ភ្នំពេញ៖ ក្រោយពីបណ្តែតខ្លួន ចូលប្រឡូកក្នុង អាជីពសិល្បៈ អស់មួយសន្ទុះធំ មកតារាសម្តែង ស្រីវ័យ២១ឆ្នាំ កញ្ញា វណ្ណ វល័ក្ខ ត្រូវបានមហាជន អ្នកគាំទ្រកត់សម្គាល់ ឃើញថា ប្រជាប្រិយភាព និងទីផ្សារសម្តែង របស់នាងហាក់ មានភាពលេចធ្លោ ខ្លាំងគួរសម ខណៈដែលតារាស្រី រួមជំនាន់ឯទៀត ពុំទាន់មានឱកាស ឈោងចាប់យក បាននូវ ទីផ្សារសម្តែង ច្រើនដូចរូបនាង ក្នុងពេលបច្ចុប្បន្ននេះ។

ទន្ទឹមនិងការលេចធ្លោ ជាមួយអាជីពសិល្បៈ សព្វថ្ងៃនេះកញ្ញា វណ្ណ វល័ក្ខ ក៏ត្រូវបានគេចាត់ទុកថា នាងគឹជាតារាស្រីរបស់ខ្មែរ មួយដួងដែលមាន រូបសម្រស់ស្រស់ស្អាត ទាក់ទាញបាននូវ ការចាប់អារម្មណ៍ ខ្លាំងពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ផងដែរ។ ពិសេសគឺក្រុម ហ្វូងកន្លង់ប្រុសៗ អ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ព្រមទាំងអ្នកមានអំណាច បុណ្យស័ក្តិតូចធំ ដែលប្រាថ្នាចង់បាន បុប្ផារូបនេះ ទៅថ្នមត្រកង ស្រូបយកក្លិន ធ្វើជាគូគាប់នាថ្ងៃអនាគត។

យ៉ាងណាមិញថ្មីៗនេះ ក៏មានព័ត៌មាន បែកធ្លាយមកថា តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ  បានកំពុងភ្ជាប់ ទំនាក់ទំនង សម្ព័ន្ធភាពស្នេហា ផ្អែមល្ហែមជាមួយ បុរសកូនថៅកែ យានដ្ឋានលក់រថយន្តមួយ កន្លែងនៅក្រុងភ្នំពេញ។ 

ប្រភពបាននិយាយ ពីមជ្ឈដ្ឋានអ្នក ខាងក្រៅសិល្បៈ បានបង្ហើបថា  វណ្ណ វល័ក្ខ សព្វថ្ងៃកំពុងតែ លេចចេញនូវសញ្ញាវិជ្ជមានស្នេហាថ្មី ជាមួយកូនប្រុស លោកថៅកែយានដ្ឋាន លក់រថយន្តមួយ កន្លែងមានទីតាំង នៅម្តុំគល់ស្ពានរង្វង់មូល ជ្រោយចង្វារ។ ខណៈដែលទំនាក់ទំនង រវាងពួកគេ ទាំងពីរបច្ចុប្បន្ន កាន់តែមាន ភាពស្និទ្ធស្នាលកើនឡើង ទ្វេដងផងនោះ។

ប្រភពដដែលបាន និយាយទៀតថា អ្នកទាំងពីរ គឺកញ្ញា វណ្ណ វល័ក្ខ នឹងបុរស វ័យជាង៣០ម្នាក់ នេះបានផ្តើមមានទំនាក់ទំនងស្នេហា ជាមួយគ្នាជិត កន្លះឆ្នាំមកហើយ។ ជាប្រចាំគេក៏ ឧស្សាហ៍ឃើញ ប្រុសម្នាក់នេះ យកឡាន សេរីទំនើបៗ មកចាំទទួលនាង ចេញទៅក្រៅញ៉ាំអាហារ ឬចូលផ្សារទំនើប ទិញសម្ភារៈប្រើប្រាស់ ជាមួយគ្នាទៀតផង ប៉ុន្តែដំបូងគេស្មាន តែជាមិត្តភក្តិស្គាល់គ្នា ដឹងអីពួកអ្នកទាំងពីរ គឺជាសង្សារ នឹងគ្នាសោះ។

ឆ្លើយតបព័ត៌មាន ខាងលើតារាសម្តែង កញ្ញា វណ្ណ វល័ក្ខ បានប្រាប់គេហទំព័រ Looking TODAY តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះថា នាងនិងបុរសម្នាក់នោះ គឺពិតជាស្គាល់គ្នា មែនហើយ រាប់អានគ្នា ដូចបងប្អូនអញ្ចឹង ព្រោះកន្លងមក បុរសម្នាក់នេះក៏ ធ្លាប់សុំនាងធ្វើជា ប្អូនស្រីធម៌ដែរ ។ ប៉ុន្តែរឿងដែលគេនិយាយថា នាងនិងបុរសម្នាក់នោះ ជាសង្សារនឹងគ្នា នោះគឺពុំមែនជា ការពិតឡើយ។

តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ យ៉ាងខ្លីទៀតថា បើឲ្យខ្ញុំនឹងគាត់ ស្រលាញ់គ្នាគឺអត់ មានទេបង ។ ខ្ញុំទទួលស្គាល់ថា ពិតជាបានស្គាល់ គាត់ជាកូនថៅកែយានដ្ឋាន មែនប៉ុន្តែគាត់ ស្រលាញ់រាប់អានខ្ញុំ ដូចជា ប្អូនតែប៉ុណ្ណោះ គឺគ្មានអ្វីលើសពីនេះទេ ម្យ៉ាងទៀតគាត់ក៏មាន សង្សាររបស់គាត់ ហើយដែរ។ ដោយឡែក រឿងគេសង្ស័យថាខ្ញុំ នឹងបុរសម្នាក់នេះ កំពុងមានទំនាក់ទំនង ស្នេហាហើយតែង ដើរទៅណាមកណា តែពីរនាក់ជាមួយគ្នានោះគឺ ពុំដែលមានទេខ្ញុំ សូមឆ្លើយបដិសេធ ជុំវិញបញ្ហានេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]