ភ្នំពេញ៖ មន្រ្តីជំនាញជាន់ខ្ពស់ ពន្លត់អគ្គិភ័យ បានអះអាងថា ចំពោះការលើកឡើង របស់ក្រុមប្រជាពលរដ្ឋ ដែលថា ឲ្យតែមានអគ្គិភ័យកើតឡើងពេលណា មន្រ្តីរបស់ ខ្លួនតែងតែចរចារឿងតម្លៃជាមុន ក្នុងការពន្លតភ្លើង ប៉ុន្តែការចោទប្រកាន់បែបនេះ ពុំមែនជាការពិតនោះទេ។

លោកវរសេនីយ៍ទោ នេត វន្ថា ប្រធានការិយាល័យនគរបាល ពន្លត់អគ្គិភ័យ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ថា ចំពោះការលើកឡើង របស់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់ មកលើក្រុមមន្រ្តីរបស់លោក មិនមែនទើបតែកើតមានឡើង ជាលើកទី១នោះទេ ការចោទប្រកាន់តែង បានកើតមានឡើង មកជាយូរហើយ ប៉ុន្តែការពិតមិនដូចពាក្យលើកឡើង របស់ក្រុមប្រជាពលរដ្ឋ ក៏ដូចជា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យ លេបត្របាក់នោះទេ។

ក្រុមប្រជាពលរដ្ឋ លើកឡើងបែបនេះ បន្ទាប់ពីមានករណីភ្លើង ឆាបឆេះផ្សារទួលសង្កែ ដែលបានធ្វើឲ្យតូបរបស់អាជីករ មានការខូចខាតជាច្រើន ពេលនោះមាន ម្ចាស់ផ្ទះ និងពលរដ្ឋបានស្នើ ឲ្យអ្នកពន្លត់អគ្គិភ័យជួយពន្លត់ភ្លើង ឲ្យបានទាន់ពេលវេលា ប៉ុន្តែត្រូវបានមន្រ្តីទាំងនោះ មិនព្រមបាញ់ទឹកពន្លត់ទេ ដោយត្រូវចរចាតម្លៃ ត្រូវរ៉ូវគ្នាជាមុនសិន ទើបមានការពន្លត់ភ្លើងជាក្រោយ។

លោក នេត វន្ថា បន្ថែមថា ចំពោះពាក្យសម្តីទាំងនេះ មិនពិតទាល់តែសោះ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះ បានស្នើឲ្យគាត់ ជួយពន្លត់ភ្លើង នឹងឲ្យប្រាក់១០០០ដុល្លារ ជាថ្នូរនឹងការពន្លត់ ប៉ុន្តែលោកបានប្រាប់ទៅវិញថា «ខ្ញុំថាអត់ទេបង បងឯងការពារទ្រព្យសម្បត្តិ របស់បងឯងទៅវិញទៅ កុំ យកលុយមកប្រើប្រាស់ ក្នុងពេលប្រតិបត្តិការបែបហ្នឹង។ ការធ្វើអីចឹង បានធ្វើឲ្យកម្លាំងរបស់ខ្ញុំ អសកម្មភាពតែម្តង ម្យ៉ាងទៀតធ្វើឲ្យកម្លាំង ដែលកំពុងប្រតិបត្តិការនៅ ចំណុចដែលយើងបានបែងចែក បើឃើញបែបនេះ ពួកគេនឹងរត់មករកហើយ ហើយខ្ញុំប្រាប់ទៅវិញថា បើចង់ថ្លែងអំណរគុណ ចាំពេលដែលចប់បេសកកម្មទៅ»។

លោកវរសេនីយ៍ទោ នេត វន្ថា បន្ថែមថា កាលពីថ្ងៃទី២៣ ខែកក្កដានោះ ភ្លើងឆេះនៅផ្សារទួលសង្កែ ដោយសារតែភ្លើងឆេះពីខាងមុខផ្សារ ហើយច្រកចេញចូលតូច ចង្អៀតធ្វើឲ្យមានការលំបាក ក្នុងការធ្វើដំណើរចូលទៅ ពិសេសកម្លាំងរបស់លោក បានបង្ខំចិត្តនៅពីខាងក្រោមផ្សែង ដើម្បីបាញ់ពន្លត់ឲ្យ បានទាន់ពេលវេលា។

លោកថា «យើងមិនអាចនៅចាំចរចាតម្លៃកើតទេ ហើយបើមានករណីនេះកើតឡើងមែននោះ ឡានក្រុមខ្ញុំមានលេខឡាន មានលេខទូរស័ព្ទ មានលេខអីគ្រប់បែបយ៉ាង ហើយបើសិន មានកម្លាំងធ្វើបែបនេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ពួកគាត់អាចធ្វើការឃាត់ខ្លួនបានភ្លាម ដើម្បីកុំឲ្យខូចកម្លាំង ដែលគេកំពុងតែធ្វើការងារនោះ»។

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១២នេះ មានករណីអគ្គិភ័យឆាបឆេះ កើតឡើង៤៧ករណី នៅទូទាំងរាជធានីភ្នំពេញ ហើយសម្រាប់ខែកក្កដានេះ មានអគ្គិភ័យចំនួន៣ ករណី ប៉ុន្តែទើបតែមួយករណីនេះទេ ដែលមានលក្ខណៈ ជាទ្រង់ទ្រាយធំជាងគេ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ អេង គឹមជាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]