កំពត ៖ ដីមួយកន្លែងរបស់លោកតា ណុប គិន អាយុ ៧២ឆ្នាំ ត្រូវបានកូនបង្កើត ២នាក់ លួចធ្វើប្លង់ កម្មសិទ្ធិដោយមិនឱ្យឪពុក និងបងប្អូនបង្កើតរបស់ខ្លួន បានដឹងឡើយ មិនតែប៉ុណ្ណោះបានប្រើពាក្យសម្តី របៀបអសុរោះ ដេញឪពុកខ្លួនឱ្យចុះចេញពីផ្ទះទៀតផង សូម្បីតែបងប្អូនបង្កើត ក៏មិនអាចជួយ អន្តរាគមន៍បានដែរ។

បើតាមសម្តីលោកតា ណុប គិន ត្រូវជាឪពុកបានរៀបរាប់ថា រូបគាត់ជាឪពុកបង្កើតរបស់ឈ្មោះ ណុប គឹមស្រ៊ុន ដែលលួចធ្វើប្លង់ដីរបស់គាត់។ គាត់មានកូន ៤នាក់ ហើយក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រុមគ្រួសារបានមករស់នៅលើផ្ទះនេះ មានដីផ្ទះ និងដីស្រែចំនួន ៥ស្រែ កាលពីឆ្នាំ ១៩៧៩ ឈ្មោះ ណុប គឹមស្រ៊ុន មានអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ ក្រោយពីបានរៀបចំគ្រួសារហើយ បានចេញ ទៅខាងប្រពន្ធ រហូតមកដល់ឆ្នាំ១៩៩៥ ដោយក្រុមគ្រួសារគាត់មាន ការលំបាកផ្នែក ជីវភាពរស់នៅ រូបគាត់ និងប្រពន្ធបានទៅស្នាក់នៅ រកស៊ីនៅឯខេត្តព្រះសីហនុ ប៉ុន្តែមុនគាត់ឃ្លាតចេញពីផ្ទះទៅកូនៗ ឯទៀត ក៏បានបែកចេញ ទៅតាមគ្រួសារប្តីប្រពន្ធរៀងខ្លួនៗដែរ ហេតុដូច្នេះ ដោយកុំឱ្យផ្ទះគ្មានមនុស្ស នៅ និងដីស្រែគ្មានមនុស្សធ្វើ គាត់ និងប្រពន្ធបានហៅកូន និងកូនប្រសារ មករស់នៅលើផ្ទះនេះ និងថែរក្សាដីស្រែ ប៉ុន្តែមិនឱ្យរស់នៅ និងគ្រប់គ្រងរហូតនោះទេ ព្រោះនៅមានបងប្អូន និងរូបគាត់ ពីរនាក់ប្តីប្រពន្ធទៀត។

ការរស់នៅក្រុងកំពង់សោម ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០ ប្រពន្ធរបស់គាត់ឈ្មោះ គង់ អ៊ីម មានជំងឺដោយសារភាពជរា រូបគាត់ក៏បាននាំប្រពន្ធមករស់នៅឯផ្ទះ នៅស្រុកកំណើតវិញ ដើម្បីព្យាបាលជំងឺរបស់គាត់ ប៉ុន្តែជំងឺវាចេះតែរ៉ាំរ៉ៃទៅៗ រហូតដល់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០១២ ប្រពន្ធលោកតាមានសភាពជំងឺធ្ងន់ធ្ងរពេក គាត់ក៏បានដឹកប្រពន្ធយកទៅព្យាបាលនៅភ្នំពេញ តែការព្យាបាលនេះ មិនមានប្រសិទ្ធភាពនេះទេ ប្រពន្ធរបស់គាត់ក៏បានទទួលមរណភាពទៅ នៅពេលដឹកសពប្រពន្ធ ដែលត្រូវជាម្តាយរបស់ ណុប គឹមស្រ៊ុន មកដល់ផ្ទះ បែរជាកូនមិនទទួល ស្គាល់ម្តាយ ហើយហាមមិនឱ្យតម្កល់សពម្តាយនៅផ្ទះ ធ្វើបុណ្យតាមប្រពៃណីទៀតផង ថែមទាំងនិយាយដាក់គាត់ និងអ្នកស្រុកដែលមកមើលសពថា ខ្មោចស្លាប់ក្រៅផ្ទះ ជាខ្មោចព្រៃ មិនត្រូវយកចូលផ្ទះធ្វើបុណ្យទេ ពេលនៅរស់ជាម្តាយ ពេលស្លាប់ជាខ្មោច មិនមែនជាម្តាយទៀតទេ។ ពេលនោះក៏បែកធ្លាយបែករឿងប្លង់ដីតែម្តង ដោយសារឈ្មោះ ណុប គឹមស្រ៊ុន ប្រើពាក្យដេញខ្លួនគាត់ចេញ និយាយថាផ្ទះ និងដីស្រែទាំង ៥នេះ ជាកម្មសិទ្ធិរបស់កូនគាត់ គឹម ស្រ៊ុន ហើយ ដូច្នេះគាត់ និងសពប្រពន្ធគ្មានសិទ្ធិរស់នៅ និងតម្កល់សពធ្វើបុណ្យ នៅលើផ្ទះនោះទៀតទេ ប៉ុន្តែដោយសារ មានការសម្រួលពីអាជ្ញាធម៌មូលដ្ឋាន និងចាស់ទុំ អ្នកស្រុកភូមិ ក៏បានអនុញ្ញាតឱ្យតម្កល់សពម្តាយ ធ្វើបុណ្យនៅនឹងផ្ទះនេះ ដោយឡែកខ្លួនជាឪពុកដោយកូនតិរិច្ឆាន នេះនិយាយថា ក្រោយបុណ្យ សពហើយ បើចង់រស់នៅលើផ្ទះនេះទៀត ទាល់តែរកលុយឱ្យបាន ២០០០ដុល្លារ មកឱ្យគេទើប ឱ្យរស់នៅ ពីព្រោះដីផ្ទះ និងស្រែទាំង ៥នេះ ជាកម្មសិទ្ធិរបស់គេហើយ។

ដោយឃើញមានការអាណិតអាសូខ្លាំងពេក កូនស្រីគាត់ម្នាក់ឈ្មោះ ណុប គន្ធា ត្រូវជាបងស្រីបង្កើត បានរកលុយចំនួន ២០០០ដុល្លារ ប្រគល់ទៅឱ្យទើបមាន ការឯកភាព រវាងគាត់ និងកូន (ណុប គឹមស្រ៊ុន)។ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឃើញហេតុការណ៍យ៉ាងដូច្នេះ ក៏ធ្វើការសម្របសម្រួលគ្នាទៅ ប៉ុន្តែដីផ្ទះ និងដី ស្រែត្រូវកូនលួចធ្វើប្លង់យកអស់ហើយ។

អាជ្ញាធរស្រុកបានបញ្ជាក់ថា រឿងនេះវាហួសសមត្ថភាពរបស់ស្រុកហើយ ព្រោះដីនេះបានចុះបញ្ជី និងកម្មសិទ្ធរួចរាល់អស់ហើយដែរ មានតែសមត្ថកិច្ចជំនាញ សុរិយោដី ជាពិសេសតុលាការទេ ដែលវែកញែក រកដំណោះស្រាយឱ្យបាន។

សូមបញ្ជាក់ថា ដីកូនរំលោភយកនេះ ស្ថិតនៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំបត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]