ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរធម្មការខេត្ត សមត្ថកិច្ចនគរបាលខេត្ត លោកអភិបាលស្រុក និងមានការសម្របសម្រួល ពីស្ថាប័នតុលាការផង កាលពីរសៀលថ្ងៃទី២៨ កក្កដា ២០១៥ បានទៅពិនិត្យ និងវាយយកឥដ្ឋបុរាណ ដែលជនខិលខូចមិនស្គាល់មុខ បានលួចយកទៅធ្វើជាខឿន សម្រាប់ដាក់តម្កល់រូបព្រះ ដែលខ្មែរមិនដែលស្គាល់ នៅលើទីទួលបុរាណមួយ ឈ្មោះទួលកំពង់ព្រះ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការសាងសង់រូបសំណាកលើទីទួលខាងលើ គឺខុសនឹងច្បាប់ ព្រោះមិនបានសុំការ អនុញ្ញាតអ្វីឡើយ ក្រៅពីនោះជនល្មើស បានលួចយកឥដ្ឋបុរាណរបស់ប្រាសាទ ដែលបានរក្សាទុកនៅក្បែរ ប្រាសាទយកទៅតម្រៀបគ្នា ធ្វើជាខឿន ឬហៅថាបាល្ល័ង្គ តម្កល់ទេវរូបបែបវៀតណាម ដែលខ្មែរមិនស្គាល់ទៀតផង ។ ដោយហេតុនេះ សមត្ថកិច្ចចម្រុះ រួមទាំងរូបលោកជាសាមីមន្ទីរផងបានមកពិនិត្យ ហើយបានទទួលបញ្ជាឱ្យវាយយក ឥដ្ឋនោះមករក្សាទុកនៅ កន្លែងដើមវិញ ដោយមិនប៉ះពាល់ ទេវរូបឡើយ ។
លោកបានបញ្ជាក់ថា មានខឿនថ្មីចំនួន៤កន្លែងនៅជុំវិញ វិហារវៀតណាមដែល សល់ពីសង្គមចាស់ ក្នុងនោះមានតែខឿនមួយកន្លែងប៉ុណ្ណោះ ដែលបានលួចយកឥដ្ឋបុរាណ របស់ប្រាសាទកំពង់ព្រះមកសាងសង់ជាខឿនសម្រាប់ដាក់ទេវរូបវៀតណាម ចំណែក៣កន្លែងទៀតគឺ បានសាង់សងពីឥដ្ឋថ្មី ហេតុនេះទើបគណៈកម្មការចម្រុះបានសម្រេចវាយយកឥដ្ឋបុរាណ មួយកន្លែងនោះមករក្សាទុកនៅកន្លែងដើមវិញ ចំណែកទេវរូបបែប វៀតណាមចំនួន២ដែលនៅលើខឿននេះត្រូវបានលើក ទៅបញ្ឈរទុកនៅក្នុងវិហារ វៀតណាមនៅទីនោះ ហើយក៏បាន ឱ្យសមាគមវៀតណាមនៅតំបន់នោះ ធ្វើច្បាប់ឱ្យបានត្រឹមត្រូវមុន នឹងធ្វើអ្វីមួយនៅទីនោះ ព្រោះទីនោះជា ទួលប្រាសាទបុរាណ មិនត្រូវធ្វើអ្វី ស្រេចតែចិត្តនោះទេ ។
ជុំវិញបញ្ហានេះ ទាំងគណៈកម្មការ ទាំងព្រះសង្ឃ ពិសេសឆ្មាំប្រាសាទ២នាក់ ម្នាក់ឈ្មោះ ថោង ចាន់ណា ម្នាក់ទៀតឈ្មោះ ជា សុភ័ក្រ សុទ្ឋតែឆ្លើយថា មិនដឹងទាំងអស់ មិនដឹងថាមានជនល្មើស លួចយកឥដ្ឋបុរាណមកធ្វើបាល្ល័ង្គដាក់ព្រះវៀតណាមពី ពេលណានោះទេ ។
សូមរំឮកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ ក្រុមទូរស័ព្ទខាំឈីន០១១ (កាលនោះនៅដំណើរការនៅក្នុងប្រទេសកម្ពុជានៅឡើយ) បានមកជីករណ្តៅដីក្បែរ គ្រឹះប្រាសាទកំពង់ព្រះនេះ ប៉ះចំខឿនប្រាសាទចាស់ ពេលនោះខាងមន្ទីរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្តឹងរឿងនេះទៅតុលាការ ហើយបានចាប់ខ្លួនមនុស្ស ចំនួន៥នាក់ដាក់ពន្ឋនាគារ ក្នុងនោះមានជនជាតិថៃម្នាក់ផងដែរ ។ ក្រោយមកក៏បានដោះលែងទៅវិញ បន្ទាប់មានសំណងការខូចខាត និងលុបរណ្តៅដីនៅកន្លែងនោះវិញ ។
ប៉ុន្តែពេលនេះជនជាតិវៀតណាម ដែលមិនស្គាល់អត្តសញ្ញាណ និងកំពុងរត់គេចខ្លួននោះ គេមិនដឹងថា សមត្ថកិច្ច និងអាជ្ញាធរមានវិធានការ បែបណាលើករណីនេះ នៅឡើយទេ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]