សក់មានសារសំខាន់សម្រាប់ស្រ្តី ព្រោះវាអាចជួយលើកសម្រស់មួយភាគធំ ចំពោះស្រ្តីនៅភូមិ Huangluo នៅប្រទេសចិនវិញ សក់គឺជារបស់សំខាន់បំផុតក្នុងខ្លួនប្រាណរបស់គេ។ ភូមិ Huangluo បានទទួលចំណាត់ថ្នាក់ Guinness លេខ ១ ខាងស្រ្តីដែលមានសក់វែងជាងគេក្នុងលោក ។ ស្រ្តីនៅភូមិនោះជាមធ្យម មានសក់ប្រវែង ១ ម៉ែត ៧ ហើយសក់ដែលវែងជាងគេ មានប្រវែង ២ ម៉ែត ១ ។

សក់ពិតជារបស់សំខាន់មែនសម្រាប់ស្រ្ដីក្នុងភូមិនោះ ព្រោះថាមានតែប្ដី និង កូនទេដែលអាចមានសិទ្ធិមើលពេលនាងទម្លាក់សក់ចុះ ។ រាល់រដូវក្ដៅ និង ធ្លាក់ស្លឹកឈើ ស្រ្តីនៅភូមិ Huangluo តែងតែទៅលាងសក់ នៅតាមទន្លេ ហើយមិនអនុញ្ញាតឲ្យបុរសណា នៅក្បែរឃើញពួកគេលាសក់ចុះនោះទេ ។ បើមានបុរសណាឃើញសក់នាង បុរសនោះនឹងត្រូវអ្នកភូមិចាប់ឲ្យរៀបការជាមួយនាង ជាមិនខាន។

ស្រ្តីនៅភូមិ Huangluo អាចកាត់សក់បានតែម្ដងប៉ុណ្ណោះ ក្នុងមួយជីវិត គឺនៅអាយុ ១៦ ឆ្នាំពេលនាងចាប់ផ្ដើមរកគូស្រករ ។ សក់ដែលកាត់នោះនឹងយកមកកែច្នៃទៅជា គ្រឿងលំអដែលមានតម្លៃខ្ពស់ ហើយនៅពេលរៀបការ ខាងស្រីនឹងប្រគល់សក់ដែលកាត់ និង កែច្នៃ ជូនដល់ខាងប្រុស ដែលមានន័យដូចជាជូនជញ្ចៀនភ្ជាប់ពាក្យ។

អ្នកភូមិអាចដឹងថាស្រ្ដីម្នាក់រៀបការ ឬ នៅលីវតាមសក់របស់នាង ។ បើសក់របស់នាងរុំជិត ដោយក្រណាត់ នាងមិនទាន់មានគូទេ ហើយកំពុងរកគូ។ បើសក់ចងឡើងមិនមានការរុំបិទដោយក្រណាត់ នាងមានប្ដីហើយ ហើយពេលមានកូន នាងនិងចងសក់រាងពកនៅខាងមុខ។ ស្រ្តីនៅភូមិនេះ ប្រើសាប៊ូកក់សក់ធម្មជាតិម្យ៉ាងចេញពីទឹកបាយ ដែលអាចជួយសក់ឲ្យមានសុខភាពល្អ ទោះវាដោះវែងក៏ដោយ។

សូមបុរសៗប្រយ័ត្នពេលទៅលេងស្រុក Huangluo ។ សូមកុំទៅលួចមើលគេលាងសក់ឲ្យសោះ ប្រយ័ត្នមិនអាចមកផ្ទះវិញ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]