ភ្នំពេញ ៖ មានការលេចឮពីប្រភពព័ត៌មានក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ បានប្រលយចេញពីមាត់មួយទៅមាត់មួយថា ផលិតកម្មប៊ិកមែន (Bigman ) កំពុងឈានទៅរកដំណាក់កាលក្ស័យធន ខណៈតារាចម្រៀងល្បីៗទាំងស្រី ទាំង ប្រុស បានចាប់ផ្តើមវេចបង្វេច ចាកចេញពីផលិតកម្មមួយនេះជាបន្តបន្ទាប់ ។

ជាក់ស្តែងតារាចម្រៀងសំនៀងស្អក ហេង ពិទូ និង តារាចម្រៀងពូកែស្រែកមិនបែកសំឡេង ឆាយ វីរៈយុទ្ធ បាន ដឹកដៃគ្នាចូលទៅក្នុងផលិតកម្មសាន់ដេ ។ ចំណែកឯស្រីស្រស់ លាង សុផាឡែន ដែលជាដៃគូដ៏ស័ក្តិសម របស់ ឆាយ វីរៈយុទ្ធ និងត្រូវបានគេចាត់ទុកថា ជាគ្រាប់ពេជ្រមានតម្លៃរបស់ប៊ិកមែន ក៏ត្រូវចាកចេញ ទាំងគ្មានស្តាយ ស្រណោះស្រវាហក់ចូលទៅកាន់ទ្រនំ រស្មីហង្សមាស ផងដែរ ។

លើសពីនេះ រយៈកាលប៉ុន្មានខែចុងក្រោយនេះ ផលិតកម្មប៊ិកមែន ហាក់ពុំមានបទចម្រៀងថ្មីៗ ចេញលក់លើ ទីផ្សារ ដូចកាលពីពេលមុននោះឡើយ ជាហេតុនាំឲ្យមានការលេចឮថា ផលិតកម្មប៊ិកមែន ឈានទៅរកដំណាក់ កាលក្ស័យធន ។
ផ្ទុយពីកាលើកឡើងខាងលើនេះ ម្ចាស់ផលិតកម្មប៊ិកមែនបានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលក្នុង ន័យលុបបំបាត់រាល់ការលើកឡើងមិនសមទំនងខាងលើនេះថា ផលិតកម្មប៊ិកមែន កំពុងដំណើរការថតបទ ចម្រៀង ជាធម្មតា គ្មានភាពរអាក់រអួលណាមួយ កើតឡើង រហូតដល់ថ្នាក់ក្ស័យធន់ នោះឡើយ។មួយវិញ ទៀត ការយឺតយ៉ាវចេញបទចម្រៀងចរាចរលើទីផ្សារ គឺដោយហេតុថា ខាងផលិតកម្ម មានគម្រោងចេញជា វីស៊ីឌីពីរ វ៉ុលព្រមគ្នាតែម្តង ហើយវីស៊ីឌី២វ៉ុល ដែលប្រជុំទៅដោយ បទពីរោះៗ នេះ នឹងត្រូវចេញលក់ លើទីផ្សារក្នុងពេល ឆាប់ៗ ខាងមុខនេះ ។

ម្ចាស់ផលិតកម្ម ប៊ិកមែន បានបន្តឲ្យដឹងទៀតថា ចំណែកឯតារាចម្រៀងល្បីៗដែលបានចាកចេញជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ វាជារឿងធម្មតា ហើយក៏មិនមានទំនាស់ពាក្យសម្ដីណាមួយកើតឡើង រវាងផលិតកម្ម និង តារាចម្រៀងនោះឡើយ ព្រោះការផ្លាស់ប្តូរទ្រនំថ្មី វាជាជម្រើស និងការសម្រេចចិត្ត របស់ពួកគេរៀងៗខ្លួន គ្មាន បញ្ហាណាមួយ កើតឡើងរហូតដល់ថ្នាក់មើលមុខគ្នាមិនត្រង់ និងដោយសារផលិតកម្មឮថា បិទទ្វារនោះទេ ។
ការត្រៀមចេញបទចម្រៀងថ្មីរបស់ផលិតកម្មប៊ិកមែន នៅពេលនេះ អាចបញ្ជាក់ឲ្យឃើញថា ប៊ិកមែន នៅតែ ដំណើរការនៃសង្វាក់ផលិតកម្មជាធម្មតាដដែល បើទោះបីជាផលិតកម្មមួយនេះ បានបាត់បង់តារាចម្រៀងជើង ខ្លាំងខ្លះ ក៏ពិតមែន ហើយសង្ឃឹមថា ទស្សនិកជនដែលតែងតែគាំទ្រ ផលិតកម្មប៊ិកមែន គាំទ្រតារាចម្រៀងក្នុង ផលិតកម្មមួយនេះ នឹងនៅតែបន្តរង់ចាំស្តាប់បទចម្រៀងថ្មីៗ ហើយនឹងនៅតែបន្តគាំទ្រផលិតកម្មនេះ ដដែល ខណៈផលិតកម្ម ដែលចាប់កំណើតក្នុងឆ្នាំ២០០៨ មួយនេះ នៅមានតារាចម្រៀងក្មេងៗ សំឡេងពីរោះ ជាច្រើន ដួងទៀត រង់ចាំកំដអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ ៕

www.dap-news.com

www.dap-news.com

ដោយ ៖ យ៉ាន់ សុខរិទ្

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]