ខេត្ត​សៀម​រាប​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​​ឱ្យ​ញាក់​សាច់​​​​​មួយ​ គឺ​​​រថយន្ត​​​កូរ៉េ​​​ចំណុះ​​​២,៥​តោន​​ ពណ៌​ផ្ទៃ​មេឃ​​​ បើក​បុក​​គោ​​ឈ្មោល​​​មួយ​ក្បាល​​​​​ផ្លោង​​ធ្លាក់​​ថ្នល់​ងាប​់​មួយ​​រំពេច ​​ ហើយ​រថយន្ត​​​​​បាន​រអិល​​​​ធ្លាក់​ផ្លូវ​​​​ដាច់​កង់​​​មុខ​មួយ​ចំហៀង​​​ តែ​មិន​​បណ្តាល​ឱ្យ​​​ក្រឡាប់​​​​ទេ ចំណែក​​​មនុស្ស​​១២​នាក់​​​ ដែល​ជិះ​​ក្នុង​​រថយន្ត​​​ភ័យ​ស្លន់​ស្លោ​​ព្រលឹង​​ចុង​សក់​ទាំង​អស់​គ្នា​​ ​ តែ​សំណាង​​​ណាស់​គ្មាន​​​​​នរណា​ម្នាក់​​​គ្រោះ​​ថ្នាក់​​​​ ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​​​ កាល​ពី​​​វេលា​ម៉ោង​​​៣​រសៀល​​​ថ្ងៃទី​​​២២ កក្កដា​ ​នៅ​​​តាម​ផ្លូវ​​​ជាតិ​លេខ​​៦ ចំណុច​​​ភូមិ​​​គំរូ​​ ឃុំ​​ល្វា​ ស្រុក​​​ពួក​ ​ខេត្ត​សៀម​រាប ។

តាម​​ប្រភព​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា ​មុន​ពេ​ល​កើត​ហេតុ​​​គេ​ឃើញ​រថយន្ត​កូរ៉េ​​ ពណ៌​ផ្ទៃ​មេឃ​​​មួយ​គ្រឿង​​​ បើក​​បរ​ដោយ​​ឈ្មោះ​​​​ហីុ សឿន​​ ភេទ​​​ប្រុស​ អាយុ​​​៥៨​ឆ្នាំ ​​រស់នៅ​​ភូមិ​​​ច្រក​​​ទៀក​ ឃុំ​ត្រពាំង​​​​​ជោរ​ ស្រុក​​​ឱ​រ៉ាល់​​ ខេត្ត​កំពង់​ស្ពឺ​ ​ជា​ជាង​​​សិប្ប​កម្ម​​​​ បើក​​​រថយន្ត​មក​ដល់​ចំណុច​​​ភូ​មិ​គំរូ​​​​ ឃុំ​​ល្វា​ ស្រុក​​​ពួក​ ខេត្ត​សៀម​រាប ​បាន​​​បុក​​គោ​មួយ​ក្បាល​​ផ្លោង​​​ធ្លាក់​​​​ផ្លូវ​​បណ្តាល​​​​ឱ្យ​ងាប់​​​ ​មួយ​រំពេច​ ឯ​រថយន្ត​​​​​បាន​​រអិល​ធ្លាក់​​​​ថ្នល់​​​ ដាច់​កង់​​​មុខ​​​ម្ខា​ង​​ផ្នែក​ខាង​​​ស្តាំ​​​ តែ​មិន​​បណ្តាល​ឱ្យ​ក្រឡាប់​​​​ទេ ចំណែក​​​​មនុស្ស​​​​​១២នាក់​​​​ដែល​ជិះ​ក្នុង​​​រថយន្ត​​​​នោះ​ពុំ​​មាន​ គ្រោះ​​​ថ្នាក់​អ្វី​​​​ទាំង​អស់​ គ្រាន់​តែ​​​ភ័យ​ស្លន់​ស្លោ​​​​ភ្នែក​​កញ្ចឹង​ក​​ទាំងអស់​គ្នា​  ។

ប្រភព​​បន្ត​ថា ​​មុន​ពេល​​កើត​ហេតុ​​​គោ​មួ​​យ​ក្បាល​​​​​​​ដែល​​​​​ម្ចាស់​​ចង​​​ឱ្យ​សីុ​ ​ស្មៅ​​​ បាន​ដាច់​​​ខ្សែ​​ហើយ​​ផ្អើល​​​​រត់​​​ឡើង​​​លើ​ផ្លូវ​​​​ជាតិ​លេខ​​​៦​​ ក៏​​ត្រូវ​រថយន្ត​​បុក​​ងាប់​តែ​ម្តង។ ចំណែក​​ម្ចាស់​​គោ​ឈ្មោះ​​វ៉ែន ​វីន​ ​ភេទ​ប្រុស​ អាយុ​​២៨​ឆ្នាំ ​នៅភូមិ​​​ដូន​ទ្រ​ ឃ​ុំ​រវា​​ ស្រុក​ពួក​ ខេត្ត​សៀម​​រាប​ ​ក្រោយ​ពេល​កើត​ហេតុ​​ បាន​ចូល​​​​មក​​ដោះ​ស្រាយ​​​​ជា​មួយ​​​​ម្ចាស់​រថយន្ត​​​​ ពេល​នោះ​ខាង​​រថយន្ត​​​​ទាម​ទារ​សំណង​​​​​២០០​ដុល្លារ​​ សម្រាប់​​​ជួស​ជុល​​​រថយន្ត​​ដែល​​ត្រូវ​ក្រពឹត​​និង​ដាច់​កង់​​​ តែ​ម្ចាស់​គោ​​​​​បាន​អង្វរ​​​​សង​ត្រឹម​​​១៥០​ដុល្លារ​​​​​​ ខាង​រថយន្ត​​ក៏​យល់​ព្រម៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]