រាជធានីភ្នំពេញ​ ៖​​​​ នៅវេលាម៉ោង​៩​និង​៣០​នាទីព្រឹ​កថ្ងៃទី​២១ កក្កដា ​ប្រជាពល​រដ្ឋបាន​ផ្អើល​ឆោឡោ​​ ដោយ​សារឃើញ​ពស់ថ្លាន់មួយ​ក្បាល​លូន​ចេញ​ពីក្នុង​លូ​ទៅពួនក្នុង​ប្រអប់​ទ្វារ ​ដែក​ ​ដែលជាផ្ទះ​ចាក់សោទុក​ចោលគ្មាន​មនុស្ស​នៅ ​។ លំនៅឋាន​នោះ​លេខ​៤៧​​ស្ថិត​នៅ​​​តាម​បណ្តាយ​ផ្លូវលេខ​​៤៥​BT​ភូមិ​ត្នោត​ ជ្រុំ​៣​ សង្កាត់​​បឹង​ទំពុន ​ខណ្ឌ​មានជ័យ​ ។

ប្រភពព័ត៌មាន​ពីប្រជាពល​រដ្ឋ​​​​ឲ្យដឹងថា​ ​មុន​ដំបូង​​គេ​ឃើញ​​ពស់ថ្លាន់​ធំមួយ​ក្បាល​​​នេះ​​លូន​ចេញ​ពី​ក្នុង​លូ នៅជិតកន្លែង​កើត​ហេតុ​ ដែល​ឃើញ​បែប​នេះ​ប្រជា​ពលរដ្ឋ​នាំគ្នាស្ទាក់​បម្រុង​ចាប់​តែ​ចាប់​មិន​បាន​ ដោយសារ​ពស់ថ្លាន់​នេះ​​​លូន​​ទៅចូល​ចន្លោះ​​ប្រអប់​ទ្វារ​ដែក​ផ្ទះលេ​ខ​៤៧ ដែល​ជា​ផ្ទះ​ចាក់​សោ​​ទុក​ចោលគ្មាន​​មនុស្សនៅ​។ ពេល​​ឃើញ​​ពស់​​ថ្លាន់​លូន​​​ចូល​​ទៅ​​សម្ងំពួន​​នៅចន្លោះ​​ប្រអប់​ទ្វារ​ បែប​​នេះ​​ប្រជា​ពល​​រដ្ឋ​ក៏​បាន​​​​រាយ​​ការណ៍​ទៅ​លោក​​ចៅ​សង្កាត់​​ឲ្យ​ បានដឹង​ ​។

បន្ទាប់ពី​លោកចៅសង្កាត់​ទទួលបាន​ដំណឹង​ហើយក៏​រាយការណ៍ ​ទៅក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត សហការ​ជាមួយ​អង្គ​ការ​សម័្ពន្ធ​មិត្តសត្វ​ព្រៃ​ និងកងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​​ចុះទៅ​​ជួយ​ចាប់​ទាញ​ពស់ថ្លាន់នោះ​ ចេញពីចន្លោះ​ទ្វារ​តែ​ពស់​ថ្លាន់​មិនព្រមចេញ​ទេ​ ទាល់​តែ​ជួល​បុរស​ម្នាក់ក្នុង​តម្លៃ​១ម៉ឺនរៀល​ចូល​ទៅចាប់​ទាញចេញ​មក​ ទើប​ចាប់ពស់ថ្លាន់​នោះ​បាន​យកមក​ច្រក​ការុង​យក​ទៅដាក់​នៅសួនសត្វ​ភ្នំតាម៉ៅ ​។

បើតាម​លោក អ៊ូ វណ្ណារ៉េត ​អនុប្រធាន​ក្រុម​អន្តរា​គមន៍បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​បាន​ឲ្យ​ដឹង​ ថា​ ពស់ថ្លាន់នោះ​មានទម្ងន់​៦,៣​គីឡូ​ក្រាម​ ​ប្រវែង​២,២​ម៉ែត្រ​ បន្ទាប់ពីចាប់​បានហើយ​នឹង​យកទៅរក្សា​​ទុកនៅ​ភ្នំតា​ម៉ៅ ​ហើយ​ពេល​​​ប្រមូល​បាន​​ច្រើនទើប​យកទៅ​រក្សា​ទុក​នៅ​សួន​សត្វនៅ​ទីរួម​ ខេត្តកោះ​កុង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]