អាមេរិក៖ កូនស្រីតែម្នាក់គត់ របស់តារាចម្រៀងស្រីអាមេរិក ដ៏ល្បីល្បាញនាង Whitney Houston និងតារាចម្រៀងប្រុសលោក Bobby Brown បានស្លាប់ កាលពីម្សិលមិញនេះ ត្រឹមអាយុ ២២ឆ្នាំតែប៉ុណ្ណោះ។


នាង Bobbi Kristina Brown (ឆ្វេង) និងម្តាយ Whitney Houston

នាង Bobbi Kristina Brown ត្រូវបានក្រុមគ្រួសារ ប្រកាសជាផ្លូវការថាស្លាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីនាងបាន សន្លប់បាត់បង់ស្មារតី រយៈពេលជិត ៥ខែក​ន្លងមក។

រយៈពេល៣ឆ្នាំ ក្រោយមរណៈភាពម្តាយ នាង Bobbi ត្រូវបានគេប្រទះឃើញ ដួលសន្លប់បាត់បង់ស្មារតី នៅឯផ្ទះក្នុងទីក្រុង រ៉ូសស្វែល រដ្ឋចចចៀ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ខែមករា កន្លងទៅនេះ។ ក្រោយមកនាងត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ ប៉ុន្តែដោយសារអាការៈ ប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ ទើបបណ្តាលឲ្យនាង សន្លប់មិនដឹងខ្លួន រហូតដល់ទទួលមរណៈភាព កាលពីម្សិលមិញនេះ។

ក្រុមគ្រួសារ របស់នាង Bobbi បានថ្លែងថា៖ "យើងចង់អរគុណសារជាថ្មី ចំពោះការស្រឡាញ់ និងគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងកំឡុងពេល ពីរបីខែកន្លងមកនេះ"។

ប៉ូលិសបានប្រាប់ឲ្យដឹងថា ឆ្លងតាមការសុើបអង្កេតរួចរាល់ ការស្លាប់របស់នាង គឺមិនត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងករណីព្រហ្មទណ្ឌ ណាមួយឡើយ។

នាង Bobbi Kristina Brown គឺជាកូនស្រី របស់តារាឆ្នើមពីររូប ព្រមទាំងលោកយាយរបស់នាង អ្នកស្រី Cissy Houston ក៏ជាអ្នកចម្រៀងផងដែរ៕ 

ប្រភព NBC NEWS

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]