អង្គការសុខភាពពិភពលោក និងគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកផ្សព្វផ្សាយ យុទ្ធនាការអប់រំ ការពាក់មួកសុវត្ថិភាព និងប្រគល់ឧបករណ៍ ត្រួតពិនិត្យការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព។

ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២៖ ថ្ងៃនេះ តាងនាមគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក យើងមានសេចក្តីសោមនស្សន៍ រីករាយជាខ្លាំងដោយបាន រៀបចំពិធីប្រកាសផ្សព្វផ្សាយយុទ្ធនាការ ការពាក់មួកសុវត្ថិភាព និងពិធីប្រគល់ឧបករណ៍ត្រួតពិនិត្យ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព ដោយមានកិច្ចសហការ និងមានការ ឧបត្ថម្ភពីអង្គការសុខភាពពិភពលោក តាមរយៈមូលនិធិប៊្លូមបឺគភីលែនត្រូភី នៃគម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស (Bloomberg Philanthropies' RS10 Fund)។

ការប្រកាសពិធីទាំងពីរនេះ គឺជាសកម្មភាពនៃគម្រោង សុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងសង្រ្គោះ ជីវិតប្រជាជនកម្ពុជាដោយកាត់ បន្ថយការស្លាប់ប្រមាណជាង១៨០០នាក់ និងការរបួសធ្ងន់ធ្ងរប្រមាណ ៦៧០០នាក់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើង។

យុទ្ធនាការផ្សព្វផ្សាយពាក់ មួកសុវត្ថិភាពនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការការពារនូវកក្តាហានិភ័យចំបង ដែលកើតឡើងចំពោះអ្នកបើកបរម៉ូតូ ដោយប្រើសារដ៏
សាមញ្ញ តែមានអត្ថន័យច្បាស់លាស់គឺ «សូមពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា» ” Wear A Helmet, Anywhere And Anytime” ហើយនិងផ្តោតទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយ ដោយបង្ហាញពីផលបច្ច័យ អាក្រក់នៃការប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ហើយនិងការប្រឈមទៅនឹងច្បាប់ ចរាចរណ៍ផ្លូវគោកចំពោះការធ្វើដំណើរ ដោយមិនបានពាក់មួកសុវត្ថិភាព។

«ការរងរបួស និងមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាការបញ្ហាសុខភាពសាធារណៈ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ហើយជាមធ្យម យ៉ាងហោចណាស់មានមនុស្ស ៥នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស» យោងតាមប្រសាសន៏របស់ ឯកឩត្តម អ៊ឹង ជុងហួរ អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ។ ម៉ូតូគឺជាបុព្វហេតុ ដ៏សំខាន់នៃការមានរបួស និងស្លាប់នៅតាមដងផ្លូវ ជាពិសេសបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ដែលពួកគេប្រើប្រាស់ ជាមធ្យោបាយធ្វើដំណើរជាប្រចាំ។ អ្នកបើកម៉ូតូដែលរងរបួសក្បាលដែលមិនបានពាក់មួកសុវត្ថិភាព គឺជាបុព្វហេតុដ៏សំខាន់ដែលបណ្តាលឲ្យពិការ និងស្លាប់ក្នុងឧប្បត្តិហេតុក្នុងពេលធ្វើដំណើរតាមផ្លូវ។ ខណ:ពេលនេះដែរ នៅក្នុងប្រទេសកម្ពុជាការប្រើប្រាស់ម៉ូតូបានបន្តកើនឡើង ការរងរបួសក្បាល ការស្លាប់ និងពិការភាពត្រូវបានគេរំពឹងថានឹងមានការកើនដែរ។

លោកវេជ្ជបណ្ឌិត Pieter van Maaren តំណាងអង្គការសុខភាពពិភពលោក និងជាតំណាងនៃគម្រោងសុវត្ថិភាព ចរាចរណ៍១០ប្រទេសបានមានប្រសាសន៏ថា«សម្រាប់អ្នកដែលរស់ រាន មានជីវិតពីការរងរបួសក្បាលគឺត្រូវចំណាយ ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់ ការថែទាំសុខភាព តាមឯកទេសត្រឹមត្រូវ ឬត្រូវប្រើរយៈពេលយូរអង្វែង»។ លោកបាននិយាយសង្កត់ធ្ងន់ថា «បើប្រៀបធៀបជាមួយអ្នកជិះម៉ូតូ ដែលមានពាក់មួកសុវត្ថិភាព អ្នកជិះម៉ូតូដែលមិនពាក់មួយសុវត្ថិភាព អាចនឹងរងរបួសក្បាលច្រើនជាងបួនដង និងអាចមានរបួសខួរក្បាលច្រើន ជាង១០ដង»។

នៅក្នុងឆ្នាំ ២០១១ យោងតាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានឲ្យដឹងថា មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៦.៦៥៤ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន១.៩០៥នាក់ ហើយនិង ៥.៨០៧ នាក់បានរងរបួសធ្ងន់ធ្ងរ។ ក្រុមងាយរងគ្រោះបំផុត គឺអ្នកបើកម៉ូតូដែលមានចំនួន ៧២.៥% នៃគ្រោះថ្នាក់ចរាចរណ៍សរុប ហើយក្នុងនោះ៦៧% បានស្លាប់។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ៦៩% បានរងការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ តួលេខនេះក៏សង្កេតឃើញដូចគ្នាដែរចំពោះអ្នករួមដំណើរជាមួយ។ បន្ថែមពីនេះទៀត មានតែ២៣% ប៉ុណ្ណោះនៃអ្នកបើកបរម៉ូតូបានពាក់មួកសុវត្ថិភាព នៅពេលមានគ្រោះថ្នាក់ចរាចរណ៍។

យុទ្ធនាការ និងការផ្តល់ឧបករណ៍ត្រួតពិនិត្យនេះ គឺជាផ្នែកនៃការអនុវត្តគម្រោងសុវត្ថិភាព
ចរាចរណ៍ ១០ ប្រទេសដែលបានឧបត្ថម្ភ ដោយមូលនិធិប៊្លូមបឺគភីលែនត្រូភី ដោយបានផ្តល់ជំនួយ
បច្ចេកទេសពីអង្គការសុខភាពពិភពលោក។ គម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស របស់កម្ពុជាដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១០ បានផ្តោតទៅលើកត្តាហានិភ័យពីរ គឺការមិនពាក់មួកសុវត្ថិភាព និងការបើកបរពេលស្រវឹង ដែលបានរួមចំណែកយ៉ាងខ្លាំងចំពោះ ការកើនឡើងនូវការល្មើសបំពានច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ គម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស ត្រូវបានដឹកនាំ និងសម្របសម្រួលដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដោយ រួមសហការជាមួយស្ថាប័នរដ្ឋាភិបាល ដែលពាក់ព័ន្ធ ដៃគូអង្គការអន្តរជាតិនានា ដែលរួមមានអង្គការសុខភាពពិភពលោក អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងសាកលវិទ្យាល័យចនហប់គីន និងដៃគូពាក់ព័ន្ធនឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកដទៃទៀត។

គម្រោងនេះឧបត្ថម្ភទាំងស្រុងដោយមូលនិធិប៊្លូមបឺគភីលែនត្រូភី។ លោកស្រី Kelly Larson តំណាងកម្មវិធីសុវត្ថិភាពចរាចរណ៍ របស់មូលនិធិប៊្លូមបឺគភីលែនត្រូភីបានឲ្យដឹងថា
«គោលដៅរបស់យើងគឺ ដើម្បីកាត់បន្ថយការស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងពិភពលោក។ ហើយយើងដឹងថា ការធ្វើឲ្យប្រសើឡើងនូវសុវត្ថិភាពចរាចរណ៍ នៅក្នុងប្រទេសកម្ពុជានឹងជួយ ឲ្យយើងសម្រេចគោលដៅ។ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយពាក់ មួកសុវត្ថិភាពរហូតមកដល់ពេលនេះយើង កំពុងតែខិតខំប្រឹងប្រែង ធ្វើឲ្យមានសុវត្ថិភាព ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា និងបង្កើនចំណេះដឹងនៃការអនុវត្តច្បាប់ ដោយនគរបាលចរាចរណ៍ស្តីពី ការពាក់មួកសុវត្ថិភាព» ។

មូលនិធិប៊្លូមបឺគភីលែនត្រូភីធ្វើការលើកស្ទួយ លើវិស័យសំខាន់ចំនួន៥ៗគឺ វិស័យសិល្បៈ វិស័យអប់រំ វិស័យបរិស្ថាន កម្មវិធីគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាល និងវិស័យសុខភាពសាធារណៈ។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រៈ http://bloombergdotorg.tumblr.com/about/

ចំពោះព័ត៌មានបន្ថែម សូមទាក់ទង៖

លោក ស្ទីវិន អ៊ីដឌីងស៍ ប្រធានក្រុម RSIP
គម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស អ៊ីម៉េល៖ [email protected]
លោកវេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ អ្នកគ្រប់គ្រងកម្មវិធីសុវត្ថិភាពចរាចរណ៍ និងបងា្កររបួស
គម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស អ៊ីម៉េល៖ [email protected]

អត្ថបទផ្ដល់ដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]