យល់ដឹង៖ ការស្តាប់ តន្ត្រី ពិតជាមានប្រយោជន៍ជាច្រើន សំរាប់បន្ធូរអារម្មណ៍ ជួយបំបាត់ភាពតប់ប្រមល់  រំសាយបញ្ហាស្មុគស្មាញ និងជួយបង្កើនផលិតភាពការងារជាដើម ។ តែក្នុងនោះបើតាមការសិក្សា របស់អ្នកវិទ្យាសាស្ត្រ​ បង្ហាញថា  បើអ្នកស្តាប់តន្ត្រី ចេះជ្រើសរើសប្រភេទតន្ត្រីល្អបំផុត ដែលសាកសមសំរាប់ខ្លួនឯង នោះអ្នកស្តាប់តន្ត្រី នឹងអាចបង្កើនផលិតភាពការងារ និងស្មារតី កាន់តែប្រសើរជាងមុនមួយកំរិតទៀត។

នេះជាការបង្ហាញរបស់ អ្នកវិទ្យាសាស្ត្រ ពីប្រភេទតន្ត្រីល្អបំផុត ដែលអ្នកគួរជ្រើសរើស យកមកស្តាប់ ដូចខាងក្រោម៖

១. តន្ត្រី ឬចម្រៀង ដែលមានសំលេងបែបធម្មជាតិ ៖

អ្នកស្រាវជ្រាវនៅវិទ្យាសា្ថន Renselaer Polytechnic បានរកឃើញពេលថ្មីៗនេះថា ការបន្ថែមអ្វីៗជាលក្ខណៈ ធម្មជាតិ នឹងជួយជម្រុញអារម្មណ៍ និងការផ្តោតអារម្មណ៍កាន់តែខ្លាំង។ សំលេងធម្មជាតិ អាចធ្វើឲ្យមាន បញ្ញា ស្មារតី  សមត្ថភាពក្នុងការតាំងអារម្មណ៍ បង្កើនលទ្ធផលបំពេញការងារផងដែរ ។

តោះមកស្តាប់តន្ត្រីបែបធម្មជាតិ ទឹកហូរ ខាងក្រោមនេះ តើអ្នកមានអារម្មណ៍បែបណាដែរ ?

២. ស្តាប់ តន្ត្រី ឬចម្រៀង ដែលអ្នកចូលចិត្ត៖

ជំនួយការសាស្ត្រាចារ្យ Teresa Lesiuk ផ្នែកតន្ត្រី នៃសាកលវិទ្យាល័យ មៃអាមី បានរកឃើញថា ជម្រើសផ្ទាល់ខ្លួន ក្នុងការស្តាប់តន្រ្តីជារឿងសំខាន់ ជាពិសេសអ្នកដែលប្រើជំនាញក៏ការច្នៃប្រឌិតក្នុងការងារ ។ ជាទូទៅអ្នកចូលរួម ក្នុងការសិក្សារបស់នាង ដែលបានស្តាប់តន្ត្រីដែលពួកគេចូលចិត្ត បំពេញ កិច្ចការរបស់ពួកគេបានរហ័ស និង មានគំនិតល្អប្រសើរ ជាងអ្នកដែលស្តាប់តន្ត្រីដែលពួកគេមិនចូលចិត្ត ពីព្រោះ តន្ត្រីជួយជម្រុញស្មារតីឲ្យ កាន់តែប្រសើរ ឡើង ។ គាត់បានបន្ថែមថា នៅពេលអ្នកមានអារម្មណ៍ តប់ប្រម៉ល់ អ្នកនឹងប្រហែលជា ធ្វើការសម្រេចដោយ រារែក ប៉ុន្តែនៅពេលស្មារតីល្អ អ្នកនឹងអាចធ្វើការសម្រេចចិត្តក្នុងជម្រើសច្រើន ។

៣.ស្តាប់តន្ត្រី ឬ ចម្រៀងដែលអ្នកមិនខ្វល់អំពីវា ៖

ការស្រាវជ្រាវមួយ ក៏បង្ហាញពី ការលើកឡើងខុសពីចំនុច ខាងលើ ប៉ុន្តែ ក៏អាចប្រសិទ្ធភាពដូចគ្នា ។ ប្រសិនបើអ្នក ស្តាប់តន្ត្រីដែល មិនមែនជាសំលេង រំខានដល់អារម្មណ៍ ហើយ ជាតន្ត្រីដែលអ្នកមិនយកចិត្តទុកដាក់នោះ វាក៏អាច ជួយជម្រុញដល់ ការធ្វើការងារផងដែរ ។ ក្នុងនោះ លោក Fu Jen អ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យ Xinzhuang តៃវ៉ាន់ បានសិក្សាពីរបៀប ចំនូលចិត្តរបស់អ្នកស្តាប់ មានផ្តល់ផលដល់ការតាំងអារម្មណ៍ ។ គាត់បានរកឃើញថា បុគ្គលិកដែលស្តាប់ តន្ត្រីដែលគេចូលចិត្ត និង តន្ត្រីដែលគេមិនមានចំនាប់អារម្មណ៍ មិនរំខានអារម្មណ៍ដូច ជាតន្ត្រី ដែលពួកគេមិនចូលចិត្តស្តាប់នោះទេ ។

៤. ស្តាប់ចម្រៀង ដោយគ្មានការនិយាយ ឬ គ្មានទំនុករត់នៅខាងក្រោម

យោងតាមការស្រាវជ្រាវមួយ របស់ផ្នែកគ្រប់គ្រងសំលេង នៃសាកលវិទ្យាល័យ Cambridge ក្នុងឆ្នាំ២០០៨ បានឲ្យដឹងថា ពាក្យសំដី រំខានដល់ ៤៨ភាគរយ ក្នុងកន្លែងធ្វើការ ហើយនៅពេលដែល អ្នកព្យាយាមស្តាប់តន្ត្រី ដែលលាយឡំនិងពាក្យសំដីពេលនោះ អ្នកនឹងព្យាយាមស្តាប់ពាក្យសំដី ដែលមិនមែនស្តាប់ តន្ត្រី ឬចម្រៀង ហើយ បើទស្សនាវីដេអូចម្រៀង ដែលមានទំនុក (lyric) ក៏ជាការរំខានដល់ការតាំងអារម្មណ៍ របស់អ្នកផងដែរ ។ 

៥. ល្បឿននៃ ចម្រៀង ឬ តន្ត្រី ៖

ល្បឿននៃតន្ត្រី ក៏ជះឥទ្ធិពលដល់ ការស្តាប់តន្ត្រីរបស់អ្នកផងដែរ ។ ការសិក្សាមួយ ដោយអ្នកស្រាវជ្រាវ កាណាដា បានរកឃើញថា ការធ្វើតេស្ត កំរិត IQ បានល្អប្រសើរជាងមុន ចំពោះ អ្នកចូលរួមធ្វើតេស្ត ដែលបានស្តាប់តន្ត្រី ល្បឿនលឿន  ហើយ ល្បឿនតន្ត្រីនេះ ក៏ទាក់ទាញនឹងកិច្ចការនិងចំនង់ចំនូលចិត្តរបស់អ្នកដែរ  ហើយ អ្នកអាច កំណត់ ដោយខ្លួនឯងថាតើ អ្នកចូលចិត្តស្តាប់តន្ត្រីប្រភេទ ជាល្បឿនលឿន ឬ យឺត ក្នុងការបង្កើនផលិតផលការងារ ។

៦. ស្តាប់តន្ត្រី ឬចម្រៀង ក្នុងកំរិតមធ្យម ៖

អ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យ British សាកលវិទ្យាល័យ Columbia សាកលវិទ្យាល័យ  Vancouver  និង សាកលវិទ្យាល័យ Charlottesville បានរកឃើញថា ការស្តាប់តន្រ្តី ក្នុងកំរិតកណ្តាល ឬ មធ្យម ជាកំរិតសាកសម
សំរាប់ បង្កើនគំនិតច្នៃប្រឌិត ។ ខណៈការសិក្សានេះ រកឃើញថា ការបើកសំលេង ក្នុងកំរិតខ្ពស់ ខ្លាំងពេក នឹងបន្ថយដល់សមត្ថភាព ក្នុងការទទួលយកព័ត៌មាននានាទៅវិញ៕

ប្រភព businessnews

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]