រាជធានីភ្នំពេញ​​​​​​ ៖ ស្នូរ​ផ្ទុះ​កំប៉ុង​ហ្គាស​​បាន​លាន់​ឮឡើងនៅ​​​ក្នុង​ហាង​លក់​ស៊ុប​គោ​យីហោ​​ «សមុទ្រ​ខ្មៅ»​ស្ថិត​​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​​១០៥ សង្កាត់​បឹង​​ត្របែក​​ ខណ្ឌ​ចំការ​មន កាល​ពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​១៨ កក្កដា ២០១២ ​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ ​​ដែល​ចូល​ទៅ​ផឹក​ស៊ី​​​នៅ​ក្នុង​ហាង​​នេះ​ ។ ទោះ​ជា​យ៉ាង​​ណា​ការ​ផ្ទុះ​កំប៉ុង​​ហ្គាស​នេះ មិន​បណ្តាល​​ឱ្យ​មាន​មនុស្ស​​ណា​ម្នាក់​រង​របួស​​ឡើយ តែ​បាន​​ខ្ទាត​ទឹក​សៀង​ និង​ទឹក​ស៊ុប​​ប្រឡាក់​​​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ផឹក​ស៊ី​​ លើស​ពី​នេះ​ទៅ​ទៀត​ភ្ញៀវ​ដែល​​ចូល​ទៅ​ផឹក​​ស៊ី​ក្នុង​ហាងនេះ​​​ទាំង​អស់​​ នាំ​គ្នា​ផ្អើល​ ព្រោះ​នឹក​ស្មាន​​ថាជា​ស្នូរ​​ផ្ទុះ​អាវុធ។

តាម​ការ​ពិនិត្យ​ជាក់​ស្តែង​នៅ​កន្លែង​កើត​ហេតុ​ គេ​​ឃើញ​កំប៉ុង​ហ្គាស​ដែល​ផ្ទុះ​នោះ​ខ្ទាត​គូទ​​កំប៉ុង​​​ចេញ​​បាត់ ដោយ​សារ​ជា​កំប៉ុង​ចាស់​ជ្រុល​ពេក​​ ។ អ្នក​ឃើញ​ហេតុ​ការណ៍​​​លាន់​មាត់​ថា សំណាង​​ល្អ​​ហើយ​ដែល​បំណែក​​គូទ​កំប៉ុង​​ដែល​ផ្ទុះ​នោះ​ខ្ទាត​ទៅ​អត់​ត្រូវ​ មនុស្ស​​ បើ​ត្រូវ​មនុស្ស​វិញ​ប្រាកដ​ជា​មាន​អ្នក​គ្រោះ​ថ្នាក់​មិន​ខាន​ឡើយ ។ អ្វី​ដែល​​គួរ​ឱ្យ​កត់​សម្គាល់​​នោះ គឺ​គេ​​សង្កេត​ឃើញ​​ម្ចាស់​ហាង​មាន​ចរិត​ព្រងើយ​កន្តើយ​មិន​សុំ​ទោស​​ភ្ញៀវ​ ដែល​ទៅ​ផឹក​ស៊ី​នោះ​ទេ ទោះបី​​មាន​ឧប្បត្តិ​ហេតុ​បែប​នេះ​​កើត​ឡើង​​ក៏​ដោយ​ ។

​ចំពោះ​កំប៉ុង​​ហ្គាស​ចាស់ៗនេះ​ គឺ​តែង​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​​ញឹក​ញាប់​ណាស់ ដូច្នេះ​គួរ​តែ​ក្រុមហ៊ុន​កំប៉ុង​ហ្គាស​ធ្វើ​​ការ​ណែ​នាំ​ដល់​អ្នក​ប្រើ​ ប្រាស់​ហ្គាស​ឱ្យ​ដូរ​​កំប៉ុង​ចាស់​ចោល​ហើយ​ជំនួស​មក​វិញ​នូវ​កំប៉ុង​​ថ្មី ដើម្បី​កុំ​ឱ្យ​​មាន​គ្រោះ​ថ្នាក់ជា​យថា​ហេតុ​ ។ ​ករណី​ខ្លះ​អាច​បង្ក​ជា​គ្រោះ​អគ្គិ​ភ័យថែម​​ទៀត​ ដោយ​សារ​ការ​ផ្ទុះ​​កំប៉ុង​ហ្គាស​ចាស់ៗ​នេះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]