បាត់ដំបង៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានផ្តាច់ជីវិតមនុស្ស ៤នាក់ ក្នុងនោះមានកុមារ ២នាក់ និង រងរបួស ធ្ងន់ស្រាល ៧នាក់ នៅលើផ្លូវជាតិលេខ៥៩A នៅចំណុចកូនភ្នំ ខាងជើងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំបង កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

មន្រ្តីនគរបាលចរាចរណ៍ ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានបង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ ២,៥តោនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7448 បានបុករថយន្តម៉ាក លុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2514 ដែលបើកបរបញ្រ្ជាសទិសគ្នា។

បើតាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងផងដែរថា រថយន្តទាំងពីរគ្រឿ បានបុកគ្នាលាន់ឮដូចរន្ទៈ គ្រាដែល រថយន្តនីមួយៗ សុទ្ធមានល្បឿនលឿនដូចគ្នា។ រថយន្តទាំង បានរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះ ធ្វើដំណើរតាមរថយន្តលុច្សស៊ីសទាំងអស់ ត្រូវបានគេ បញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យ។ ដោយឡែកអ្នក បើកបររថយន្តដឹកទំនិញ និងជាជន ដែលត្រូវសមត្ថកិច្ចអះអាងថា ជាអ្នកបង្កគ្រោះថ្នាក់ ថ្នាក់ចរាចរនោះ បានរត់គេចខ្លួនបាត់ទៅហើយ។

នគរបាល បានបង្ហាញអត្តសញ្ញាណជនរងគ្រោះថា ជាអ្នករស់នៅក្នុងខេត្តប៉ៃលិន។ គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យ មនុស្ស ៤នាក់ស្លាប់ រួមមាន៖ ឈ្មោះ លាង សីហា ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ, ជ្រុយ ចិន្តា ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិ ស្ទឹងកាច់ សង្កាត់ សាលាក្រៅ ក្រុង-ខេត្តប៉ៃលិន និងកុមារា ២នាក់ទៀត ក៏ស្លាប់ផងដែរ។

ដោយឡែក អ្នករងរបួសធ្ងន់-ស្រាល ៧នាក់ រួមមាន៖ ឈ្មោះ សៀក គឹមហាន ភេទស្រី អាយុ ៤៩ឆ្នាំ, ឈ្មោះ ធី គឹមរ៉ុង ស្រី អាយុ ២៥ឆ្នាំ, ឈ្មោះ ចាន់ ឃាង ស្រី អាយុ ៣០ឆ្នាំ, ឈ្មោះ ជួត សុខុម ស្រី អាយុ ២៧ឆ្នាំ, ឈ្មោះ ជួត សារដ្ឋ ប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ជួត សារី ស្រី អាយុ ២២ឆ្នាំ, ឈ្មោះ ជួត សាវន្ត័ ប្រុស អាយុ ១៦ឆ្នាំ, ជនរង គ្រោះទីលំនៅភូមិដីថ្មី សង្កាត់សាលាក្រៅ ក្រុង-ខេត្តប៉ៃលិន។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មានទារិកាម្នាក់ នៅមានជីវិត។

សមត្ថកិច្ចបានប្រមូលរថយន្ត ដែលខូចខាតស្ទើរខ្ទេចខ្ទីទាំងពីរគ្រឿង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាជា ក្រោយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]