ឥណ្ឌា៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ នៅក្នុងប្រទេស ឥណ្ឌា ជុំវិញការស្លាប់ របស់ស្ត្រីម្នាក់ បន្ទាប់ពីរូបនាង ត្រូវបានមន្ត្រីប៉ូលីស ២នាក់ ព្រួតគ្នាដុតសម្លាប់ រូបនាងនៅក្នុង ប៉ុស្ត៍ប៉ូលីស ព្រោះតែ នាងបដិសេធ មិនព្រមផ្តល់ ប្រាក់ថ្លៃសំណូក ទៅពួកគេ។

យោងតាមប្រភព ព័ត៌មានបាន​ ឲ្យដឹងថា ហេតុការណ៍ដ៏ គួរឲ្យរន្ធត់ មួយនេះកើតឡើង នៅក្នុងទីក្រុង Barabanki នៃរដ្ឋ Uttar Pradesh របស់ប្រទេស ឥណ្ឌា ដោយមានស្ត្រី ម្នាក់ឈ្មោះថា Neetu Dwivedi វ័យ៤០ឆ្នាំ ជាជនរងគ្រោះ ត្រូវរងការ រលាកភ្លើង យ៉ាងធ្ងន់ធ្ងរ។

រឿងហេតុដ៏ អកុសលនេះ ផ្តើមចេញពី ស្ត្រីរងគ្រោះ បានធ្វើដំណើរ ទៅកាន់ប៉ុស្ត៍ប៉ូលីស កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ ក្នុងគោលបំណង ស្នើសុំឲ្យមាន ការដោះលែង ប្តីរបស់ខ្លួន ដែលត្រូវបាន ប៉ូលីសចាប់ឃុំខ្លួន ដើម្បីសួរចម្លើយ ទាក់ទងទៅនឹង បទឧក្រិដ្ឋមួយ នាពេលកន្លងទៅ ហើយបន្តិច ក្រោយមក ស្រាប់តែមានផ្ទុះឡើង នូវករណីដែល មន្ត្រីប៉ូលីស ចាប់ស្ត្រីម្នាក់នោះ ដុតទាំងរស់ នៅក្នុងប៉ុស្ត៍ តែម្តង។

ផ្អែកលើការ ដកស្រង់សម្តី របស់ស្ត្រីរងគ្រោះ មុនពេលដែល នាងស្លាប់ បានឲ្យដឹងថា ប៉ូលីស២នាក់ បានប្រាប់ឲ្យនាង យកប្រាក់ចំនួន ១,៥៧៨ដុល្លារ មកបង់ឲ្យ ពួកគេជាថ្នូរ នឹងការដោះលែង ប្តីរបស់នាង ហើយព្រោះតែ នាងមិនព្រម បង់ប្រាក់សំណូក ទាំងនោះ ទើបពួកគេ ចាប់បង្ខំ និងបៀតបៀន ផ្លូវភេទរបស់នាង និងក្រោយមក បានធ្វើការចាប់ ដុតនាងនៅទីនោះ ទាំងរស់តែម្តង។


ស្ថានភាពរបួស របស់ស្ត្រីរងគ្រោះ ក្រោយពីត្រូវ ប៉ូលីស២នាក់ ចាប់ដុតទាំងរស់

យ៉ាងណាមិញ មន្ត្រីប៉ូលីស ដែលរងការ ចោទប្រកាន់ ថាបានដុតសម្លាប់ នាង Neetu នោះបានឆ្លើយ បដិសេធចំពោះ ទង្វើនេះ ដោយបាននិយាយថា Neetu គឺជាអ្នកដុត សម្លាប់ខ្លួនឯង ព្រោះតែនាង ចង់ធ្វើអំពើ បូជាយញ្ញ។ ទោះយ៉ាងណាក៏ដោយ ពេលនេះលោក Akhilesh Yadav មន្ត្រីជាន់ខ្ពស់ ប្រចាំរដ្ឋ Uttar Pradesh បានបញ្ជាឲ្យ មានការឃាត់ខ្លួន ប៉ូលីស២នាក់នោះ ដើម្បីធ្វើការ ស៊ើបអង្កេត យ៉ាងហ្មត់ចត់ ជុំវិញករណី ដ៏រសើបមួយនេះ។

គួរបញ្ជាក់ផងដែរថា ស្ត្រីរងគ្រោះ Neetu Dwivedi ត្រូវរងការ រលាកភ្លើង ពេញសព្វទាំង ខ្លួនប្រាណ ស្ទើរតែ ៨០% ទៅហើយ និងបានស្លាប់ នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lucknow កាលពីព្រឹក ថ្ងៃអង្គារ ម្សិលមិញនេះ ព្រោះតែរបួស ធ្ងន់ធ្ងរពេក ហើយការស្លាប់ របស់នាងបាន បង្កឲ្យប្រជាជន ជាច្រើន សម្តែងការ កាន់ទុក្ខ និងខឹងសម្បារ ចំពោះទង្វើ ដ៏ព្រៃផ្សៃ មកលើរូបនាង៕


ក្រុមអាជ្ញាធរ និងមន្ត្រីជាន់ខ្ពស់ ជម្រុញឲ្យមាន ការស៊ើបអង្កេត ជុំវិញករណី ដ៏អកុសលមួយនេះ

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]