រតនគិរីៈ យ៉ាងហោចណាស់ មានកម្មករប្រមាណ ១០នាក់ ក្នុងនោះជនជាតិ យួន៤នាក់ បាននិងកំពុង លួចជីករ៉ែមាស ខុសច្បាប់ នៅចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមលោក ឆាយ ធី ប្រធានសមាគម អាដហុក ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ ថាមានជនជាតិយួន លួចជីករ៉ែមាសនោះ មន្ត្រីសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ បានចុះទៅរុករកកន្លែង លួចជីករ៉ែមាស ខុសច្បាប់ លុះរហូតដល់ ម៉ោង១២ថ្ងៃត្រង់ ក៏ប្រទះឃើញកម្មករ ប្រមាណ១០នាក់ និងមានម៉ាស៊ីន កិនរ៉ែមាស មួយគ្រឿង កំពុងធ្វើសកម្មភាពជាក់ស្តែង។

ភ្លាមៗនោះដែរ មន្ត្រីសមាគមអាដហុក សុំអន្តរាគមន៍ទៅ តំណាងអយ្យការ អមសាលាដំបូង ខេត្តរតនគិរី ដោយចាត់បញ្ជូន កម្លាំងនគរបាលប៉ុស្តិ៍ ឃុំល្បាំង២ ចុះដល់កន្លែង ជីករ៉ែមាសនោះ ប៉ុន្តែក្រុមកម្មករ បានរត់គេចខ្លួន តាមជ្រលងភ្នំ បាត់ទៅហើយ បន្សល់ទុកតែ ម៉ាស៊ីនកិនរ៉ែមាស មួយគ្រឿងតែប៉ុណ្ណោះ។

ប្រភពព័ត៌មានខាងលើ ប្រាប់បន្តទៀតថា ទីតាំងជីករ៉ែមាស និងម៉ាស៊ីកិនរ៉ែមាស មួយគ្រឿងនេះ ត្រូវបានស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាភរិយាលោក ម៉ម គឹមឆេង ជាមន្ត្រីនគរបាលមានឋានៈ ជាអនុប្រធាន ការិយាល័យកណ្តាល មធ្យោបាយនៃ ស្នងការនគរបាល ខេត្តរតនគិរី ថាជារបស់គាត់។

បច្ចុប្បន្នវត្ថុតាងបទល្មើស ម៉ាស៊ីនកិនរ៉ែមាស មួយគ្រឿង នាំយកមករក្សាទុក នៅស្នងការដ្ឋាន គរបាលខេត្តរតនគិរី។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅ តំបន់ខាងលើ បានសម្តែងការ មិនពេញចិត្ត ចំពោះសកម្មភាពក្រុមលួចជីករ៉ែមាសនោះ ព្រោះថាពួកគេបាន យករ៉ែមាសទៅកិន ហើយបង្ហូរទឹកកខ្វក់ និងមានសារធាតុគីមី ចូលទៅអូរធម្មជាតិ ដែលប្រជាពលរដ្ឋ ជនជាតិដើម នៅទីនោះប្រើប្រាស់ ប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះ គេសង្កេតឃើញមានរណ្តៅជីក រករ៉ែមាសជាច្រើន កន្លែងនៅតាម ជើងភ្នំ ហើយទីតាំងនេះ ទៀតសោត ត្រូវបានរាជរដ្ឋាភិបាល ប្រគល់សិទ្ធិវិនិយោគ ឲ្យក្រុមហ៊ុន អង្គរហ្គោល រួចហើយដែរ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]