ភ្នំពេញ៖ សម្រាប់ជំនួប រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះប្រចាំទ្វីបជុំទី២ ជើងទី១ នៃព្រឹត្តិការណ៍ FIFA 2018 World Cup Russia នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ នឹងមិនមាន ការចូលរួមពី ក្រុមយុវជន អាយុក្រោម ២៣ឆ្នាំកម្ពុជា ដែលទើបវិល ត្រឡប់ មកពីចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរីនោះឡើយ ដោយសារពេលវេលាខ្លីពេក ។

លោក Ohara Kazunori គ្រូបង្វឹកទើបដឹកនាំ ក្រុមឈុតធំកម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវ សិង្ហបុរី ក្នុងលទ្ធផល ៤-០ នៅលើទឹក ដីរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ បានថ្លែងឲ្យដឹងថា កីឡាករក្នុងក្រុម U-23កម្ពុជា សុទ្ធតែមានឈ្មោះ អាចចូលរួមប្រកួត ក្នុងវគ្គជម្រុះពានរង្វាន់ បាល់ទាត់ ពិភពលោកឆ្នាំនេះ ប៉ុន្ដែដោយសារពួកគេ ទើបបញ្ចប់ភារកិច្ច យ៉ាងនឿយហត់ ក្នុងការប្រកួតកីឡា SEA Games នោះ  យើងមិនអាចបង្ខំ ឲ្យពួកគេធ្វើការហ្វឹក ហាត់ភ្លាមៗ ជាមួយក្រុម ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួត ជាមួយក្រុម ជម្រើសជាតិ អាហ្គហ្គានីស្ថាននោះទេ ។

លោក Ohara Kazunori បានបន្ដថា កីឡាករ U-23កម្ពុជា ពិតជាក្រុមពិសេស ដែលទទួល បានការគាំទ្រ យ៉ាងច្រើនពីសំណាក់មហាជន និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ពិតមែន ប៉ុន្ដែសម្រាប់ការវិល មកជួយក្រុមជម្រើសជាតិ ក៏ត្រូវការពេលវេលា រៀបចំមួយចំនួន ទើបអាចចូលរួមក្នុងការប្រកួតបាន ។ ដូច្នេះរយៈពេលតែប៉ុន្មាន ថៃ្ងពួកគេ គឺមិនអាចជួយ ក្រុមជម្រើស ជាតិបានឡើយ គឺអាចរង់ចាំដល់ការ ប្រកួតក្រោយៗទៀត ទើបពួកគេមានឱកាស ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបន្ថែមថា ទោះជាយ៉ាងណាលោកជឿជាក់ លើសមត្ថភាពកូន ក្រុមរបស់ខ្លួន ដោយសារពួកគេ មានជំនឿចិត្តលើខ្លួនឯង និងបានប្រឹងប្រែងប្រកួត យ៉ាងអស់ពី សមត្ថភាពទៀតផង ។ ដូច្នេះលោកសង្ឃឹមថា សម្រាប់ជំនួប ជាមួយ ក្រុមភ្ញៀវអាហ្វហ្គានីស្ថាន នាថ្ងៃទី១៦ ខែមិថុនា នៅលើទីលានពហុកីឡដ្ឋានជាតិ នាពេល ខាងមុខនេះ កីឡាករជម្រើសជាតិកម្ពុជា នឹងធ្វើបានល្អ ប្រសើរឡើងវិញ ដើម្បីជាការតបស្នង នឹងការចំណាយពេល ដ៏មានតម្លៃរបស់អ្នកគាំទ្រ មកទស្សនាការ ប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]