យដូចគេ មែនទេ?"។ ពេលនោះ នារីជាគូស្នេហ៍ បានឆ្លើយថា៖ "ចុងក្រោយ អ្នកមិនបាន លាបពណ៌សក់ និងកែសម្ភស្សទេ ហេតុអ្វីនៅរអ៊ូទៀត?"។

បុរសម្នាក់នោះ ក៏បានរ៉ាយរ៉ាប់ អំពីថ្ងៃមួយ ដែលនៅឆ្នេរសមុទ្រ ថា សូម្បីតែពេលដែលនាង ថតរូប Selfie គាត់បានសុំនាង ថតជាមួយដែរ តែនាងបានបដិសេធ ហើយនាងបែរជា កាត់តរូបនាង ជាមួយនឹង តារាចម្រៀង Kim Jaejoong រួចបង្ហោះនៅលើ បណ្តាញសង្គម ទៅវិញ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃកម្មវិធី ទស្សនិកជនភាគច្រើន បានបោះឆ្នោត ឲ្យពួកគេទាំងពីរ ចែកផ្លូវគ្នា ហើយជាលទ្ធផល បុរសម្នាក់នោះ ក៏សំរេចចិត្តដើរចេញ និងចែកផ្លូវគ្នា ជាមួយនារី ជាគូស្នេហ៍នោះ ពិតមែន៕

សូមទស្សនាវីដេអូ នៃកម្មវិធីនោះ ខាងក្រោមនេះ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព Singaporeseen

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]